ដោយ: ពៅនិមល/ភ្នំពេញ: ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិតដែលខិតខំប្រឹងប្រែងផលិតបាននូវផលិតផលដែលឆ្លើយតបទីផ្សារ អ្នកបណ្តុះបណ្តាលជំនាញនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានស្នើរដល់អ្នកមានតម្រូវការទូរបាញ់ទឹកអាល់កុល ឱ្យជួយគាំទ្រផលិត ផលដែលផលិតចេញពីស្នាដៃសិស្សដោយធានាទាំងគុណភាព និងតម្លៃ។
ក្នុងកិច្ចសម្ភាសន៍ជាមួយរស្មីកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ លោក នាង ទីណូ អនុប្រធានតេប៉ាតឺម៉ង់លោហៈបន្ទះបន្សាប នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានប្រាប់ឱ្យដឹងថា ផលិតផលទូរបាញ់អាល់កុលស្វ័យប្រវត្តិនេះ តម្លើងដោយស្នាដៃសិស្សនិស្សិត ដែលការឆ្លងកាត់យ៉ាងត្រឹមត្រូវពីការបណ្តុះបណ្តាលរបស់គ្រូជំនាញច្បាស់លាស់។ លោកបន្តថា ផលិតផលនេះធ្វើឡើងអាចប្រើប្រាស់បានគ្រប់តម្រូវការ មិនថាតែបាញ់សម្លាប់មេរោគកូវីដ-១៩ទេ។
លោកឱ្យដឹងទៀតថា គិតមកដល់ពេលនេះ ទូរបាញ់ទឹកអាល់កុល ដែលជាផលិតចេញពីស្នាដៃសិស្ស មានការកម្ម៉ង់ជាបន្តបន្ទាប់ និងលក់ដាច់ជាង១០គ្រឿងហើយ ដោយទូរមួយគ្រឿងមានតម្លៃ ១លាន ២សែនរៀល ឬស្មើនឹង ៣០០ដុល្លារអាមេរិក។
លោក ទីណូ បានអំពាវនាវបន្ថែមទៅដល់យុវជន និងអ្នកមានបំណងចង់សិក្សាលើមុខជំនាញផ្សេងៗក្នុងវិទ្យាស្ថាន ជាពិសេសជំនាញផ្នែកផ្សារអគ្គិសនី និងលោហៈធាតុ អាចទំនាក់ទំនងបាន ព្រោះសាលានេះមានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ពីគ្រូជំនាញ ហើយស្ថិតនៅក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគិតគូរខ្ពស់លើការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព៕