ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានថា កុមារា យី សេងឡុង មានអាយុ១៤ឆ្នាំ ដែលមានជំងឺហេម៉ូហ្វីលា ឬ ជំងឺឈាម ក្រ កក ឬ ឈាមរាវ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារជាតិ ត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ជួយដល់ប្អូនប្រុសនោះ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន ៣ នាក់ ទៅចូលរួមបរិច្ចាគឈាម ជួយដល់កុមារាម្នាក់នោះ។
ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង បានសូមកោតសរសើរ ដល់មន្ទីរពេទ្យកុមារជាតិ ដែលបានមើលថែកុមារាម្នាក់នោះ ក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាល មិនគិតប្រាក់ និងយកចិត្តទុកដាក់ ព្យាបាលបន្តទៅមុខទៀត។ ជាមួយគ្នានោះ លោកក៏បានឲ្យក្រុមការងារ នាំយកនូវអំណោយឧបត្ថម្ភ ចំនួន ១ លានរៀល ភេសជ្ជៈ៣កេស ចាហួយ១កេស ដើម្បីសួរសុខទុក្ខកុមារានោះ ផងដែរ៕/V