ដោយ: ទេព មង្គល / ស្ទឹងត្រែង: ក្រុមហ៊ុន ហ៊ុនទី ខូអិលធីឌី បានកំពុងរៀបគម្រោងដាក់ទុនវិនិយោគ លើផលដំណាំកសិកម្ម និងបង្កើតឱ្យមានរោងចក្រកែច្នៃ ផលិតផលកសិកម្ម ដែលផលិតបាន ដោយប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង។
ពាក់ព័ន្ធនឹងគម្រោងនេះ អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុន ហ៊ុនទី ខូអិលធីឌី បានចុះហត្ថលេខា លើអនុស្សរណៈ ស្ដីពីការវិនិយោគ លើផលដំណាំកសិកម្ម ជាពិសេសដំណាំ ស្វាយកែវរមៀត ស្វាយចន្ទី និង ដំឡូងមី។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានត្រូវចុះហត្ថលេខា ដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក Wang Antony ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហ៊ុនទី ខូអិលធីឌី នៅសាលាខេត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ ថ្មីៗនេះ ។
លោក ម៉ុម សារឿន បានមានប្រសាសន៍ថា នេះជាការពង្រីក កិច្ចសហប្រតិបត្តិការ វិនិយោគ លើផលដំណាំកសិកម្ម ដោយក្រុមហ៊ុន ហ៊ុនទី ខូអិលធីឌី នឹងបង្កើតឱ្យមានរោងចក្រកែច្នៃ ផលិតផល កសិកម្ម ដែលកសិករផលិតបាន ធ្វើជាផលិតផលសម្រេច។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា: នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន រយៈពេល៥ឆ្នាំ ដែលខេត្តបានដាក់ចេញ ហើយនៅពេលខេត្តមានរោងចក្រកែច្នៃផលិតផល នឹងជំរុញឱ្យមានទីផ្សារលក់ផលិតផលកសិកម្ម ដែលកសិករ ផលិតបាន ដោយមិនមានការកកស្ទះទៀតឡើយ។
ជាមួយគ្នានេះ លោក Wang Antony បានបញ្ចាក់ថា: នេះជាការពង្រឹង ការទាក់ទង រវាងផ្នែករដ្ឋនិងវិស័យឯកជន ធ្វើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ដែលមានការទទួលស្គាល់ពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសទាំងពីរ កំពុងមានទំនាក់ទំនងល្អ លើគ្រប់វិស័យ។
លោក Wang Antony បានអះអាងថា: កិច្ចការងារវិនិយោគ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស ប្រជាជនកម្ពុជា ព្រោះក្រុមហ៊ុន ហ៊ុនទីខូូអិលធីឌី ជាក្រុមហ៊ុនដែលធ្វើការវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម ឱ្យមានគុណភាព សុវត្តិភាព និងអនាម័យ ដើម្បីនាំយកទៅទីផ្សារនានា របស់ក្រុមហ៊ុន នៅតាមបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។
សូមបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលខេត្តស្ទឹងត្រែង មានក្រុមហ៊ុន មកធ្វើការវិនិយោគ លើផលដំណាំកសិកម្ម និងបង្កើតឱ្យមានរោងចក្រកែច្នៃផលិតផល ដើម្បីជំរុញឱ្យមានទីផ្សារកសិផល និងមានការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងខេត្ត ជាប់ព្រំដែនភាគឦសានមួយនេះ៕