Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ទីផ្សារ​គោ​ទ...

​ទីផ្សារ​គោ​ទូលាយ កសិករ​ងាក​មក​ចិញ្ចឹម​ទ្រទ្រង់​ជីវភាព​

​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ទីផ្សារ​គោ​សាច់ ធំ​ទូលាយ នាំឱ្យ​កសិករ ខេត្តបាត់ដំបង ងាក​មក​ចិញ្ចឹម ដើម្បី​លើកកម្ពស់ សេដ្ឋកិច្ច​គ្រួសារ​។​

​លោក ធី រ៉ាវុធ កសិករ​រស់នៅក្នុង ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ប្រាប់អោយដឹង នៅ​ថ្ងៃទី​២៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​នេះ​ថាៈ ដោយសារ​ការបំពេញ នូវ​តម្រូវការ​គោ​សាច់ មាន​សភាព​ទូលាយ ក្នុងដំណាក់កាល​បច្ចុប្បន្ន កសិក​ដ្ឋា​ន​របស់លោក បាន​បង្កើន​ការចុះ​ប្រមូល​ទិញ​កូន​គោ ឬ​គោ​ជំទង់ ពី​តាម​បណ្តា​ខេត្ត​ជាច្រើន ដើម្បី​បំប៉ន​តាម​បច្ចេកទេស​កសិកម្ម រួច​បន្ត​ការលក់​ចេញ តាម​ការបញ្ជាទិញ របស់​ម៉ូយ ដែល​មិនមាន​ការកំណត់​ចំនួន ទោះ​ជាមាន​រាប់រយ​ក្បាល ក៏​លក់​អស់ មិន​កកស្ទះ​ដែរ​។ ចំពោះមុខ គោ​ជំទង់ ដែល​លោក​នាំយកមក​ចិញ្ចឹម បំប៉ន​ថែទាំ រយៈពេល​ប្រមាណ​ជា ៣ ទៅ ៤ ខែ រួច​បញ្ចេញ​លក់​វិញ ជា​របៀប​វិលជុំ ក្នុង​មួយខែៗ មាន​គោ​ប្រមាណ ៣០០ ក្បាល ដែល​ចំនួន​នេះ មិនបាន​ឆ្លើយតប​ជាមួយ តម្រូវការ​ទីផ្សារ​ឡើយ​។​

​កសិករ​ខាងលើ បាន​បន្តថាៈ បច្ចុប្បន្ន កសិក​ដ្ឋា​ន​របស់លោក បាន​ផ្គត់ផ្គង់​គោ​សាច់ ទៅកាន់​ទីផ្សារ​ធំៗ មានដូចជា ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ជាដើម ក្នុង​គោ​សាច់​មួយ​ក្បាល លក់​ចេញ​ចាប់ពី​តម្លៃ ៨០០ ទៅ ១.២០០ ដុល្លារ​។ ដោយឡែក សម្រាប់​គោ​ឈ្មោល ពូជ​ឆា​ឡេ ប្រា​ម៉ាន់ ជាដើម ម៉ូយ​បញ្ជា​ទិញ​អស់ៗ នាំទៅ​កាន់​ទីផ្សារ ប្រទេស​វៀតណាម ទោះជា​ស្ថានភាព​ប្រទេស កើតមាន​នូវ​ជំងឺ​កូដ​-១៩ ក៏​មិនមាន​ប៉ះពាល់ ធ្ងន់ធ្ងរ​ឡើយ​។

​ដោយឡែក ចំពោះ​បញ្ហា​ផ្ទុះ​ជំងឺ​លើ​សត្វ​គោ​ថ្មីៗ​នេះ ក៏​កសិក​ដ្ឋា​ន​របស់លោក មិនមាន​ផលប៉ះពាល់​អ្វី​ដែរ ដោយសារ​វា​ជា​ជំងឺ​ប្រចាំ​រដូវ ងាយស្រួល​គ្រប់គ្រង ដោយ​ក្រុម​ជំនាញ បាន​ចាក់​វ៉ាក់សាំង ការពារ​លើ​សត្វ​គោ​ទាំងអស់ ក្នុង​កសិដ្ឋាន​រួចរាល់ មិនមាន​បង្ក​ជា​បញ្ហា​ឡើយ​។​

​លោក ធី រ៉ាវុធ បានបញ្ជាក់​បន្ថែមថាៈ នៅ​ឆ្នាំ ២០២១ ខាងមុខ លោក​មាន​គម្រោង​ពង្រីក​កសិដ្ឋាន​ធំ ១ កន្លែង​ទៀត ដោយ​ចិញ្ចឹម​ទាំង​គោ​យក​សាច់ និង​ទាំង​គោ​យក​កូន​ពូជ ដើម្បី​បន្ត​និរន្ត​ភាព ផ្គត់ផ្គង់​ទីផ្សារ​ផង និង​ម្យ៉ាងទៀត ក្នុង​គោលបំណង បន្ត​ការបង្កបង្កើន​ពូជ​គោ នៅក្នុង​ស្រុក កុំឱ្យ​បាត់បង់​ទៅៗ ។ លោក​សូម​បំផុស​ឱ្យ បងប្អូន​ប្រជាកសិករ​ទាំងអស់ បន្ត​ពង្រីក​ការចិញ្ចឹម​គោ ឡើងវិញ ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន បាន​ងាក​មក​បរិភោគ ឬ​ប្រើប្រាស់​ផលិត ក្នុងស្រុក​ច្រើន​ហើយ ព្រោះ​ផលិតផល​ក្នុងប្រទេស មានគុណ​ភាព មិនមាន​សារធាតុ​គីមី​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular