Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ ក...

ប្រជាពលរដ្ឋ ក្នុង​រមណីយដ្ឋាន​អង្គរ រៀបរាប់​ពី​និតិ​វិធី​ស្នើសុំ ការសាងសង់​ផ្ទះ​ថ្មី ជំនួស​ផ្ទះ​ចាស់​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ការសាងសង់​លំនៅដ្ឋាន នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវតែ​ប្រព្រឹត្តិ​ទៅ តាម​លក្ខខណ្ឌ ដែល​បាន​កំណត់ដោយ​ច្បាប់ ដែល​គ្រប់គ្រង​ដោយ អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក្សាបាន​នូវ ទេសភាព​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ បុរាណ​ដ្ឋា​ន ត្រូវការពារ និង​ចៀសវាង​ការបំផ្លាញ​ផ្សេងៗ នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។ តើ​ប្រជាពលរដ្ឋ ក្នុង​តំបន់​អង្គរ ត្រូវមាន​ឯកសារ​អ្វីខ្លះ ដើម្បី​ស្នើសុំ​សាង​ផ្ទះ​ថ្មី ជំនួស​ផ្ទះ​ចាស់​បាន​? ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា នេះ​។​

​ប្រភព​ដដែល បានលើកឡើង តាម​ការរៀប​រាប់រប​ស់លោ​កតា កែវ ផៃ ប្រជាពលរដ្ឋ នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ទើប​សង់ផ្ទះ​រួច បាន​មានប្រសាសន៍ថាៈ ” ខ្ញុំ​ស្នើសុំ​ច្បាប់​សាងសង់​ផ្ទះ មិនមាន​ការលំបាក​ទេ ត្រឹម ១​ខែ គេ​ចេញ​ច្បាប់​ឱ្យធ្វើ ព្រោះ​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ ដែល​អាជ្ញាធរ​ជាតិ​អប្សរា បានកំណត់​ដូចជា ខ្ញុំ​ជា​អ្នកស្រុក​ចាស់ រស់នៅ​តាំងពី​ឆ្នាំ​១៩៨០ ជាង មាន​ខ្នង​ផ្ទះ​ចាស់ មាន​ឯកសារ​កាន់កាប់​ដីធ្លី​ស្របច្បាប់ មាន​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ មុន​និង​ក្រោយ​អនុញ្ញាត​ច្បាប់​សាងសង់ អាជ្ញាធរ​ជាតិ​អប្សរា តែង​ចុះមក​ពិនិត្យ ថតរូប ក៏ដូចជា ប្រឹក្សា​យោបល់​ផ្សេងៗ ។ ពេល​បាន​សាងសង់​ហើយ សូម​ប្រជាពលរដ្ឋ កុំ​ធ្វើ​ហួស​ពី​ការស្នើសុំ ឬក៏​លួច​ធ្វើ ដោយ​គ្មាន​ការអនុញ្ញាត​។​

​ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​អូរទទឹង​ដែរ លោក សួង ដា​នី បានលើកឡើង​ថាៈ ” ខ្ញុំ​បាន​សុំច្បាប់​សាងសង់ តាមរយៈ​មេភូមិ ហើយ​មិនមាន​ជួប ការលំបាក​អី​ទេ ព្រោះ​ខ្ញុំ​ភ្ជាប់​ជាមួយ​ឯកសារ ដែល​គេ​ត្រូវការ​ត្រឹមត្រូវ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សម្របសម្រួល គូស​ប្លង់​បច្ចេកទេស និង​រចនាបទ​ផ្ទះ បែប​ខ្មែរ ឱ្យ​ខ្ញុំ​ទៀតផង​។ ចំពោះ​ការដាក់​ពាក្យស្នើសុំ​វិញ ក៏​ពុំមាន​ការបង់ប្រាក់​ដែរ ហើយ​ខ្ញុំ​ក៏​គោរព​ទៅតាម ការស្នើសុំ​ទាំង​ម៉ូត​ផ្ទះ ទំហំ របង មិនឱ្យ​ស​ពី​ច្បាប់​សុំ​។ លោក ដា​នី ក៏បាន​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ នៅក្នុង​ឧទ្យាន​អង្គរ​ទាំងអស់ មុន​ធ្វើ​ផ្ទះ ធ្វើ​សំណង់​អ្វីមួយ ត្រូវគោរព​តាមច្បាប់ ត្រូវមាន​ឯកសារ​គ្រប់គ្រាន់ និង​ស្របតាម​លក្ខខណ្ឌ កំណត់​នោះ មិនមាន​ផល​លំបាក ក្នុងការ​ស្នើសុំ​សាងសង់​ទេ ហើយ​ចៀសវាង ការ​លួច​ធ្វើតាម​ចិត្ត​ឯង ដែលនាំឱ្យ​ប៉ះពាល់ ដល់​តម្លៃ​រមណីយដ្ឋាន​អង្គរ និង​ផលប្រយោជន៍​ខ្លួន​។​

​លោក ខៀវ វិចិត្រ មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន ក្នុង​តំបន់​អង្គរ បានបញ្ជាក់​ថាៈ បើ​ប្រជាពលរដ្ឋ មានបំណង ចង់​ដាក់ពាក្យ ស្នើសុំ​សាងសង់​លំនៅដ្ឋាន ជួសជុល​តូចតាច និង​សំណើ​ផ្សេងៗ អាចមក​ដាក់ពាក្យ នៅ​ច្រកចេញចូល ទាំង​៦ របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​មន្ត្រី បុគ្គលិក ប្រចាំការ​នៅ​ទីនោះ ចាំ​ប្រឹក្សា​យោបល់ អំពី​ឯកសារ​ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ ដូចជា លិខិត​កាន់កាប់​ដីធ្លី​ស្របច្បាប់ សៀវភៅ​គ្រួសារ សំបុត្រកំណើត ប្លង់ដី និង​អត្តសញ្ញាណប័ណ្ណ​។ ពេល​បាន​លិខិតអនុញ្ញាត ក្រុមការងារ នឹង​ចុះមក​ពិនិត្យ​ទីតាំង​ផ្ទាល់ រួមទាំង​តាមដាន​សកម្មភាព សាងសង់​ថា ត្រឹមត្រូវ ឬ​ខុសពី​លក្ខខណ្ឌ ដែល​បាន​ស្នើសុំ​។ ករណី​ប្រជាពលរដ្ឋ ដែល​គោរព​តាម​គោលការណ៍ ក្នុងការ​ស្នើសុំ អាជ្ញាធរ​ជាតិ​អប្សរា នឹងមាន​លិខិត​សរសើរ ដល់​ពួកគាត់ បាន​ចូលរួម​លើកស្ទួយ តម្លៃ​តំបន់​អង្គរ ហើយ​រាល់​ការដាក់​ពាក្យស្នើសុំ គឺ​ពុំមាន​បង់​ថវិកា​ឡើយ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular