Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋបាល​ខេត្ត...

រដ្ឋបាល​ខេត្តកោះកុង និង​ក្រុង​វៃ​ណាន ប្រជុំ​ពង្រឹង​ទំនាក់ទំនង និង​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​ទ្វេភាគី​

ដោយៈ ទេព មង្គល / ភ្នំពេញៈ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាល ខេត្តកោះកុង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ វីដេអូ ខន​ហ្វើ​រែ​ន (Video Conference) រវាង​ខេត្តកោះកុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុង​វៃ​ណាន ខេត្ត​សាន​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចុះហត្ថលេខា លើ​ខ្លឹមសារ​ព្រៀង​កំណត់ហេតុ ស្ដីពី​ការអភិវឌ្ឍ ទំនាក់ទំនង​ទីក្រុង ជា​បងប្អូន រវាង​ខេត្តកោះកុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុង​វៃ​ណាន ខេត្ត​សាន​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​ពិភាក្សា ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន​។ នេះ​បើតាម​ប្រភពព័ត៌មាន​ពី រដ្ឋបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា នេះ​។​

​រដ្ឋបាល​ខេត្តកោះកុង បានបញ្ជាក់​ថាៈ វិស័យ​សំខាន់ៗ​មួយចំនួន​នោះ រួមមានៈ​
១. វិស័យ​ទេសចរណ៍ៈ ភាគី​ទាំងពីរ គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុងការ​រៀបចំ ផ្សព្វផ្សាយ​ជា​សាធារណៈ ស្ដីពី​វិស័យ​ទេសចរណ៍ នៃ​ខេត្ត​-​ក្រុង​ទាំងពីរ ហើយនឹង​ផ្ដល់​ភាពងាយស្រួល និង​គោលនយោបាយ​អនុគ្រោះ សម្រាប់​ពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ទៅវិញទៅមក​។​

២. វិស័យ​ពាណិជ្ជ​កម្មៈ ភាគី​ទាំងពីរ ផ្ដល់នូវ​ការគាំទ្រ​ពេញលេញ ទៅលើ​ធនធាន​ផ្សេងៗ និង​គុណសម្បត្តិ ផ្នែក​ឧស្សាហកម្ម នៃ ភាគី​ទាំងពីរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ បច្ចេកទេស​កសិកម្ម និង​ពាណិជ្ជកម្ម ផ្នែក​ផលិតផល​។​

៣. វិស័យ​វប្បធម៌ៈ ជំរុញ​ផ្សព្វផ្សាយ​ទេសភាព ទេសចរណ៍​ជាយក្រុង ទៅវិញទៅមក និង​លក្ខណៈពិសេស ផ្នែក​ឧ​ស្សហកម្ម និង​ពង្រីក​ភាពជឿជាក់ ការយោគយល់ និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​-​ក្រុង​ទាំងពីរ​។​

៤. វិស័យ​អប់រំៈ ពង្រឹង​ការផ្លាស់ប្ដូរ​ការសិក្សា កិច្ចសហការ​បង្រៀន អោយបាន​កាន់តែច្រើន តាម​ដែល​អាចធ្វើ​ទៅបាន និង​ពង្រឹង​កម្មវិធី សម្រាប់​ការធ្វើ​ទស្សនកិច្ច​សិក្សា របស់​និស្សិត ក្រោម​លក្ខខណ្ឌ ណាមួយ​សមរម្យ​។​

៥. វិស័យ​កសិក​ម្មៈ ស្វែងរក​ធនធាន​ជា​លក្ខណៈពិសេស ផ្នែក​កសិកម្ម ផ្ដល់​គុណសម្បត្តិ ឱ្យ​ភាគី​ទាំងពីរ និង​ពង្រឹង​មធ្យោបាយ​ថ្មី នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​កសិកម្ម ដូចជា ធនធាន​បំពេញបន្ថែម​កម្រិត​ខ្ពស់ និង​ការច្នៃប្រឌិត ផ្នែក​បច្ចេកវិទ្យា​កសិក​ម្ម​។

​ក្រុង​វៃ​ណាន និង​ខេត្តកោះកុង នឹង​ជំរុញ​បង្កើត​ចំណងមិត្តភាព ខេត្ត​-​ក្រុង យ៉ាងសកម្ម ជា​លក្ខណៈ​អន្តរជាតិ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular