ដោយ: គង់ហេង/ កំពង់ចាម: លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការខេត្តគ្រប់គ្រងគ្រងគ្រោះមហន្តរាយបានចុះពិនិត្យលទ្ធផល នៃការផ្តល់ពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ប្រជាកសិករចំនួន ៣.២០០ គ្រួសារក្នុងខេត្តនេះនាពេលកន្លងទៅ។
ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តកំពង់ចាមបានឱ្យដឹងថា នៅរសៀលថ្ងៃទី២៣ វិច្ឆិកាគណ:ប្រតិភូបានចុះពិនិត្យសកម្មភាពជាក់ស្តែង នៃការសាបព្រោះដំណាំស្រូវស្តារឡើងវិញរបស់ប្រជាកសិករដែលបានរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះ ចំនួន ពីរទីតាំងគឺ មាននៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងនៅឃុំល្វា ស្រុកព្រៃឈរ។
ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា ជាលទ្ធផលនៃការត្រួតពិនិត្យបូកសរុបគឺបានបង្ហាញថា គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គឺផ្ទៃដីរងការខូចខាតដោយគ្រោះមហន្តរាយខាងលើទូទាំងខេត្តចំនួន ១.៩៦៧ ហិកតា បានស្តារឡើងវិញចំនួន ១.៧០២ ហិកតាស្មើនឹង ៨៦ភាគរយ។
ប្រភពដដែលបានបន្ថែមថា ក្នុងនោះស្រុកកំពង់សៀមដែលខូចខាតចំនួន ១១០ ហិកតា គឺបានសាបព្រោះស្តារឡើងវិញបាន ១០០ភាគរយហើយ។ ស្រុកស្ទឹងត្រង់ខូចខាតចំនួន ៨០៧ហិកតា បានសាបព្រោះបានចំនួន ៥៨៣ហិកតា ស្មើនឹងចំនួន ៧២ភាគរយ។ស្រុកបាធាយខូចខាតចំនួន ៥៧៨ហិកតាបានសាបព្រោះឡើងវិញបាន ១០០ភាគរយ។ ស្រុកព្រៃឈរខូចខាតចំនួន ១៥៤ហិកតាសាបព្រោះឡើងវិញបាន១០៨ហិកតា ស្មើនឹង ៧០ភាគរយ និងស្រុកជើងព្រៃខូចខាតចំនួន ៣១៨ហិកតា បានស្តារឡើងវិញចំនួន ១៤៣ហិកតាស្មើនឹង៤៤ភាគរយ។
គួររំលឹកថា ក្រោយពីទទួលបានព័ត៌មានខេត្តកំពង់ចាមបានរងគ្រោះខូចខាតដំណាំស្រូវប្រាំងជិតពីរពាន់ហិកតារបស់ប្រជាពលរដ្ឋជាងបីពាន់គ្រួសារសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់ជូនពូជស្រូវក្នុងមួយគ្រួសារចំនួន ១០០ គីឡូក្រាមតាមរយ:លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក អ៊ុន ចាន់ដា ជាអភបាលខេត្តកំពង់ចាមនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរកាលពីថ្ងៃទី ១២ វិច្ឆិកា៕