ដោយ: សរិទ្ធ / ភ្នំពេញ: យុវជនម្នាក់ ជាតៃកុងរថយន្ត អាប៊ុលកាយដី បានធ្វើអត្តឃាត ដោយចងក នៅក្នុងសំណង់ការដ្ឋាន ផ្ទះល្វែងមួយកន្លែង កាលពីម៉ោង ៦និង ៣០ នាទី ព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
អត្តឃាតជន ឈ្មោះ លីម សុភ័ក្ក្រ អាយុជាង ២០ ឆ្នាំ មុខរបរ បើកអាប៊ុលកាយដី មានស្រុកកំណើត នៅភូមិមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។
មិត្តភក្តិរបស់អត្តឃាតជន បានបញ្ជាក់ថាៈ យុវជននេះ ទើបតែមកធ្វើការបាន កន្លះខែទេ ហើយកាលពីយប់មិញ គាត់ និងយុវជននេះ បានហូបបាយ និងជជែកគ្នាលេងធម្មតា ហើយក៏ចូលសម្រាក រៀងៗខ្លួន។ លុះដល់ព្រឹកឡើង ប្រហែលជាម៉ោង ៦និង ៣០នាទីព្រឹក ស្រាប់តែគាត់ បានបើកទ្វារ ទៅឃើញយុវជននោះ ចង ក នៅលើផ្ទះបុរី ដែលគេធ្វើចោល មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ហើយគាត់ ក៏បានទៅប្រាប់សមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចក៏ទំនាក់ទំនង ទៅខាងនគរបាលជំនាញ ពិនិត្យ និងធ្វើកោសល្យវិច័យ ។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាៈ យុវជននេះ បានស្លាប់ ដោយសារតែចង ក ពិតមែន រួចក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕/V