Home ព័ត៌មានអន្តរជាតិ ដំរី​រត់​ធ្លា...

ដំរី​រត់​ធ្លាក់​អណ្តូង​ជម្រៅ​១៥​ម៉ែត្រ ក្រោយ​ឆ្កែ​ដេញ​ខាំ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឥណ្ឌា ៖ ដំរី​មួយ​ក្បាល ដែល​ធ្លាក់​អណ្តូង​ជម្រៅ​១៥​ម៉ែត្រ​ក្រោយ​ឆ្កែ​ដេញ​ខាំ ត្រូវបាន​ម៉ាស៊ីនស្ទូច​សណ្តោង​ទៅ​កាន់​ទី​សុវត្ថិភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​វិច្ឆិកា​។​

​ដំរី​ស្ទាវ​នេះ​បាន​ធ្លាក់​អណ្តូង​នៅក្នុង​ភូមិ​ប៉ាន់​ចា​បាលី​នៅ​រដ្ឋ​តាមិ​ល​ណា​ឌូ​ភាគខាងត្បូង​ប្រទេសឥ​ណ្ឌា​។​

​វា​ត្រូវ​បាន​សង្គ្រោះ ក្រោយ​ការប្រឹងប្រែង​អស់​ពេល​១៦ ម៉ោង​ដោយ​ក្រុម​គ្រូពេទ្យ​ព្យាបាល​សត្វព្រៃ​។ វីដេអូ​បានបង្ហាញ​ដំរី​នេះ​ត្រូវបាន​សណ្តោង​ចេញ​នៅ​ចំពោះមុខ​ហ្វូង​មនុស្ស​ឈរ​អបអរសាទរ​នៅ​​ជុំវិញ​មាត់​អណ្តូង​។​

​នៅក្នុង​វីដេអូ គេ​អាច​មើលឃើញ​ដំរី​នេះ​ស្រង់​ឡើង​លើ​ទាំង​ទន់​ខ្លួន​ល្ហិតល្ហៃ ប៉ុន្តែ​ក្រោយ​មក​វា​ដឹងខ្លួន​ពេញលេញ​វិញ​នៅ​លើ​ដីគោក​។

​ក្រុម​មន្ត្រី​ការពារ​ព្រៃ​និង​មន្ត្រី​ដទៃ​ទៀត​មក​ពី​នាយកដ្ឋាន​ព្រៃឈើ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​ប៉ូលិស​សរុប​៥០ នាក់​ក៏​មក​ជួយ​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​។​

​អេស្កាវ៉ាទ័រ​២​គ្រឿង រថយន្ត​ធំៗ និង​រថយន្ត​ស្ទូច​មួយ​ចំនួន​ត្រូវបាន​ប្រើ​ដើម្បី​ទាញ​ដំរី​ចេញពី​អណ្តូង​ទៅ​ទី​សុវត្ថិភាព​។ អំឡុង​ពេល​វា​ជាប់​អណ្តូង គេ​បាន​ឱ្យ​វា​ស៊ី​ស្លឹក​ដូង​ដើម្បី​បំពេញ​ក្រពះ​មុន​ចាប់ផ្តើម​ការ​​ស្ទូច​វា​ចេញ​៕

​ដំរី​ត្រូវបាន​លើក​ចេញពី​អណ្តូង​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ភូមិ​ប៉ាន់​ចា​បាលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular