ដោយៈ ទេព មង្គល / តាកែវៈ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ តាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត។
លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថាៈ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ អង្គភាពច្រកចេញចូលតែមួយ គឺជាយន្តការ ដ៍មានប្រសិទ្ធភាពមួយ ដែលប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាល លើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតប ទាន់ពេលវេលា ស្របទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថាៈ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ បានធ្វើកំណែទម្រង់ ឥតឈប់ឈរ ដើម្បីលើកកម្ពស់ កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ ជូនប្រជាពលរដ្ឋ លើកកម្ពស់ សមធម៌ ក្នុងសង្គម និងដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។
លោកបានបន្ថែមទៀតថាៈ ជាមន្ត្រីទាំងជួរមុខ ជួរក្រោយ ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីផ្តល់សេវា ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា និងត្រូវមានចរិយា សុភាពរាបសារ ដាក់ខ្លួនជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយ របស់រាស្ត្រនោះទេ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបង្កើតនូវអង្គភាព ច្រកចេញចូលតែមួយ ថ្នាក់ខេត្ត ដើម្បីផ្ដល់សេវារដ្ឋបាល ចាំបាច់នានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ទទួលបានសេវា ទាំងនោះ កាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។
បើតាមការបញ្ជាក់ពី លោក ឃុត ប៊ុនធឿន ប្រធានការិយាល័យ ច្រកចេញចូលតែមួយ រដ្ឋបាលសាលាខេត្តតាកែវ បានឲ្យដឹងថាៈ សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយ ផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា៖ ១). ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ២). ការងាររដ្ឋបាល , ៣). វិស័យសុខាភិបាល , ៤). វិស័យទេសចរណ៍ , ៥). វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , ៦). វិស័យវប្បធម៌ និងវិចិត្រសិល្បៈ , ៧). វិស័យព័ត៌មាន , ៨). វិស័យបរិស្ថាន , ៩). វិស័យឧស្សាហកម្ម និងសិប្បកម្ម , ១០). វិស័យរ៉ែ និងថាមពល , ១១). វិស័យពាណិជ្ជកម្ម , ១២). វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង១៣). វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕/V
រដ្ឋបាលខេត្តតាកែវ ប្រជុំត្រួតពិនិត្យ វាយតម្លៃសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ តាមរយៈអង្គភាពច្រកចេញចូលតែមួយ (រូបថតៈ រដ្ឋបាលខេត្តតាកែវ)