ដោយ: ពៅនិមល/ភ្នំពេញ: គិតត្រឹមត្រីមាសទី៣ (៩ខែ) ឆ្នាំ២០២០នេះ រោងចក្រដែលបានបិទលែងដំណើរសរុបចំនួន១១១ ដែលមានចំនួនប្រហាក់ប្រហែលចំនួនបិទក្នុងរយ:ពេលដូចគ្នា នឹងឆ្នាំ២០១៩ ដែលមានចំនួន១១០រោងចក្រ នៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។
មានប្រសាសន៍ប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាលោកងុយរិទ្ធអនុរដ្ឋលេខាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ចំនួនបិទរោងចក្រខាងលើនេះ ធ្វើឱ្យកម្មករនិយោជិតសរុបប្រមាណ៥៥ ១៧៤នាក់ បានបាត់បង់ការងារ ដែលកើនឡើងបន្តិចពី៥៣.២២៦នាក់ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
លោកបន្តថាការនេះបានបង្ហាញអំពីប្រសិទ្ធភាពនៃវិធានការរបស់រដ្ឋភិបាលក្នុងការទប់ស្កាត់កុំឱ្យរោងចក្របិទក្នុងចំនួនយ៉ាងគំហុកខណៈទីផ្សារផលិតលផលកាត់ដេរពិភពលោកសឹងតែបិទទាំងស្រុង។ទន្ទឹមនឹងនេះស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបានធូរស្រាលជាបណ្តើរៗហើយដោយចំនួនរោងចក្រដែលកំពុងព្យួរកិច្ចសន្យាការងារបានថយចុះមកត្រឹមចំនួន៥២រោងចក្រដែលស្មើនឹងកម្មករនិយោជិតប្រមាណ១៤.០០០នាក់តែប៉ុណ្ណោះ នៅក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ។
សូមបញ្ជាក់ថាក្នុងអំឡុងរោងចក្រព្យួរកិច្ចសន្យាការងារមន្ត្រីនៃក្រសួងការងារបានចុះបណ្តុះបណ្តាលជំនាញទន់ដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារផងដែរ ដែលចំនួនចូលរួមសរុប៦៤.៤៧៩នាក់ (ស្រី៥១.៧១៩នាក់)។ ចំពោះអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាលនេះដើម្បីបង្កើនការយល់ដឹងអំពីឥរិយាបថឆន្ទៈការងារនិងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈត្រូវបានពង្រឹងហើយកម្មករនិយោជិតដែលបានចូលរួមវគ្គបណ្តុះបណ្តាលក៏បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនិងពីនិយោជកសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។លើសពីនេះទៀតដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងផលប៉ះពាល់វិបត្តិកូវីដ១៩រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាប្រមាណ១.១៦៤លានដុល្លារអាម៉េរិកដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ចនិងពលរដ្ឋក្រីក្រដែល រងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ចាប់តាំងពីជុំទី១រហូតដល់ជុំទី៦នេះ៕