Home ព័ត៌មានជាតិ សង្គម កម្មវិធី «​រត...

កម្មវិធី «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ទទួលបាន​ការបរិច្ចាគ​ជាង ៤០​ម៉ឺន​ដុល្លារ​អាមេរិក​

ដោយ​: សុផល / ភ្នំពេញ​: គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​នោះ ទទួលបាន​ថវិកា​ពី​សប្បុរសជន ជាង ៤០​ម៉ឺន​ដុល្លារ​អាមេរិក​។

​ដោយ​ចេញដំណើរ​ពី​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក សាយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​រត់​មកដល់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ដែល​នៅ​ទីនោះ​មានការ​រៀបចំ​ពិធី​ស្វាគមន៍​សាយ យ៉ាង​អធិកអធម​។ ការរត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ក៏បាន​បង្កើត​យុទ្ធនាកា​រ «​តោះ​លេង​ហ្គេម #១ ដុល្លារ សម្រាប់​កុមារ​កម្ពុជា​» ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ យុទ្ធនាការ​នេះ បានក្លាយ​ទៅជា​ចលនា​យ៉ាង​ផុសផុល​នៅក្នុង​បណ្តាញ​សង្គម facebook ដើម្បី​ជំរុញ និង​បំផុសស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ចំនួន​ទឹកប្រាក់ ១​ដុល្លារ​បរិច្ចាគ​មកកាន់ មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​បន្តដំណើរ​ការប្រតិបត្តិ​ក្នុង​ការផ្តល់សេវា​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា ត​ទៅមុខទៀត ខណៈពេលដែល​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុងតែ​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​មូលនិធិ​សប្បុរសជន ទាំង​ក្នុង​និង​ទាំង​ក្រៅប្រទេស​។

​លោក អ៊ួ​ន បឋម ហៅ សាយ អាយុ​៣០​ឆ្នាំ ជា​សិល្បករ បានចាប់ផ្ដើម​រត់​ក្នុង​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដោយ​ចេញពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​។ លោក សាយ គ្រោង បន្តដំណើរ​កាត់​តាម​ខេត្តព្រះវិហារ និង​បន្ត​រហូតដល់​ខេត្តព្រៃវែង​រហូតដល់​គោលដៅ​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង​ការរត់​សប្បុរសធម៌ ជុំវិញ​ប្រទេស​នេះ ធ្វើឡើង​រយៈពេល ៩៩​ថ្ងៃ គឺ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមករា ដែលមាន​រយៈ​ចម្ងាយ​ជាង ២​ពាន់​គីឡូម៉ែត្រ​។​

​ក្នុង​មួយថ្ងៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​១៩៩៩ មក​ទទួល​ការព្យាបាល និង​ថែ​កុមារ​កម្ពុជា ពី ៤០០ ទៅ ៥០០​នាក់​។ ក្នុង​ឆ្នាំ​២០២០ ការប្រតិបត្តិ​ការ​រប​ស់​មន្ទីរពេទ្យ​ជួប​បញ្ហា​ធំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ការ​រៃអង្គាស​ថវិកា ទាំង​ក្នុង​និង​ក្រៅប្រទេស សម្រាប់​ទ្រទ្រង់​ការចំណាយ​ជាប្រចាំ​ឆ្នាំ ធ្លាក់ចុះ​ជាខ្លាំង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular