Home ព័ត៌មានអន្តរជាតិ ពួក​មេដឹកនាំ​...

ពួក​មេដឹកនាំ​ធុរកិច្ច​អាម៉េរិក​ងាក​ចេញពី​ត្រាំ​មក​គាំទ្រ​បៃ​ដិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សហរដ្ឋ​អាម៉េរិក ៖ ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​នៅតែ​ព្យាយាម​ទាញ​បញ្ច្រាស់​ការ​ឈ្នះឆ្នោត​របស់​លោកចូ បៃ​ដិន ប៉ុន្តែ​ពិភព​ធុរកិច្ច​រួមទាំង​អ្នកគាំទ្រ​លោក​ត្រាំ​ខ្លះ កំពុង​ទន្ទឹង​រង់ចាំ​រដ្ឋបាល​ថ្មី​របស់​បក្ស​ប្រជាធិបតេយ្យ​។​

​មិន​ដល់​ពីរ​ខែ​ផង​មុនពេល​ដែល​លោកបៃ​ដិន​អាយុ ៧៨ ឆ្នាំ​ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង ក្រុមហ៊ុន​គីឡូ​ធ្ងន់ៗ ជាច្រើន​កំពុង​ជំរុញ​ឱ្យ​គាត់​ទោរទន់​ទៅរក​សភា​ដើម្បី​ទទួលបាន​ផែនការ​ជំរុញ​សេដ្ឋកិច្ច​ថ្មី ខណៈ​ដែល​ជំងឺ​រាតត្បាត​នៅតែ​បន្ត​ឆ្លង​រាលដាល​។​

​សមាគមជាតិ​ផលិតករ​បាន​និយាយថា “​រយៈពេល​ពីរ​ខែ​ទៅមុខ​ទៀត​គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​សមត្ថភាព​របស់​ប្រជាជាតិ​យើង​ក្នុង​ការដោះស្រាយ​ដោយ​ជោគជ័យ​នូវ​វិបត្តិ​ទ្វេ គឺ​ការគ្រប់គ្រង​ការ​​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​និង​ការស្តារ​សេដ្ឋកិច្ច​អាម៉េរិក​ឡើងវិញ​”​។​

​ក្រុម​នេះ​បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មិន​មាន​ពេលវេលា​ខ្ជះខ្ជាយ​និង​គ្មាន​កន្លែង​ទំនេរ​ត្រូវ​បង្កកំហុស​នោះទេ​”​ដោយ​អំពាវនាវ​ដល់​រដ្ឋបាល​ត្រាំ​ឱ្យ​ចាប់ផ្តើម​សហការ​ជាមួយ​ក្រុម​អន្តរ​​កាល​របស់​លោកបៃ​ដិន​។​

​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក​ត្រាំ​និង​បុគ្គលិក​នៅ​សេត​វិមាន​មិន​ទទួលស្គាល់​បរាជ័យ​នោះទេ មានន័យថា​ធនធាន​នានា​ដែល​ជា​ធម្មតា​អាច​រក​បាន​សម្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត​សម្រាប់​ការ​​ផ្ទេរ​តំណែង​ត្រូវបាន​រារាំង​។​

​ទោះជា​យ៉ាងណា ព័ត៌មាន​ចុងក្រោយ​បានអោយដឹងថា​ទីភ្នាក់ងារ​សហព័ន្ធ​អាម៉េរិក ដែល​មាន​ភារកិច្ច​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​និង​សេវា​ស្តីពី​អន្តរកាល​ប្រធានាធិបតី បាន​ប្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត ​ចូ បៃដិនកា​លពី​ថ្ង​ចន្ទទី​២៣​វិច្ឆិកា​ថា លោក​អាច​ចាប់ផ្តើម​ដំណើរការ​ផ្ទេរ​ទទួល​អំណាច​។​

​មេដឹកនាំ​អាជីវកម្ម​សំខាន់ៗ​និង​ស្ថាប័ន​ឧស្សាហកម្ម​ជា​ច្រើន​ដូច​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ United Airlines លោក ស្កុត កឺប៊ី​និង​សភាពាណិជ្ជកម្ម​សហរ​ដ្ឋ​អាម៉េរិកបាន​អបអរសាទរ​យ៉ាង​រហ័ស​ចំពោះ​លោកបៃ​ដិន នៅពេល​ដែល​គាត់​ត្រូវបាន​ប្រកាសថា​ជា​អ្នកឈ្នះ​នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា​។​

១០ ថ្ងៃ​ក្រោយមក​លោក ដូក ម៉ាក​មី​ល​ឡិន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Walmart បាន​ផ្អាក​ការ​ធ្វើ​សន្និសីទ​ស្តី​ពី​ប្រាក់ចំណេ​ញ​ដើម្បី​ជូនពរ​ដល់​សមាជិក​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​។​

​លោក​បាន​និយាយថា “​យើង​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋបាល​នេះ​នៅក្នុង​សភា​ទាំង​ពីរ​ដើម្បី​រុញ​ប្រទេស​ឆ្ពោះទៅមុខ​”​។​

​លោក​ត្រាំ ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​តែងតែ​អួត​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​គាត់​ជាមួយ​ពិភព​ក្រុមហ៊ុន​ធំៗ ជាពិសេស​នៅ​សង្កាត់ Wall Street​ត្រូវបាន​ព្រងើយកន្តើយ​ដោយ​អ្នកមាន​​ទំនាក់ទំនង​ល្អ​មួយចំនួន​។​

​លោក ស្ទីវ ស្វា​ស្មាន់ សហ​ស្ថាបនិក​មហាសេដ្ឋី​នៃ​ក្រុម​វិនិយោគ Blackstone ដែល​ជា​មិត្តភក្តិ​និង​ជា​ទីប្រឹក្សា​ក្រៅ​ផ្លូវការ​របស់​ប្រធានាធិបតី​ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​វិច្ឆិកា​ថា​លោកបៃ​ដិន​ឈ្នះ​​ឆ្នោត​ហើយ​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្ញើ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​លទ្ធផល​គឺ​ច្បាស់​ណាស់​នៅ​ថ្ងៃនេះ ហើយ​ប្រទេស​គួរតែ​បន្តដំណើរ​ឆ្ពោះទៅមុខ​ទៀត​។​ខ្ញុំ​គាំទ្រ​លោក​ប្រធានា​ធិ​ប​​តី​ត្រាំ​និង​វិថី​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ដែល​គាត់​បាន​កសាង​។ ដូច​មនុស្ស​ជាច្រើន​នៅក្នុង​សហគមន៍​ពាណិជ្ជកម្ម​ដែរ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជួយ​ប្រធានាធិបតី​ជាប់ឆ្នោត​បៃ​ដិ​ន​និង​ក្រុម​របស់​គាត់​នៅ​ពេល​ពួកគេ​ជួប​​នឹង​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​ការកសាង​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដ​របស់​យើង​”​។​

​ដូចគ្នា​នេះ​ដែរ​កាលពី​ថ្ងៃ​ចន្ទ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន General Motors លោកស្រី ម៉ា​រី បា​រ៉ា បាន​ដកខ្លួន​ចេញពី​កម្មវិធី​ជំទាស់​តវ៉ា​មួយ ដែល​គាំទ្រ​ដោយ​រដ្ឋបាល​ត្រាំ​ប្រឆាំង​នឹង​ច្បាប់​ស្តីពី​ការបំភាយ​​ឧស្ម័ន​យានយន្ត​របស់​រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​លោកស្រី​ប​បា​រ៉ា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​មាន​ទំនុកចិត្ត​ថា​រដ្ឋបាលបៃដិ​ន រដ្ឋ​កាលីហ្វ័​រញ៉ា និង​ឧស្សាហកម្ម​រថយន្ត​អាម៉េរិក ដែល​ទ្រទ្រង់​ការងារ​ចំនួន ១០,៣ លាន​អាច​សហ​​ការ​គ្នា​ស្វែងរក​ផ្លូវ​ដែល​នឹង​ផ្តល់​នូវ​យានយន្ត​អគ្គិសនី​ទាំងស្រុង​នាពេល​អនាគត​”៕

មេដឹកនាំ​ជំនួញ​ធំៗ​ងាក​ចេញពី​ត្រាំ​មក​បៃ​ដិន​វិញ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular