ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
គណៈកម្មការ
(គៈណៈ-កាំ-ម៉ៈ-កា)
នាមសព្ទ
( បា. ) ជនមួយក្រុម ឬ ក្រុមជំនុំដែលចាត់តាំងឡើង ដោយពិធីបោះឆ្នោត ឬ ដោយការជ្រើសតាំង សម្រាប់ឲ្យពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក
គណៈកម្មការវប្បធម៌ បានបង្កើតពាក្យខ្មែរថ្មីៗ ជាច្រើន ។
គណៈកម្មាធិការ
(—កាំ-ម៉ា-ធិ-កា)
នាមសព្ទ
( បា. ) សមាជិកមួយក្រុមដែលតាំងឡើងក្នុងក្រសួងរាជការ ឬ ក្នុងសភាដើម្បីឲ្យប្រតិបត្តិសម្រេចការណាមួយ
មុខការនេះស្រេចលើគណៈកម្មាធិការ ។
គណៈប្រតិភូ
(—ប្រៈ តិ—)
នាមសព្ទ
( សំ. ) ជនមួយក្រុម ឬ គណៈកម្មការមួយក្រុម ដែលគេចាត់ឲ្យជាតំណាងជាតិ, តំណាងប្រទេស ឬ តំណាងក្រុមណាមួយ ដើម្បីបំពេញកិច្ចការផ្សេងៗ ឯបរទេស ឬ ក្នុងប្រទេស ។
គណៈរដ្ឋមន្ត្រី
នាមសព្ទ
( បា. គណរដ្ឋ + សំ. មន្ត្រី ) ពួកក្រុមនៃរដ្ឋមន្ត្រី ដែលមាននាយករដ្ឋមន្ត្រីមួយរូបជាប្រមុខ ។