ដោយ:ដេប៉ូ / ភ្នំពេញ: អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានកោតសសើរថា កម្ពុជាពិតជាសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវីដ-១៩។
បញ្ជាក់ក្នុងជំនួបនាថ្ងៃទី២៣ ខែវិច្ឆិកានៅទីស្តីការក្រសួងសង្គមកិច្ចជាមួយ លោក Nick Boresford ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ភាពជោគជ័យរបស់កម្ពុជា ដែលអង្គការយូអិនឌីភី មើលឃើញនោះ គឺជោគជ័យទាំងផ្នែកសុខាភិបាល និងជោគជ័យផ្នែកសង្គមសេដ្ឋកិច្ចផងដែរ។
ជុំវិញការបង្ហាញការកោតសរសើរកម្ពុជានេះដែរ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក៏បានថ្លែងអំណរគុណដល់ប្រធានយូអិនឌីភីដែលបានមើលឃើញ ពីកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាទាក់ទងជំងឺកូវីដ-១៩។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រី វង សូត ក៏បានថ្លែងអំណរគុណដល់អង្គការ UNDP ចំពោះកិច្ចសហការជាមួយក្រសួងសង្គមកិច្ច ក្នុងកិច្ចការងារគាំពារសង្គម។ សម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ដែលបានជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាច្រើន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តរហូតដល់ដំណាច់ឆ្នាំ២០២០នេះ។
ចំណែកលោក Nick Boresford បានឲ្យដឹងថា សម្រាប់បញ្ហាជំងឺកូវីដ១៩ នេះ បានបង្ហាញពីសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាយ៉ាងខ្លាំងក្លា ក្នុងការដោះស្រាយ ទប់ស្កាត់ការចម្លង និងការគាំពារដល់ប្រជាជនដែលរងការប៉ះពាល់ពីបញ្ហាជំងឺនេះ។លោកបានបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលកំពុងតែអនុវត្តនេះ ពិតជាមានសារសំខាន់ជាខ្លាំង ព្រោះវាមិនមែនគ្រាន់តែជាកម្មវិធីផ្ដល់ថវិការប៉ុណ្ណោះទេ វាជាកម្មវិធីវិនិយោគដែលមានគុណតម្លៃជាខ្លាំង វិនិយោគទៅលើគ្រួសារក្រីក្រ ក្នុងការកសាងជីវភាព ធ្វើឱ្យស្ថានភាពគ្រួសារមានភាពប្រសើរឡើង៕