Home ព័ត៌មានជាតិ សន្តិសុខ ​ឆេះ​បន្ទប់​ជ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត់​ទឹកថ្លា បណ្ដាលឱ្យយុវជន​ម្នាក់ ​ស្លាប់ និងម្នាក់ទៀតរបួសស្រាល

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ្រោះ​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​បន្ទប់​ជួល មួយកន្លែង បណ្ដាលឱ្យ​យុវជនម្នាក់ បាន​ស្លាប់ និងម្នាក់ទៀត បានរងរបួសស្រាល កាលពី​នៅវេលា​ម៉ោង ៧​និង​១០​នាទី​យប់ ថៃ្ង​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ច្រកចូល​ក្បែរ​មន្ទីរពេទ្យ រ៉ូយ៉ាល់ ក្រុម​៥ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​យុវជន​រងគ្រោះ ឈ្មោះ ព្រេង ខា អាយុ ២១​ ឆ្នាំ បាន​បាត់​បង់ជីវិត ក្នុង​អណ្តាតភ្លើង ក្នុង​បន្ទប់​ជួល ។ ចំណែក​យុវជន​ម្នាក់ទៀត ឈ្មោះ ព្រេង ឃី​ង អាយុ ២០ ឆ្នាំ​ បាន​រងរបួស​ស្រាល ។ យុវជន​រងគ្រោះ​ទាំង ២​នាក់ ត្រូវជា​បងប្អូន​បង្កើត និង​មាន​មុខរបរ ជាជាងសំណង់​ ផ្នែក​​បុកគ្រឹះ ដូចគ្នា និង​មាន​ស្រុកកំណើត នៅ​ភូមិ​ប្រាំ​យ៉ា​ម ឃុំប្រាំយ៉ាម ស្រុក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម ហើយ​ទើបតែ​មក​ស្នាក់នៅ បន្ទប់​ជួល​នេះ បាន ២ ថ្ងៃ​ប៉ុណ្ណោះ​។​

​យោងតាម​សម្តី​អ្នកជិតខាង ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថាៈ បន្ទប់​កើតហេតុ ខាងលើ គឺមាន​គ្នា ២ នាក់ ស្នាក់នៅ​។ ថ្ងៃនេះ ជា​ថ្ងៃសីល៍ ជនរងគ្រោះ បាន​ទិញ​មាន់ យកមក​សែន តាំងពី​ពេលព្រឹក​មកម្ល៉េះ រហូតដល់​ម៉ោង​កើតហេតុ ខាងលើ ជនរងគ្រោះ បាន​យក​មាន់ មក​កម្តៅ ឲ្យ​ក្តៅ ដើម្បី​ផឹកស៊ី​បន្ត ខណៈពេល​នោះ ក៏​ស្រាប់តែ​ភ្លើង​ឆាបឆេះ​កំប៉ុង​ហ្គាស ក៏​ផ្ទុះឡើង ធ្វើ​ឲ្យ​ជនរងគ្រោះ ភ័យ​ស្ទុះ​រត់​ចេញមកក្រៅ ដោយ​ស្តាយ​នូវ​ម៉ូតូ ក៏​រត់​ចូល​ទៅវិញ ដើម្បី​យក​ម៉ូតូ ក៏​ស្រាប់តែ​ម៉ូតូ ដួល​សង្កត់​លើ គួបផ្សំ​ជនរងគ្រោះ ស្រវឹងស្រា​ផង​នោះ រើ​មិន​រួច ក៏ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ស្លាប់ យ៉ាង​អ​ណោ​ច​អធម៌ ហើយក៏​បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ នាំគ្នា​យក​ទឹក​មក​ពន្លត់ ឲ្យ​រលត់ទៅវិញ​។​

​សមត្ថកិច្ច​ជំនាញ បានឱ្យដឹងថាៈ អគ្គិភ័យ​នេះ បាន​ឆាបឆេះ​បន្ទប់​ជួល លេខ​៣៤ ប្រភេទ សំណង់ ថ្ម​បេតុង ( ៤​ម៉ែត្រ x ៤​ម៉ែត្រ​) ប្រក់​ស័ង្កសី បណ្ដាលឱ្យ​បុរស​ម្នាក់ ស្លាប់ ខូចខាត​សម្ភារៈ ឆេះ​ម៉ូតូ ១​គ្រឿង , ប៉ុស្តិ៍​ផ្សារ​១, ធុង​ស្នោ​១ សំលៀកបំពាក់​អស់ទាំង​ស្រុង និង​រលត់ទៅវិញ នៅវេលា​ម៉ោង ៧​និង​៣០​នាទី​យប់ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ពុំ​បណ្តាលឱ្យ​ឆេះ​រាលដាល ដល់ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular