ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានជូនថវិកាមួយចំនួន ដល់គ្រួសារសព ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គ្រោះអគ្គិភ័យនេះ បណ្តាលអោយយុវជនម្នាក់ ឈ្មោះ ព្រេង ខា អាយុ ២១ឆ្នាំ បានបាត់បង់ជីវិត ក្នុងអណ្តាតភ្លើង ក្នុងបន្ទប់ជួល យ៉ាងអាណោចអធម ចំណែកយុវជនម្នាក់ទៀត ឈ្មោះ ព្រេង ឃីង អាយុ ២០ឆ្នាំ បានរងរបួសស្រាល ។ យុវជនរងគ្រោះទាំង ២នាក់ ត្រូវជាបងប្អូនបង្កើត មានមុខរបរ ជាជាងបុកគ្រឹះ ដូចគ្នា និងមានស្រុកកំណើត នៅភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយទើបតែមកស្នាក់នៅ បន្ទប់ជួលនេះ បាន ២ ថ្ងៃប៉ុណ្ណោះ។
សមត្ថកិច្ច បានសន្និដ្ឋានថា អគ្គិភ័យនេះ បណ្តាលមកពីការផ្ទុះហ្គាស ដែលកំពុងចំអិនម្ហូប ហើយឆាបឆេះម៉ូតូ មួយគ្រឿង នៅក្បែរនោះ បណ្តាលអោយជនរងគ្រោះ រត់មិនទាន់ ក៏ឆាបឆេះដួលស្លាប់ នៅក្នុងបន្ទប់តែម្តង។
ភា្លមៗនោះដែរ ក៏មានវត្តមានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងសមត្ថកិច្ច ចុះអន្តរាគមន៌ ដោយដាក់រថយន្ត បាញ់ពន្លត់អគ្គិភ័យ ប៉ុន្តែមិនបានបាញ់ទឹកនោះទេ នៅពេលរថយន្ត មកដល់ បានរលត់ទាំងស្រុង ។ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យសព មុននឹងប្រគល់ជូនគ្រួសារសព យកធ្វើបុណ្យតាមប្រពៃណី ។
ជាមួយគ្នានេះ ដោយមានការអាណិត និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានជូនថវិកាមួយចំនួន ដល់ក្រុមគ្រួសារសព ដើម្បីដោះស្រាយបញ្ហា ចំពោះមុខជាបណ្តោះអាសន្ន ៕/V