ប្រែសម្រួលៈវាសនា/បាងកក៖ប៉ូលិសថៃនឹងដាក់ពង្រាយកម្លាំង៦.០០០នាក់នៅថ្ងៃពុធទី២៥វិច្ឆិកាស្អែកនេះនៅការិយាល័យគ្រប់គ្រងរាជទ្រព្យ នៅពេលព្រះរាជាណាចក្រនេះប្រឈមនឹងបាតុកម្មរបស់ពួកអ្នកប្រឆាំងទាមទារអោយស្តេច មហា វិជ្ជរ៉ាឡុងកន បោះបង់ការគ្រប់គ្រងព្រះរាជទ្រព្យដោយព្រះអង្គឯងផ្ទាល់។
ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា នឹងមិនអនុញ្ញាតអោយបាតុករណាចូលជិតការិយាល័យព្រះរាជទ្រព្យចម្ងាយ១៥០ម៉ែត្រចុះឡើយ ។នៅទីនេះ ពួករាជានិយមក៏មានផែនការជួបជុំបង្ហាញការគាំទ្ររបបរាជានិយមដែលជួបការប្រឈមខ្លាំងបំផុតមិនធ្លាប់មាននៅប៉ុន្មានទសវត្សរ៍មកនេះ។
លោក ភីយ៉ា តាវីឆៃ នាយរងប៉ូលិសក្រុងបាងកក បាននិយាយថា ក្រុមបាតុករទាំងពីរនេះនឹងត្រូវរក្សាអោយនៅដាច់ពីគ្នា។លោកថា «អាស្រ័យការប្រព្រឹត្តរបស់ពួកគេ យើងនឹងចាត់វិធានការសមស្រប»។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន មនុស្សជាង៥០នាក់បានរងរបួសនៅពេលប៉ូលិសបាញ់ទឹកនិងឧស្ម័នដាក់អ្នកតវ៉ាប្រឆាំងរាប់ពាន់នាក់នៅក្រៅអាគារសភា ក្នុងការប្រឈមមុខដ៏ហិង្សាបំផុតក្នុងចំណោមការប្រឈមមុខនានានៃបាតុកម្មអស់ពេលជាង៤ខែមកនេះ។
ពួកអ្នកប្រឆាំងតវ៉ា ទាមទារដកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង សរសេររដ្ឋធម្មនុញ្ញថ្មីមួយនិងកែទំរង់របបរាជានិយមដើម្បីកុំអោយស្តេចមានអំណាចហូរហៀរហួសពីព្រះមហាក្សត្រអាស្រ័យធម្មនុញ្ញដូចមានចែងក្នុងច្បាប់កំពូល។
ក្នុងចំណោមការទាមទាររបស់ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺលុបចោលការផ្លាស់ប្តូរ ដែលអនុញ្ញាតអោយស្តេចបច្ចុប្បន្នគ្រប់គ្រងព្រះរាជ្យទ្រព្យតំលៃរាប់ពាន់លានដុល្លារដោយព្រះអង្គឯងផ្ទាល់។
ក្រុមប្រឆាំងតវ៉ាមួយដែលមានឈ្មោះថា «យុវជនសេរី» បាននិយាយថា ខ្លួននឹងដឹកនាំបាតុកម្មនៅថ្ងៃពុធ «ដើម្បីដណ្តើមទ្រព្យសម្បត្តិដែលជារបស់ប្រជាជន»មកវិញ។
ទោះជាពួកបាតុករទាមទារដូច្នេះ ព្រះបរមរាជវាំងថៃមិនបានប្រតិកម្មយ៉ាងណាទេ ទោះជាយ៉ាងណាស្តេចថៃបានមានបន្ទូលកាលពីពេលថ្មីៗថា ព្រះអង្គនៅតែស្រឡាញ់ពួកអ្នកប្រឆាំងតវ៉ាដូចៗគ្នាទាំងអស់។
ចំណែកលោកប្រាយុទ្ធ បានច្រានចោលការទាមទារអោយលោកចុះចេញពីតំណែង និងកាលពីសប្តាហ៍មុនបាននិយាយថា គ្រប់ច្បាប់នឹងយកមកប្រើប្រឆាំងពួកបាតុករណាដែលរំលោភច្បាប់ រួមទាំងច្បាប់ហាមប្រមាថស្តេចផងដែរ៕
ប៉ូលិសបង្ក្រាបបាតុកម្មឈរយាមនៅមុខវាំងក្នុងក្រុងបាងកក នៅពេលពួកបាតុករប្រឆាំងរដ្ឋាភិបាលដើរដង្ហែញត្តិមកកាន់វាំងកាលពីពេលកន្លងទៅ