ប្រែសម្រួល : កញ្ញាដាលីស/ព្រុចសែល ៖ ប្រធានសហភាពអឺរ៉ុបលោក ឆាល មីសែល នឹងអញ្ជើញលោក ចូ បៃដិននៅពេលណាដែលលោកក្លាយជាប្រធានាធិបតីអាម៉េរិក មកធ្វើទស្សនកិច្ចនិងជួសជុលទំនាក់ទំនងឆ្លងសមុទ្រអាត្លង់ទិក ដែលរងការខូចខាតក្នុងរយៈពេលបួនឆ្នាំកន្លងមកក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ។
បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោត លោកមីសែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី២៣វិច្ឆិកាថា “នេះគឺជាពេលវេលាដើម្បីចូលរួមកម្លាំងគ្នា។នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ ភាពជាដៃគូរបស់យើងនឹងមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដើម្បីការពារពលរដ្ឋរបស់យើង ចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ បញ្ឈប់ការឡើងកម្តៅពិភពលោក និង បង្កើតពិភពលោកដែលមានសុវត្ថិភាព”។
លោកមីសែលបាននិយាយថា “សហភាពអឺរ៉ុបនិងសហរដ្ឋអាម៉េរិកតែងតែមានឥទ្ធិពលច្រើនឡើង នៅពេលបោះជំហានទៅមុខជាមួយគ្នា”។
ប្លុកប្រទេសទាំង ២៧ នេះតែងតែត្អូញត្អែរអំពីទំនាក់ទំនងកាន់តែយ៉ាប់ទៅៗក្រោមការដឹកនាំរបស់លោកត្រាំ ហើយសង្ឃឹមថា ជាមួយលោកបៃដិនទំនាក់ទំនងឆ្លងសមុទ្រអាត្លង់ទិកអាចត្រូវបានធ្វើឱ្យប្រសើរឡើងវិញដូចនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ភាគីទាំងពីរមិនយល់ស្របគ្នាលើប្រធានបទសំខាន់ៗជាច្រើនរាប់ចាប់ពីពាណិជ្ជកម្មនិងសន្តិសុខរហូតដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ឥឡូវនេះ លោកមីសែលបាននិយាយថា លោកបៃដិនគួរតែអញ្ជើញមកនៅឆ្នាំក្រោយសម្រាប់ការប្រជុំជាមួយមេដឹកនាំសហភាពអឺរ៉ុប។
ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ ត្រាំបានធ្វើឱ្យអឺរ៉ុបស្រឡាំងកាំងនិងខកចិត្ត ជាពិសេសសមាជិកអង្គការណាតូ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាអ្នកដឹកនាំដោយវាយពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុបនិងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនិងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕
ប្រធានសហភាពអឺរ៉ុបលោក ឆាល មីសែល នឹងអញ្ជើញលោក ចូ បៃដិន មកអឺរ៉ុប ពេលគាត់ស្បថកាន់តំណែង