ដោយៈ ម៉េងឆៃ/ ភ្នំពេញៈ ទិវាអនាម័យបរិស្ថានជាតិ ថ្ងៃ២៣វិច្ឆិកា និងពិធីបុណ្យទន្លេសាប រដូវទឹកសម្រក ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ “អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ”។ ពិធីជួបជុំនេះ បានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នៅឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាបដោយមានប្រជាពលរដ្ឋចូលរួមកម្មវិធីនិងធ្វើសកម្មភាពសម្អាតតាមមុខផ្ទះរៀងៗខ្លួន។
រូបថតៈសូមថែទន្លេ ឲ្យដូចជាថែជីវិត និងឆ្នាំងបាយយើងដែរ!
ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រក ត្រូវក្រសួងបរិស្ថាន រួមទាំងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរខេត្តជាប់បឹងទន្លេសាប ប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីបំផុសចលនាឲ្យពលរដ្ឋបញ្ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឲ្យបឹងទន្លេសាបទទួលរងនូវការបំពុលដោយសំរាម ជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។
ការប្រារព្ធកម្មវិធីនេះ ក៏ជាការចាប់ផ្តើមបើកយុទ្ធនាការប្រមូលយកសំរាមប្លាស្ទិកនារដូវទឹកសម្រកបឹងទន្លេសាប ឆ្នាំ២០២០ ដែលនឹងមានប្រជាសហគមន៍ ចូលរួមជិត ៥ពាន់នាក់ នៅតាមសហគមន៍ចំនួនប្រាំ ជាប់បឹងទន្លេសាប និងដងស្ទឹងសៀមរាប ផ្នែកខាងក្រោម។ សកម្មភាពប្រមូលយកសំរាមប្លាស្ទិកចេញពីបឹងទន្លេសាបនេះ មានរយៈពេល ៤ថ្ងៃ ដោយនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ។
ក្រសួងបរិស្ថាន បានប្រកាសថា សំណល់ប្លាស្ទិកជាង ៤.០០០ការ៉ុង ទម្ងន់ប្រមាណជិត ២០០តោន ត្រូវបានប្រមូលចេញពីទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីឆ្នាំ២០១៩ កន្លងទៅ ហើយនៅឆ្នាំ២០២០នេះ សំណល់ប្លាស្ទិក ប្រមាណជាង ៥.០០០ថង់ ស្មើប្រមាណជិត ២៥០ តោន ត្រូវបានប្រមូលយកទៅកែច្នៃ ធ្វើជាឥដ្ឋបរិស្ថាន។
រូបថតៈសូមថែទន្លេ ឲ្យដូចជាថែជីវិត និងឆ្នាំងបាយយើងដែរ!
ក្រសួងបរិស្ថាន ក៏បានបង្ហាញថា ក្នុងមួយឆ្នាំៗ កម្ពុជា បានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ ៦៥ភាគរយ ជាសំណល់សិររីរាង្គ ប្រមាណ ២០ភាគរយ ជាសំណល់ប្លាស្ទិក ហើយនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១ភាគគរយ ប៉ុណ្ណោដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះ ត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀត ត្រូវបានដុតចោល ជាដើម។
ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាសហគមន៍ ពិសេសអ្នករស់នៅលើបឹងទន្លេសាប ទាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀត រួមមាន កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង សូមចូលរួមសម្អាតបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សំដៅទប់ស្កាត់ការបំពុលប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ នៅបឹងទន្លេសាប។
បឹងទន្លេសាប ដែលពិភពលោក ទទួលស្គាល់ថា សម្បូរត្រីច្រើនជាងគេ និងមានប្រព័ន្ធអេកូឡូស៊ី ដែលចាំបាច់ ត្រូវតែទប់ស្កាត់ កុំឲ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឲ្យបានល្អ សោភ័ណភាពស្រស់ស្អាត និងអាចទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនផងដែរ។
ដំបូង គេគួរតែលុបបំបាត់សហគមន៍ អ្នករស់នៅលើទឹក ក្នុងទន្លេ មិនថា នៅបឹងទន្លេសាបទេ នៅតាមដងទន្លេមេគង្គ ក៏ត្រូវលែងឲ្យមានអ្នករស់នៅលើបែត្រី ផ្ទះទឹកបណ្តែតក្បូន។ នោះជាកត្តាចម្បង ក្នុងការកាត់បន្ថយកាកសំណល់ សំរាម និងថង់ប្លាស្ទិក ក្នុងទឹក។
ចំណុចមួយទៀត អ្នករស់នៅជាប់ដងទន្លេ ក៏ត្រូវចូលរួម តាមរយៈការមិនបោះចោលសំរាម កាកសំណល់ ទាំងរឹង និងទាំងរាវ ចូលក្នុងទឹកទន្លេឡើយ។ គេត្រូវមានធុងសំរាម និងកន្លែងទុកដាក់សំរាម កាកសំណល់ ពិសេសថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវ នៅលើគោក កន្លែងសមគួរណាមួយ ដែលអាចឲ្យអ្នកប្រមូលសំរាម ដឹកជញ្ជូនកាកសំណល់ទាំងនោះ យកទៅបោះចោលនៅទីលានចាក់សំរាម។
កន្លងមក មានអ្នកយកសំរាម កាកសំណល់ បោះចោលចូលក្នុងទន្លេ ក៏ត្រូវតែបញ្ឈប់សកម្មភាពខុសឆ្គងនេះ ហើយចូលរួមថែរក្សាទន្លេរបស់យើងឡើងវិញ។
រូបថតៈសូមថែទន្លេ ឲ្យដូចជាថែជីវិត និងឆ្នាំងបាយយើងដែរ!
ប្រជាសហគមន៍ ពិសេសអាជ្ញាធរភូមិឃុំ ដើរតួនាទីសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយកាកសំណល់ សំរាម ពិសេសប្លាស្ទិក ដែលមានប្រអប់ជ័រ កែវជ័រ ដបទឹកសុទ្ធ និងថង់ប្លាស្ទិក មិនឲ្យចូលក្នុងទន្លេ។ នោះគឺប្រជាសហគមន៍ ត្រូវចូលរួម ដោយត្រឹមតែកុំបោះចោលកាកសំណល់ សំរាម ចូលក្នុងទន្លេ បើថា មិនបានចូលរួមជួយស្រង់យកសំរាម កាកសំណល់ទាំងនោះ ចេញពីទន្លេទេ។ រីឯអាជ្ញាធរភូមិឃុំសង្កាត់ នៅមូលដ្ឋាន សូមចូលរួមអប់រំ ផ្សព្វផ្សាយ ត្រួតពិនិត្យ ហើយទប់ស្កាត់ ដោយណែនាំម្តងជាពីរដងដល់អ្នកដែលបោះចោលសំរាម កាកសំណល់ ទៅក្នុងទន្លេ។ បើនៅតែមិនស្តាប់ អាជ្ញាធរភូមិឃុំសង្កាត់ ចងក្រងរបាយការណ៍ បញ្ជូនទៅថ្នាក់លើ ដែលមានសមត្ថកិច្ច ដើម្បីចាត់វិធានការជនល្មើសនោះ តាមច្បាប់។
ម្យ៉ាងទៀត ទាំងក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរភូមិឃុំសង្កាត់ នៅមូលដ្ឋាន ត្រូវតែបង្កើតទីលានចាក់សំរាម ឬក៏មានម៉ាស៊ីនដុតសំរាមតាមក្បួនបច្ចេកទេស ដូចដែលក្រសួងបរិស្ថាន បានអនុវត្តកន្លងមក ឲ្យបាននៅតាមមូលដ្ឋានទូទាំងប្រទេស យ៉ាងណាស់ ១កន្លែង ឬក៏មានម៉ាស៊ីននោះ ១ ក្នុង ១ភូមិ ព្រោះថា សព្វថ្ងៃ វិបត្តិសំរាម បានកើតឡើងដល់ភូមិឃុំ មិនថា នៅទីក្រុង ទីប្រជុំជន និងនៅតាមទីជនបទនោះឡើយ។
នៅតាមមូលដ្ឋាន ក៏គួរតែអាជ្ញាធរ រៀបចំឲ្យមានសេវាប្រមូល និងដឹកជញ្ជូនសំរាម ហើយតម្រូវឲ្យប្រជាពលរដ្ឋ បង់ថ្លៃសំរាម ដើម្បីឲ្យស្រុកភូមិយើង មិនមានសំរាម កាកសំណល់ ប្លាស្ទិក នៅពាសវាលពាសកាលតទៅទៀត៕
រូបថតៈសូមថែទន្លេ ឲ្យដូចជាថែជីវិត និងឆ្នាំងបាយយើងដែរ!
រូបថតៈសូមថែទន្លេ ឲ្យដូចជាថែជីវិត និងឆ្នាំងបាយយើងដែរ!
រូបថតៈសូមថែទន្លេ ឲ្យដូចជាថែជីវិត និងឆ្នាំងបាយយើងដែរ!
រូបថតៈសូមថែទន្លេ ឲ្យដូចជាថែជីវិត និងឆ្នាំងបាយយើងដែរ!