ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ ករណីជូញដូរគ្រឿងញៀន ជាង ៣ គីឡូក្រាម បានត្រូវសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីម៉ោង ២និង៣៥នាទី រសៀលថ្ងៃទី២២ ខែវិច្ឆឹកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ក្បែររោងចក្រកាត់ដេរ តាមផ្លូវលំ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការការសម្របសម្រួល ពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកានេះថាៈ កាលពីវេលាម៉ោង ២និង៣៥នាទី រសៀលថ្ងៃទី២២ ខែវិច្ឆឹកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ័រ វុទ្ធ នាយករងមន្ទីរ ក្រោមការសម្របសម្រួល ពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី បានចុះបើកការស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរនូវគ្រឿងញៀន ដោយខុសច្បាប់ មួយករណី នៅចំណុចបន្ទប់ជួល ក្បែររោងចក្រកាត់ដេរ តាមផ្លូវលំ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាលទ្ធផលឃាត់ខ្លួន ជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន ប្រមាណជាង ៣ គីឡូក្រាម។ ជនសង្ស័យ ដែលឃាត់ខ្លួនបាននេះ ឈ្មោះ អ៊ុល ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថាៈ ជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន ដែលសមត្ថកិច្ចចាប់ខ្លួនម្នាក់នេះ គឺជាឈ្មួញកណ្តាល ទទួលទិញពីមេខ្លោងធំៗ ដែលនាំចូលមកពី ប្រទេសឡាវ ដោយបានយកទៅលក់ និងចែកចាយ ឲ្យម៉ូយតូចៗ សម្រាប់ប្រើប្រាស់ ជាបន្តបន្ទាប់ទៀត ។ ជាក់ស្តែង ជនសង្ស័យម្នាក់នេះ ពេលទិញថ្នាំញៀនបានហើយ គេយកទៅលាក់ទុក នៅក្នុងបន្ទប់ជួល ដើម្បីលក់ និងចែកចាយបន្ត តែដោយមានការស្រាវជ្រាវ ពីកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ជនសង្ស័យ ត្រូវបានបង្ក្រាប និងចាប់ខ្លួនជាមួយ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធជាង ៣ គីឡូក្រាម ៕/V