Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​រាជធ...

អាជ្ញាធរ​រាជធានី​សម្រេចយក​ការលិចលង់​ដោយ​ទឹកជំនន់​នៅ​ខណ្ឌដង្កោ​ជា​បញ្ហា​អតិ​ភាព​ក្នុងការ​ដោះស្រាយ​មុនគេ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​សម្រាប់​ខណ្ឌដង្កោ​ផ្ដោត​ប្រមូលផ្ដុំ​បញ្ហា​ជា​អាទិភាព​មួយ​នោះ គឺ​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់ ក្រោយពី​ខណ្ឌ​នេះ បាន​ទទួលរង​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ​នាពេល​កន្លងមក​នេះ ដោយបាន​ធ្វើឱ្យ​លំនៅដ្ឋាន​និង​ស្រែចំការ​របស់​ប្រជាពលរដ្ឋ ទទួលរង​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ​។​

​ការបញ្ជាក់​បែបនេះ​រប​ស់លោក​ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​នេះ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សាលា​ខណ្ឌដង្កោ ។​

​លោក ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា​៖ សម្រាប់​ខណ្ឌដង្កោ​សំរេច​ជ្រើសរើស​បញ្ហា​ធំ​មួយ​ជា​អ​ត្តិ​ភាព នោះ​គឺ​ដោះស្រាយ​បញ្ហា​លិចលង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់​។ លោក​ថា​៖ បញ្ហា​លិចលង់​នេះ ជា​បញ្ហា​ចម្បង​ដែល ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​រួមគ្នា​ដោះស្រាយ​ឲ្យ​បានល្អ​ប្រសើរ យើង​នឹងដាក់​បញ្ហា​នេះ​ជា​កញ្ចប់​មួយ​ដើម្បី​សិក្សា​ធ្វើការ​ដោះស្រាយ ។ ទី​១ ការពង្រីក​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ឱ្យ​ធំ​ជាង​មុន ពង្រីក​កុំឱ្យ​មាន​រន្ធ​នាគ ការលើកកម្ពស់​ទំនប់​សណ្ត​ស្ទឹង​ឱ្យ​ខ្ពស់ជាង​មុន ។ ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ពិតជា​មាន​សារៈសំខាន់ បើ​បាក់​ទំនប់​នេះ​បាក់​ឬ​លិច​នោះ វា​មិន​ត្រឹមតែ​លិចលង់​ក្នុង​ខណ្ឌដង្កោ​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ប្រឈម​ដល់​បណ្ដា​ខណ្ឌ​មួយចំនួន​ផ្សេងទៀត​ផងដែរ​។​

​លោក​បន្តថា​៖ បញ្ហា​ដោះស្រាយ​ការលិចលង់​នេះ​យើង​មិន​ត្រឹមតែ លើក​កំពស់​ទំនប់​បណ្ត​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​ធំ​ជាង​មុន​និង​ខ្ពស់ជាង​មុន​ប៉ុណ្ណោះ​ទេ តែ​យើង នៅ​បន្ត​ពង្រីក​ប្រព័ន្ធ ប្រឡាយ លូ​ឱ្យ​ធំ​ជាង​មុន​ផងដែរ ដោយហេតុថា​ការលិចលង់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេវា​ប្រឈម​ជាមួយនឹង​ជំងឺ​ដ​ង្កា​ត់​ផងដែរ​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ជា​ទិសដៅ​នឹង​អនុវត្ត​ការងារ​អោយបាន​ជោគជ័យ​ចំនួន​៤​ចំណុច​ថែមទៀត ក្នុងនោះ​ទី​១ អនុវត្ត​ឲ្យ​បានល្អ​នូវ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។​ទី​២ ការទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​មិនទាន់បាន​សាបរលាប​នៅឡើយ​។ ទី​៣​ដោះស្រាយ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ដោយ​ជំងឺ​កូ​វីដ​-១៩ ពោលគឺ​អាជ្ញាធរ​ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់ ដោយ​មិន​ឱ្យមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​ទេ ។​លោក​សង្ឃឹមថា​៖ ជំងឺ​កូ​វីដ​-១៩​នេះ​អាច​នឹង​បញ្ចប់​នៅ​ខែ​០៣​ឬ​ខែ​០៤​ឆ្នាំ ២០២១​ខណៈ​ដែរ វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​បានចេញ​ជា​ផ្លូវការ ។​ទី​៤ ដោះស្រាយ​បញ្ហា​ស្រូវ​នៅ​ខណ្ឌដង្កោ ដោយសារតែ​ខណ្ឌដង្កោ គឺជា​ខណ្ឌ​មួយ​ដែលមាន​ផ្ទៃដី​សម្រាប់ធ្វើ​កសិកម្ម​ច្រើន​។ ដូច្នេះ​អាជ្ញាធរ​ត្រូវ​តាមដាន​ពិនិត្យមើល​បើ​ប្រជាពលរដ្ឋ​អត់​មាន​ស្រូវពូជ​ត្រូវ​ផ្តល់​ស្រូវពូជ​ឲ្យ​ពួកគាត់ បើ​មិន​មានទឹក​គ្រប់គ្រាន់​ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ពួកគាត់​។​

​គួរបញ្ជាក់​ផងដែរ​ដឹងថា​៖​ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ខាងលើនេះ ប្រជាពលរដ្ឋ​បានលើកឡើង​ជា​សំណើ​ផ្ទាល់​មាន់​ចំនួន​១៧​នាក់​ដឹង​សំណើ​ជាលា​យ​ល័​ក្ស​អក្សរ​ចំនួន​២៩​សំបុត្រ ហើយ​ក្នុង​សំណើ​និង​សំណូមពរ​ទាំងនោះ​ភាគច្រើន​គឺ​ប្រជាពលរដ្ឋ​បានលើកឡើង​ពី បញ្ហា​ទឹក​លិចលង់​លំនៅដ្ឋាន​របស់​ពួកគាត់ ការ​សូម​ស្ថាបនា​ផ្លូវ ដាក់​គំនូស​ចរាចរណ៍ ការ​មាន​វិធានការ​ចំពោះ​ឡានធំៗ​ដឹក​ដី​បង្ក​គ្រោះថ្នាក់ ហើយ​ការ​សូម​ផ្ដល់​សៀវភៅ​ស្នាក់នៅ​ក៏ត្រូវ​បានលើកឡើង​នៅក្នុង​វេទិកា​នេះ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular