ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហព័ន្ធអាម៉េរិក ដែលមានភារកិច្ចគាំទ្រខាងហិរញ្ញវត្ថុនិងសេវាស្តីពីអន្តរកាលប្រធានាធិបតី បានប្រាប់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិនកាលពីថ្ងចន្ទទី២៣វិច្ឆិកាថា លោកអាចចាប់ផ្តើមដំណើរការផ្ទេរទទួលអំណាច។
ត្រាំ(ស្តាំ)ទំនងជាចង់ទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតចំពោះលោកបៃដិន
នាយករដ្ឋបានសេវារដ្ឋបាលទូទៅ លោក អេមីលី មឺហ្វី បានផ្ញើលិខិតមួយទៅលោកបៃដិន ដោយសរសេរថា «ខ្ញុំបំពេញតួនាទីនេះដោយហ្មត់ចត់ និងដោយសារដំណើរវិវឌ្ឍន៍សភាពការណ៍ថ្មីពាក់ព័ន្ធនឹងបណ្តឹងផ្លូវច្បាប់និងការបញ្ជាក់អះអាងអំពីលទ្ធផលឆ្នោត ខ្ញុំបញ្ជូនលិខិតនៅថ្ងៃនេះដើម្បីផ្តល់ប្រភពធនធាននិងសេវាដល់អ្នក»។
ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរបង្ហោះក្នុងបណ្តាញសង្គមទ្វីតធឺ ថា លោកបានអោយយោបល់ថា លោកមឺហ្វី និងក្រុមរបស់លោក «ធ្វើអ្វីដែលចាំបាច់ពាក់ព័ន្ធនឹងពិធីការដំបូងៗពាក់ព័ន្ធនឹងអន្តរកាលអំណាចនិងបានប្រាប់ក្រុមរបស់ខ្ញុំអោយធ្វើដូចគ្នា»។
ក្នុងពេលជាមួយគ្នា ពួកអ្នកច្បាប់និងប្រធានក្រុមហ៊ុនបានដាក់សម្ពាធលើទីភ្នាក់ងារសសហព័ន្ធនេះ ដើម្បីអោយទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីថ្ងៃ០៣វិច្ឆិកា និងបញ្ចេញប្រាក់រាប់លានក្នុងហិបសហព័ន្ធ កន្លែងធ្វើការនិងជួបប្រជុំជាមួយក្រុមលោកបៃដិន។
លោកត្រាំ បានធ្វើការអះអាងម្តងហើយម្តងទៀតថា លោកឈ្នះការបោះឆ្នោតនិងបានចំណាយពេលរាប់សប្តាហ៍មកនេះធ្វើការអះអាងគ្មានមូលដ្ឋានអំពីការលួចបន្លំសន្លឹកឆ្នោតជាទូទៅ តែបណ្តឹងរបស់លោកទៅកាន់តុលាការត្រូវបានច្រានចោលជាបន្តបន្ទាប់។
លោកបៃដិន ត្រូវចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃ២០មករាក្រោយឈ្នះឆ្នោតទទួលបានសម្លេងតំណាងបោះឆ្នោតតាមរដ្ឋគ្រប់គ្រាន់សំរាប់មុខតំណែងប្រធានាធិបតីអាម៉េរិក។បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យរូបនេះក៏មានសម្លេងនាំមុខពីអ្នកបោះឆ្នោតអាម៉េរិកទូទៅដល់ទៅជាង៦លានសម្លេង។
សូមបញ្ជាក់ថា សហសេវិកនិងមិត្តភ័ក្តបក្សសាធារណរដ្ឋរបស់ត្រាំ បានបែកចេញឬដកខ្លួនពីលោកបណ្តើរៗនៅប៉ុន្មានថ្ងៃមកនេះ និងបានទទូចអោយដំណើរការផ្ទេរអំណាច៕