ប្រែសម្រួលៈវាសនា/ម៉ានីល៖ស្ថានទូតចិននៅហ្វីលីពីន បានប្រកាសថ្កោលទោសអាម៉េរិក ចំពោះ«ការបង្កភាពវឹកវរ»នៅអាស៊ី ក្រោយតំណាងសេតវិមានម្នាក់ដែលបានទៅទស្សនកិច្ចទីនោះបានប្រកាសគាំទ្រប្រទេសនានាដែលមានជម្លោះជាមួយចិន និងបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា ប្រើវត្តមានយោធាដើម្បីជំរុញផលប្រយោជន៍របស់ខ្លួន។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចក្រុងម៉ានីល កាលពីថ្ងៃចន្ទ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក រ៉ូប៊ឺត អូប្រាយអ៊ឹន បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះកោះតៃវ៉ាន់ និងបានប្រាប់ហ្វីលីពីន ព្រមទាំងវៀតណាមថា «យើងត្រៀមជួយនិងការពារអ្នក»។
ស្ថានទូតចិនកាលពីយប់ថ្ងៃចន្ទបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា«វាបង្ហាញថា ដំណើរទស្សនកិច្ចរបស់គាត់មិនបានជួយជំរុញសន្តិភាពនិងស្ថិរភាពតំបន់ទេ តែបង្កភាពវឹកវរនៅក្នុងតំបន់ ដើម្បីស្វះស្វែងរកផលប្រយោជន៍របស់អាម៉េរិកខ្លួនឯង»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «សហរដ្ឋអាម៉េរិក មិនគួរញុះញង់អោយមានការប្រឈមមុខគ្នានៅក្នុងសមុទ្រចិនខាងត្បូងនិងឈប់និយាយបែបមិនទទួលខុសត្រូវពាក់ព័ន្ធនឹងកោះតៃវ៉ាន់និងបញ្ហាហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ការពិតបង្ហាញថា អាម៉េរិកជាអ្នកជំរុញយោធូបនីយកម្មធំបំផុតនិងជាសមាសភាពខាងក្រៅគ្រោះថ្នាក់បំផុតនៅសមុទ្រចិនខាងត្បូង»។
លោកអូប្រាយអ៊ឹន បានព្រមានចិនថានឹងប្រឈម«ផលវិបាក» បើសិនជាប៉ុនប៉ងប្រើកម្លាំងយោធាដើម្បីបង្ខិតបង្ខំបំភ័យកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តផ្តាច់ខ្លួនមួយរបស់ខ្លួនហើយនៅរង់ចាំពេលតែនឹងធ្វើការបង្រួមបង្រួមជាមួយចិនដីគោកវិញប៉ុណ្ណោះ ដោយមិនមានសិទ្ធិបង្កើតទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋឡើយ។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកនិងចិន មានជម្លោះនឹងគ្នាលើបញ្ហាជាច្រើន ចាប់ពីបច្ចេកវិទ្យា និងសិទ្ធិមនុស្ស រហូតដល់ការធ្វើយោធូបនីយកម្មក្នុងសមុទ្រចិនខាងត្បូង ដោយម្ខាងៗចោទប្រកាន់គ្នាថាមានចេតនាបង្ករឿង។
ចិនអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងប្រមាណ៩០ភាគរយដោយជាន់លើការអះអាងរបស់វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ហើយអាម៉េរិកទោះជាប្រទេសក្រៅតំបន់បានបញ្ជូននាវាចម្បាំងមកបើកឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះជាញឹកញាប់ដើម្បីរក្សាសេរីភាពនាវាចរណ៍នៅទីនោះ៕
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក រ៉ូប៊ឺត អូប្រាយអ៊ឹន បានទស្សនកិច្ចក្រុងម៉ានីលកាលពីថ្ងៃចន្ទ ដោយបានប្រគល់កាំជ្រួចនិងសម្ភារសឹក រួមមានឧបករណ៍កំណត់និងចាប់គោលដៅសត្រូវដើម្បីវាយប្រហារ(ក្នុងរូប)សំរាប់ប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ភាគខាងត្បូង។លោកក៏បានសន្យាជួយការពារហ្វីលីពីន ក្នុងករណីកងកម្លាំងហ្វីលីពីនរងការវាយប្រហារនៅសមុទ្រចិនខាងត្បូង