ដោយៈ ភ្នំស្វាយ / កោះកុងៈ បុរាណដ្ឋានអូរកី ជាស្ថានីយពាងបុរាណមួយដែលមានទីតាំងស្ថិតនៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ បុរាណដ្ឋានចំណាស់ស.វទី១៥-១៧ នៃគ.ស មួយនេះ ជាគោលដៅទេសចរផ្សងព្រេងថ្មីមួយដែលគេអាចទៅដល់ហើយ ។
បើតាមភ្នាក់ងារទេសចរណ៍អេកូ បុរាណដ្ឋាន (ECO Archaeology Tour ) បានឲ្យដឹងកាលពីថ្មីៗនេះថា៖ខែវិច្ឆិកា(រដូវរំហើយ ឆ្នាំ២០២០) នេះ នៅទីនោះទេសភាពតាមផ្លូវស្រស់បំព្រងណាស់ រួមទាំងអាកាសធាតុអំណោយផលត្រជាក់ត្រសៀករំភើយ ។
ប្រភពខាងលើបានបន្តថា ដើម្បីទៅដល់តំបន់ការពារបុរាណដ្ឋានអូរកី គេអាចធ្វើដំណើរដោយមធ្យោបាយផ្សេងៗបានដោយងាយស្រួល ហើយវាក៏នៅពុំឆ្ងាយប៉ុន្មានពីសហគមន៍ឡើយ។
បើលោកអ្នកបានទៅដល់ ឬ ចូលទស្សនាសហគមន៍ លោកអ្នកគួរគប្បីឬថាបើមិនបានទៅពិតជាស្តាយណាស់ គឺគួរតែបានទៅទស្សនាទីតាំងបុរាណមួយនេះ ។ព្រោះថា វាសំខាន់ ដែលអាចឱ្យយើងឈ្វេងយល់ដឹងបន្ថែមអំពី ប្រពៃណី ទំនៀមទម្លាប់ វប្បធម៍ និងអតីតកាលរបស់អ្នកស្រុកនៃបុព្វបុរសខ្មែរកាលពីកំឡុងសតវត្សទី១៥-១៧ នៃគ.ស. ៕