កសិករ សម្រុក​សាបព្រោះ​ស្រូវ ឡើងវិញ ក្រោយ​ខូចខាត​ ដោយទឹក​ជំនន់ ទឹកភ្លៀង កន្លងទៅ​

ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ កសិករ​ខេត្តបាត់ដំបង ចាប់ផ្តើម​សម្រុក​សាបព្រោះ​ស្រូវ ជាថ្មី ក្រោយ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង នាពេល​កន្លងទៅ និង​ទទួលបាន​ពូជស្រូវ ពី​រាជរដ្ឋាភិបាល​។​

​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី ២៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ នេះ​ថាៈ គ្រោះធម្មជាតិ ទឹកជំនន់ ដោយសារ​ទឹកភ្លៀង កាលពី​ថ្មីៗ កន្លងមកនេះ បាន​បង្ក​ការប៉ះពាល់​ធ្ងន់ធ្ងរ នូវ​ទ្រ​ព​សម្បត្តិ ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម និង​ដំណាំ ក​សិ​-​ឧស្សាហកម្ម ជាច្រើន នៅក្នុង​ស្រុក ចំនួន ៨ ក្នុងនោះ ដំណាំ​ស្រូវ រង​ការប៉ះពាល់​សរុប មាន​ចំនួន ១២៧.១៨៩ ហិកតា ដែលមាន​ស្រូវស្រាល ស្រូវ​ដើមរដូវ ស្រូវកណ្តាល ស្រូវ​ឡើង​ទឹក និង​ស្រូវធ្ងន់ សរុប​ផ្ទៃដី​ខូចខាត ចំនួន ៤២.៥១៧ ហិកតា​។​

​លោក ឈឹម វ​ជិ​រ៉ា បាន​បន្តថាៈ ទូទាំង ៨ ក្រុង ស្រុក ក្នុង​ខេត្តបាត់ដំបង ដែល​ទទួលរង​នូវ ផលប៉ះពាល់ លើ​ដំណាំ​ស្រូវ កន្លងមកនេះ កសិករ សរុប​ទាំងអស់ ត្រូវការ​ពូជស្រូវ ចំនួន ៧១៧ តោន ដែល​គិត​ជា​មធ្យម ស្រូវពូជ ចំនួន ១០០ គីឡូក្រាម ក្នុង​មួយ​ហិកតា ដើម្បី​ស្តារ​ការខូចខាត​ឡើងវិញ​។​

​គណៈកម្មាធិការ គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តបាត់ដំបង បានបង្ហាញ​ឱ្យដឹងថាៈ ទាក់ទង​ទៅនឹង​ស្តារឡើងវិញ​នេះ ប្រជាកសិករ ក្នុងស្រុក ក្រុង ដែល​ប៉ះពាល់​ទាំងអស់ ត្រូវបាន​ផ្តល់នូវ ពូជស្រូវ​ជាច្រើន ពី​សំណាក់​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​សប្បុរសជន​នានា ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្កលក្ខណៈ ដល់​កសិករ លើកកម្ពស់​ការដាំដុះ ស្តារឡើងវិញ ដោយ​កសិករ បាន​សម្រុក​លើ​ការងារ​ភ្ជួរ​រាស់ សាបព្រោះ បាន​ផ្ទៃដី ចំនួន ៥.៨៣១ ហិកតា ស្មើនឹង ៥៥,៥៣ %​។ ជំនន់​ទឹកភ្លៀង​ថ្មីៗ កន្លងទៅនេះ បាន​បង្ក​ការប៉ះពាល់ ដល់​បងប្អូន​ប្រជាពលរដ្ឋ រាប់ម៉ឺន​គ្រួសារ នៅក្នុង​តំបន់​ស្រុក​មោងឫស្សី , បាណន់ , សង្កែ , ឯក​ភ្នំ , គាស់ក្រឡ , រុក្ខ​គិរី , ប​វេ​ល និង​ស្រុក​ថ្មគោល​៕/V

កសិករ​ទទួល​ស្រូវពូជ​ពីរ​ដ្ឋ ជាមួយ​ការងារ​ស្ដារឡើងវិញ (​រូបៈ ភ្នំ​ខៀវ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular