ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទោះបីជានៅខេត្តបន្ទាយមានជ័យ រងគ្រោះធ្ងន់ធ្ងរជាងគេ ក្នុងប្រទេស នាខែកញ្ញា តុលា និងវិច្ឆិកា ឆ្នាំ២០២០ ក៏កសិករ ភាគច្រើន អះអាងថា ទិន្នផលស្រូវស្រាល នៅឆ្នាំនេះ មិនខុសពីឆ្នាំមុនទេ។ ប៉ុន្តែតម្លៃស្រូវស្រាល បានហក់ឡើង ដូចរាល់ឆ្នាំ នៅពេលការប្រមូលផល ដំបូងៗ ។
កសិករ បានលើកឡើងថាៈ លុះបន្តមក និងដល់ពេលនេះ តម្លៃស្រូវ បានធ្លាក់ចុះម្តងបន្តិចៗ ដូចតែរាល់ឆ្នាំ ដដែល។ ពោលគឺតម្លៃទិញ ពីកសិករ នៅតាមវាលស្រែ លើកឡើងឡាន ដោយក្រុមឈ្មួញនានា ស្រូវស្រាលពូជផ្ការំដួល និងពូជផ្កាម្លិះ បានថ្លៃ ៧៤០ រៀល ទៅ ៨០០ រៀល ក្នុង១ គ.ក្រ ឬថ្លៃ ៧៤០.០០០ ទៅ ៨០០.០០០ រៀល ក្នុង១ តោនស្រូវ ឬបើស្រូវពណ៌ល្អ ស្ងួតល្អ និងច្រូតហើយ ដឹកចេញភ្លាមៗ បានតម្លៃដល់ ៩០០.០០០ រៀល ក្នុង ១តោនស្រូវ។ បើស្រូវពូជម្លិះក្រហម ឆាកា និងពូជប្រពៃណី មានតម្លៃទាបជាងនេះ។ តម្លៃនេះ កសិករ បានត្អូញត្អែរថាៈ មិនទទួលបានផលចំណេញ ពីការធើ្វស្រែនោះទេ ព្រោះការធ្វើស្រែសព្វថ្ងៃ ចំណាយទុនថ្លៃខ្ពស់លើការភ្ជួររស់ ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ថ្លៃច្រូតកាតនិងថ្លៃច្រក ដឹកជញ្ជូន ។ល។
ម្ចាស់ម៉ាស៊ីនច្រូតស្រូវ មួយចំនួន បានប្រាប់កាសែត រស្មីកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះថាៈ ពួកគេ ទទួលស្គាល់ថា តម្លៃឈ្នួលច្រូត បានឡើងថ្លៃច្រើនជាង ឆ្នាំ២០១៩ និងឆ្នាំមុនៗនេះ។ នោះមកពីម៉ាស៊ីនច្រូត ហាក់ថយចុះ ហើយម្ចាស់ម៉ាស៊ីនច្រូត ហាក់បានចិត្ត (អឿ) ព្រោះខុសពីរាល់ឆ្នាំ ដោយឆ្នាំនេះ កសិករម្ចាស់ស្រែ បានមកដេញថ្លៃ យកម៉ាស៊ីនច្រូត ដែលជាឱកាសអោយម្ចាស់ម៉ាស៊ីន អាចវាយឫក ហើយតម្លើងថ្លៃឈ្នួលច្រូតបាន ពោលគឺគេសម្រុកច្រូត ពីចន្លោះសប្តាហ៍ទី១ នៃខែវិច្ឆិកា មក ។ ជាមធ្យម តម្លៃឈ្នួលច្រូតម៉ាស៊ីនធំ (ម៉ាកសាក់ផាតថាក់ណា ថៃស៊ីនយាន់ ផនណារី ស៊ីនកូសាក់ សលមឃឺត … ថ្លៃ ៣.៣០០ ទៅ ៣.៥០០ បាត ប្រាក់ថៃ ក្នុង ១ ហិកតា (៤០ប្លាយម៉ឺនរៀល ) ។ ឯម៉ាស៊ិនមធ្យម (គឺម៉ាស៊ីនគូបូតា) យកថ្លៃទាបជាងនេះ គឺ ២.៨០០ ទៅ ៣.២០០ បាត ប្រាក់ថៃ ក្នុង ១ ហិកតា ។ បើធៀបនឹងឆ្នាំ២០១៩ និងឆ្នាំមុនៗ ថ្លៃតែ ២.២០០ បាត ក្នុង១ហិកតា សម្រាប់ម៉ាស៊ីនធំ និងថ្លៃ ១.៨០០ បាត ក្នុង ១ ហិកតា សម្រាប់ម៉ាស៊ិនមធ្យម ម៉ាកគូបូតា។ សូមបញ្ជាក់ថា ការច្រូតស្រូវ ដោយម៉ាស៊ីនធំ គឺសម្រាប់វាលស្រែធំៗ ហើយវាមានកញ្ច្រែងរែងល្អ បានគ្រាប់ស្រូវអស់ និងល្អ ដឹកដល់គោលដៅឆ្ងាយ។
ប្រជាកសិករ ម្ចាស់ស្រែស្រូវ បានបន្ថែមថាៈ ទន្ទឹមនឹងរងគ្រោះ ដោយទឹកជំនន់ កន្លងមក បង្កអោយប៉ះពាល់ ខូចខាតស្រូវ ពួកគេនៅជួបការខាតបង់ ឬមិនសូវចំណេញ ជាច្រើនទៀត មានតម្លៃស្រូវចុះថោក ហើយបញ្ហាធំមួយទៀត នៅតាមផ្លូវលំ និងផ្លូវជនបទ ផ្លូវខេត្តមួយចំនួន មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ហាមរថយន្តធំ របស់ឈ្នួញចូលទិញ និងដឹកស្រូវ។ ហេតុនេះ ម្ចាស់ស្រូវ ត្រូវចំណាយលើថ្លៃដឹកជញ្ជូនច្រើនតំណ និងត្រូវខាតពេល ហើយត្រូវឈ្មួញទិញ ស្រូវបង្អាប់ថ្លៃស្រូវ ។
ករណីនេះ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចកងកម្លាំង បានបំភ្លឺប្រាប់កាសែតរស្មីកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកាថាៈ ទិន្នផលស្រូវ នៅខេត្តបន្ទាយមានជ័យ នាឆ្នាំនេះ បានល្អ (ពី ២,៥ ទៅ ៤តោន ក្នុង១ហិកតា) ។ ឯតម្លៃក៏មិនជាចុះថោកណាស់ណាទេ គឺសមរម្យហើយប៉ុណ្ណឹង។
ចំពោះការហាមរថយន្តធំ ផ្ទុកធ្ងន់ចូលតាមផ្លូវលំ ផ្លូវជនបទ គឺបានហាមប្រចាំថ្ងៃ ដូចរាល់ឆ្នាំទេ ពោលគឺ បើមិនហាម វាខុសនឹងល័ក្ខខ័ណ្ឌ ដែលបានស្ថាបនា និងប្រើប្រាស់ ។ នោះគឺផ្លូវថ្នល់ នឹងខូចខាតអស់ ចំណាយច្រើនជាងផលស្រូវ ឆ្ងាយណាស់៕/V