មកទល់​ម៉ោង​នេះ សព​ប្តី​កាប់សម្លាប់​អតីត​ប្រពន្ធ​រួច​លោតទឹក​លើ​ស្ពាន​អ្នក​លឿង​មិនទាន់​រកឃើញ​ទេ​

1836
ចែករម្លែក
  • 261
    Shares

ដោយ: សុ​ផានី​តា / កណ្តាល​: សាកសព​ប្តី​ដែល​លួច​ស្ទាក់​កាប់សម្លាប់​អតីត​ប្រពន្ធ​នៅ​ស្រុក​លើកដែក រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​លើ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដោយមាន​ការ​Live Video Facebook ផង​នោះ គិត​មកដល់​ម៉ោង​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ស្រុក​លើកដែក បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២០ មេសា​នេះ ថា នៅតែ​មិនទាន់​ពិនិត្យ​រកឃើញ​សាកសព​បុរស​បាន​កាប់​សម្លាប់​អតីត​ប្រពន្ធ​ខ្លួន ក្នុង​បរិវេណអនុវិទ្យាល័យ​កំពង់ចម្លង​កាលពី​រសៀល​ម្សិលមិញ​ទេ ក្រោយ​រង់ចាំ​ស្រង់​ពី​ទឹក​អស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅនេះបាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​តែម្តង តាមរយៈ​បណ្តាញ​សារព័ត៌​មាន និង​សង្គម​ហ្វេ​ស​ប៊ុ​ក​នានា​។ បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច មូល​ហេតុដែល​ឈានដល់​កើតឡើង​មាន​អំពើ​ឃាត​កម្មនេះ គឺ​ផ្តើមចេញពី​ការមិន​អស់​ក្តី​ស្រឡាញ់​ទៅលើ​នារី​រងគ្រោះ ទោះបីជា​បាន​លែងលះគ្នា​ដាច់​ស្រេច​តាមផ្លូវ​ច្បាប់​អស់​ពេល​ជាង​៣​ខែ​មកហើយ​ក្តី​។

​អ្នកស្រី ហាក់ សុខ​ភ័ក្ត្រ អាយុ​៤៨​ឆ្នាំ ជា​ម្តាយ​នារី​រងគ្រោះ​បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា នៅ​ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ពួកគាត់​រៀបចំ​កា​រម​ង្គ​ល​ការអោយ​កូនស្រី ជាមួយនឹង​បុរស​ជនបទ​ល្មើស (​ឈ្មោះ រ៉ា ឆៃ​រ៉ាត់​) រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ដោយ​រៀបការ​បាន​៣​ថ្ងៃ​ក៏​កូនស្រី​ទៅ​រស់​នៅតាម​ប្តី​។ បន្ទាប់មក កូន​ស្រី​គាត់ និង​បុរស​ជា​ប្តី រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទេ ដោយ​តែងតែ​កើត​ហិង្សា​វាយដំ​ទៅលើ​កូនស្រី​២​ទៅ​៣​ម្តង​។​

​អ្នកស្រី បាន​រៀប​រាប់ទាំង​អួលណែន​ដើម​ក​ទៀតថា ព្រោះតែ​កើតមាន​បញ្ហា​នេះ​ជាច្រើន​សារ​មក កូនស្រី​របស់​គាត់​ក៏​ស្នើសុំ​មានការ​លែងលះគ្នា​តាមផ្លូវ​តាមច្បាប់​។ ត្បិត​មាន​លែងលះគ្នា​ដាច់ស្រេច​ក៏ពិតមែន តែ​ជនល្មើស​នៅតែ​ចង់​ស្ទាក់​ជួប​និយាយ​ឲ្យ​ជានា​គ្នា​វិញ ដោយ​ការមិន​ព្រម​ពី​កូនស្រី​របស់គាត់ ក៏មាន​ការបោះ​ពាក្យសម្តី​គំរាមថា នឹង​សម្លាប់ចោល​ទៀតផង បើជា​កូនស្រី​គាត់​យកប្តី​ថ្មី​។​

​គួរ​ជម្រាប​ថា មុននឹង​មានរឿង​រ៉ាវ​ឃាតកម្ម​កើតឡើង កូនស្រី​របស់គាត់ ឈ្មោះ ទន់ ស្រី​ណ​យ (​នារី​រងគ្រោះ​) អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក បាន​ជិះ​ម៉ូតូ​ម៉ាកហុងដាហ្សូមមឺអិច  ពណ៌​ខ្មៅ លាយ​ទឹកក្រូច​និង​ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-2388 ទៅលេង​ផ្ទះ​អ៊ុំ​ឈ្មោះ ញ៉ែម ចក់​។ លុះ​ម៉ោង​២​រសៀល​ថ្ងៃទី​១៩ មេសា នារី​រងគ្រោះ​ក៏​លា​អ៊ុំ​ត្រឡប់ទៅផ្ទះ​វិញ ដើម្បី​ប្រមូល​លុយ​តុងទីន តែ​ត្រូវបាន​អតីត​ប្តី​របស់​នាង ឈ្មោះ រ៉ា ឆៃ​រ៉ាត់ ស្ទាក់​ជួប ដោយ​ទាញ​កាំបិតផ្គាក់​កាប់​ត្រង់​ក​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។​
​បន្ទាប់ពី​បុរស​ជា​អតីត​ប្តី​របស់​នាង កាប់សម្លាប់​រួច ជនល្មើស​បាន​ជិះ​ម៉ូតូ​ធំៗ​មួយគ្រឿង​ឆ្ពោះទៅ​ស្ពាន ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដោយ​មុននឹង​លោតទឹក ឈ្មោះ រ៉ា ឆៃ​រ៉ាត់ នេះ បាន​Live Video តាម​facebook ហើយ​លោត​ទម្លាក់ខ្លួន​ពីលើ​ស្ពាន​ទឹកទន្លេ​បាត់ស្រមោល​សូន្យឈឹង​តែម្តង​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ