Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាល​រាជធាន...

អភិបាល​រាជធានី​សរសើរ​និង​អរគុណ​ភ្នាក់ងារ​ចៃ​កា​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(​ចៃ​កា​)​មិន​ត្រឹមតែ​ជួយ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រពន្ធ​លូបង្ហូរទឹក​ដែល​កាត់បន្ថយ​បាន​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ​តែ​ចៃ​ការ​នៅបាន​កសាង​នៅ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ឲ្យ​ក្លាយជា​ទឹកស្អាត​មុននឹង​បង្ហូរទឹក​ចូលទៅក្នុង​ទន្លេ​ថែមទៀត​។​

រូបថតៈលោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ទទួល​ការសម្ដែង​ការគួរសម​ពី​លោក ស៊ូ​ហ្កា​ណូ យូ​អ៊ិ​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អាណត្តិ​និង​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​ចៃ​កា​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី ២៣​វិច្ឆិកា​នេះ

​ខាងលើនេះ​ជាការ​បញ្ជាក់​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងពេលដែល​លោក​ទទួល​ការសម្ដែង​ការគួរសម​ពី​លោក ស៊ូ​ហ្កា​ណូ យូ​អ៊ិ​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អាណត្តិ​និង​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​ចៃ​កា​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី ២៣​វិច្ឆិកា​នេះ ។​

​លោក ឃួ​ង ស្រេង​បាន​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​លោក​តំណាង​ភ្នាក់ងារ​ចៃ​កា​ដែល​ចប់​អាណត្តិ​ដែល​បាន​ជួយ​ដល់​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​។ ជាក់ស្តែង​ដូចជា​ការកសាង​នូវ​ប្រព័ន្ធ​បង្ហូរទឹក ការផ្ដល់​រថយន្តក្រុង​សាធារណៈ​ការបំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ជាមួយនឹង​ការផ្ដល់​នូវ​បច្ចេកទេស​ផ្សេងៗ​ទៀត ។ មកដល់ពេលនេះ ចៃ​កា​បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​ហើយ​។​ក្នុង​គម្រោង​ជំហាន​ទី​៤​នេះ jica​បាននិងកំពុង​ធ្វើ​សកម្មភាព​ដាក់លូ​បង្ហូរទឹក​ខ្នាត​ធំ​នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ ។​
​លោក​អភិបាល​សង្ឃឹមថា​គម្រោង​ទាំងពីរ​នេះ​នឹង​កាត់បន្ថយ​បាន​យ៉ាង​ធំ​លើ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខណ្ឌ​ទាំងពីរ​នេះ​។ ជាក់ស្តែង ក្នុង​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៣ ដែល​អង្គការ​ចៃ​កា​បាន​ធ្វើឡើង​នៅក្នុង​ខណ្ឌ​៧​មករា ឃើញថា​គម្រោង​នេះ​ទទួលបាន​ជោគជ័យ ដោយ​កាត់បន្ថយ​បាន​នូវ​ការលិចលង់​យ៉ាង​ធំ​នៅ​ខណ្ឌ​៧​មករា​។ ជាងនេះទៀត ចៃ​កា បាន​កសាង​អាង​ប្រតិកម្ម​ទឹក​កខ្វក់ មុន​បង្ហូរ​ចូលទៅក្នុង​ទន្លេ​ថែមទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកណ្ដាល មិន​ទទួលរង​នូវ​ប៉ះពាល់​ដោយ​ទឹក​កខ្វក់​នេះ​។​

រូបថតៈលោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ទទួល​ការសម្ដែង​ការគួរសម​ពី​លោក ស៊ូ​ហ្កា​ណូ យូ​អ៊ិ​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អាណត្តិ​និង​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​ចៃ​កា​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី ២៣​វិច្ឆិកា​នេះ

លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​សហការ​ជាមួយ​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​គ្រប់ពេលវេលា​។ លោក​សង្ឃឹមថា កិច្ចប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ចៃ​កា នឹង​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​។​

លោក ស៊ូ​ហ្កា​ណូ យូ​អ៊ិ​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​ចៃ​កា​ដែល​ចប់​អាណត្តិ​បានបញ្ជាក់​ថា​ជា​ទិសដៅ​របស់ ចៃ​កា នឹង​ផ្ដល់​បច្ចេកទេស​ទៅលើ​ការគ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ការគ្រប់គ្រង​ប្រព័ន្ធ​លូបង្ហូរទឹក គម្រោង​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​រាជធានី​ភ្នំពេញ​ការរៀបចំ​នគរ​រូបនីយកម្ម​ដែនដី ប្រព័ន្ធ​ដឹកជញ្ជូន​ជាដើម​។ ទោះបី​លោក​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ក៏ពិតមែន តែ​លោក​នៅតែ​បន្ត​ជួយ​រាជធានី​ភ្នំពេញ បន្ថែមទៀត តាមរយៈ​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​៕​

រូបថតៈលោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ទទួល​ការសម្ដែង​ការគួរសម​ពី​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​ចៃ​កា​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី ២៣​វិច្ឆិកា​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular