ប្រែសម្រួលៈវាសនា/ប៉េកាំង៖ចិនកាលពីថ្ងអង្គារទី២៤វិច្ឆិកាបានបាញ់បង្ហោះយានអវកាសមួយដើម្បីទៅប្រមូលយកប៉ាន់គំរូវត្ថុធាតុមកពីព្រះចន្ទ ក្នុងការប៉ុនប៉ងលើកដំបូងដើម្បីទាញយកវត្ថុធាតុមកពីភពរណបរបស់ផែនដីយើងនេះ។
រ៉ុក្កែត ឡង ម៉ាច ហ្វាយ( Long March-5)មួយ ផ្ទុកយានអវកាសឆាងជី ហ្វាយ(Chang’e-5 )បានចេញដំណើរពីទីតាំងបាញ់បង្ហោះយានអវកាសវេងឆាង(Wenchang )នៅលើឆ្នេរខេត្តហៃណាននៅម៉ោង៤កន្លះជិតភ្លឺ។
Chang’e-5 ជាបេសកកម្មស្មុគស្មាញនិងមានការប្រឈមបំផុតមួយក្នុងប្រវត្តិយានអវកាសចិន និងបេកកម្មប្រមូលប៉ាន់គំរូវត្ថុធាតុលើឋានព្រះចន្ទនានាអស់ពេលជាង៤០ឆ្នាំមកនេះ។វានឹងជួយជំរុញវិទ្យាសាស្ត្រនិងការអភិវឌ្ឍន៍បច្ចេកវិទ្យារប់ចិន ហើយបង្កើតគ្រឹះសំខាន់មួយសំរាប់ការចុះចតនៅព្រះចន្ទនាពេលអនាគតរបស់អ្នកអវកាសចិន និងការសិក្សាស្រាវជ្រាវក្នុងជំរៅអវកាស នេះបើតាមលោកប៉េ ចាវយូ នាយករងនៃមជ្ឈមណ្ឌលកម្មវិធីអវកាសនិងការស្រាវជ្រាវព្រះចន្ទ នៅរដ្ឋបាលអវកាសជាតិចិន។
Chang’e-5ដែលផ្សំដោយយានគោចរមួយ យានចុះចតមួយនិងយានវិលត្រឡប់កកាន់ផែនដីមួយ មានទម្ងន់សរុប៨,២តោន។វាត្រូវរំពឹងថានឹងសំរេចការធ្វើដំណើរនេះហើយចូលក្នុងគន្លងព្រះចន្ទ។
ក្រោយចូលក្នុងគន្លងរបស់ព្រះចន្ទ យានចុះចតនឹងផ្តាច់ចេញពីយានគោចរនិងយានវិលត្រឡប់នៅកំពស់ប្រមាណ២០០គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ ហើយវានឹងចុះទៅតំបន់អូស៊ីអានឹស ប្រូសេលរុម(Oceanus Procellarum) ដែលគេក៏ហៅថាតំបន់នេះថា« សមុទ្រព្យុះ» នៅដើមខែធ្នូ ឆ្នាំ២០២០។
ក្នុងរយៈពេល៤៨ម៉ោង ដៃយន្តមួយនឹងលូកចាប់យកដុំថ្ម និងកំទេចដីនៅលើផ្ទៃព្រះចន្ទ ហើយការខួងចូលក្នុងដីផ្ទៃព្រះចន្ទមួយក៏នឹងធ្វើឡើងដែរ។នឹងមានការប្រមូលយកប៉ាន់គំរូដីនិងថ្ម ២គីឡូក្រាម ដាក់ចូលក្នុងប្រអប់មួយក្នុងយានអវកាស។
បន្ទាប់មកយានចុះចតនឹងហោះឡើងមកភ្ជាប់ជាមួយយានគោចរនិងយានវិលត្រឡប់វិញ ដែលរង់ចាំក្នុងគន្លងគោចររបស់ព្រះចន្ទ។ក្រោយការផ្ទេរប្រអប់ផ្ទុកប៉ាន់គំរូវត្ថុធាតុព្រះចន្ទទៅកាន់យានវិលត្រឡប់ យានចុះចតនេះនឹងផ្តាច់ខ្លួនចេញពីយានគោចរសាជាថ្មី។
នៅពេលទំនាក់ទំនងភូមិសាស្ត្ររវាងព្រះចន្ទនិងផែនដីសមស្រប យានគោចរនឹងនាំយានវិលត្រឡប់មកកាន់ផែនដីវិញ។យានវិលត្រឡប់នឹងចូលក្នុងបរិយាកាសផែនដីជាថ្មី ហើយចុះចតនៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងរបស់ចិន។
ដំណើរទាំងមូលត្រូវចំណាយពេលជាងម្ភៃថ្ងៃ ។
លោកប៉េ បាននិយាយថា ប្រសិនបើបេសកកម្ម Chang’e-5ទទួលជោគជ័យ គំរោងសិក្សាស្រាវជ្រាវព្រះចន្ទបច្ចុប្បន្នរបស់ចិន នឹងឈានទៅរកការបញ្ចប់ដោយជោគជ័យ។
យកឈ្មោះតាមទេពធិតាព្រះចន្ទរបស់ចិន ឆាងជី ជាកម្មវិធីសិក្សាស្រាវជ្រាវព្រះចន្ទ៣ដំណាក់កាលរបស់ចិន ដែលបានចាប់ផ្តើមនៅឆ្នាំ០០៤ រួមមានគោចរនិងចុះចតនៅលើព្រះចន្ទ ហើយនាំគំរូប៉ាន់វត្ថុធាតុលើព្រះចន្ទមកកាន់ផែនដី។
លោកប៉េ បាននិយាយថា តាមរយៈកម្មវិធីនេះ ចិនទាមទារបច្ចេកវិទ្យាមូលដ្ឋានខាងការសិក្សាស្រាវជ្រាវព្រះចន្ទដោយគ្មានមនុស្សទៅជាមួយ ជាមួយនឹងការវិនិយោគមានកំរិត៕
រ៉ុក្កែតLong March-5 ផ្ទុកយាន Chang’e-5ចេញដំណើរពីកន្លែងបាញ់បង្ហោះនៅខេត្តហៃណាន កាលពីថ្ងៃ២៤វិច្ឆិកា