Home ព័ត៌មានជាតិ នយោបាយ គ​.​ជ​.​ប ទទួ...

គ​.​ជ​.​ប ទទួលបាន​បណ្តឹង ១២៨ បណ្តឹង ក្នុងដំណាក់កាល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

ដោយៈ មុនី រ័ត្ន​ / ​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថាៈ ការដាក់ ការទទួល និង​ការដោះស្រាយ ពាក្យបណ្តឹង ក្នុងដំណាក់កាល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នៅ​ថ្នាក់​ក្រុមប្រឹក្សាឃុំ សង្កាត់ ( កប​/​ឃស​) និង​នៅ​ថ្នាក់ គ​.​ជ​.​បមាន​បណ្តឹង​សរុប​ចំនួន ១២៨ បណ្តឹង ។ ក្នុងចំណោម ១២៨ បណ្តឹង មាន ១ បណ្តឹង បាន​ប្តឹង​បន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ ។​

​គ​.​ជ​.​ប បានបញ្ជាក់​ថាៈ ជារួម​ពាក្យបណ្តឹង​ទាំងអស់ ត្រូវបាន​ដោះស្រាយ មានដូចជា នៅ​ថ្ងៃទី​១៧ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើកសវនាការ ហើយ​ជា​លទ្ធផល បាន​លើកចោល​ពាក្យបណ្តឹង ។ សេចក្តីសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា ។

បណ្តឹង​ទាំង ១២៨ មាន​បណ្តឹង នៅ​ថ្នាក់​ក្រុមប្រឹក្សាឃុំ សង្កាត់ សរុប​ចំនួន ៥៦ បណ្តឹង ជា​បណ្តឹង​សុំឱ្យ​ផ្តន្ទាទោស ។ បណ្តឹង​ទាំងនោះ មកពី​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ មាន​ចំនួន ៤៧ បណ្តឹង គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៥ បណ្តឹង និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន ៤ បណ្តឹង ។​

​លទ្ធផល​នៃ​ការដោះស្រាយ​បណ្តឹង នៅ​ថ្នាក់ឃុំ សង្កាត់ គឺ​ផ្សះផ្សា​សះជា (​ភាគី​នៃ​បណ្តឹង​យល់ព្រមស្រុះស្រួល​គ្នា​) ចំនួន ២២ បណ្តឹង​។ ផ្សះផ្សា​មិន​សះជា (​ភាគី​នៃ​បណ្តឹង មិន​ព្រម​ស្រុះស្រួល​គ្នា​) ចំនួន ១០ បណ្តឹង​។ ដើមបណ្តឹង​សុំ​ដក​ពាក្យបណ្តឹង​វិញ ចំនួន ៤ បណ្តឹង ។ ធ្វើលិខិត​ជូនដំណឹង​បដិសេធ ពាក្យបណ្តឹង ចំនួន ១៩ បណ្តឹង​។ លើក​ពាក្យបណ្តឹង​ចោល ដោយសារ​ដើមបណ្តឹង មិន​ចូលរួម ចំនួន ១ បណ្តឹង ។​

​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​បណ្តឹង​សរុប ចំនួន ៧៥ បណ្តឹង ក្នុងចំណោម​បណ្តឹង ទាំង ៧៥ នេះ មាន ៣ បណ្តឹង ជា​បណ្តឹង ប្តឹង​បន្ត​មកពី កប / ឃស ជា​បណ្តឹង​សុំឱ្យ មានការ​ផ្តន្ទាទោស ។​

​លទ្ធផល​នៃ​ការដោះស្រាយ​បណ្តឹង នៅ​ថ្នាក់ គ​.​ជ​.​ប គឺ​ធ្វើលិខិត​ជូនដំណឹង បដិសេធ​ពាក្យបណ្តឹងចំនួន ៦៨ បណ្តឹង ។ ធ្វើលិខិត​ជូនដំណឹង ទៅ​ដើមបណ្តឹង និង​លិខិត​ក្រើនរំលឹក ចំនួន ៥ បណ្តឹង ។ ចារ​បដិសេធ ចំនួន ១ បណ្តឹង​។ សេចក្តីសម្រេច​បដិសេធ​ពាក្យបណ្តឹង ចំនួន ១ បណ្តឹង ។​

​ពាក្យបណ្តឹង​ភាគច្រើន ពាក់ព័ន្ធ​ទៅនឹង​ការចេញ​ឯកសារ បញ្ជាក់​អត្តសញ្ញាណ បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត ខុស​នីតិវិធី ។ ការចេញលិខិត​បញ្ជាក់​ទីលំនៅ របស់​អាជ្ញាធរ ជូន​ប្រជាពលរដ្ឋខុស​នីតិវិធី ការចោទប្រកាន់ មន្ត្រី​បោះឆ្នោត និង កប / ឃស ពាក់ព័ន្ធ​នឹង​ការហាមឃាត់ ក្នុងការ​ថតរូប​បុគ្គល និង​ទិន្នន័យ អ្នក​ចុះឈ្មោះ​បោះឆ្នោត ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular