ដោយ: សុផល / ភ្នំពេញ: អ្នកជំនាញនិងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ បានជួបប្រជុំគ្នា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅ ទីស្ដីការក្រសួងសាធារណការ ដើម្បីពិភាក្សាគ្នា ពីការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅសៀមរាប នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីបើកការដ្ឋានរបស់អនុគណៈ កម្មការ និងគណៈកម្មការទទួលបន្ទុកនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានការសាទរពីគ្រប់ភាគីចូលរួមទាំងអស់។
ក្នុងជំនួបប្រជុំនេះ លោករដ្ឋលេខាធិការ ពានបានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ក៏ដូចជាមន្ត្រីបច្ចេកទេសយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានស្អិតរមួតជាមួយស្ថាប័នពាក់ព័ន្ធដើម្បីឱ្យការរៀបចំពិធីបើកការដ្ឋានទទួលបានលទ្ធ ផលល្អតាមការគ្រោងទុក៕ ល