ដោយ៖ដេប៉ូ / មណ្ឌលគិរី៖ វាជាដំណឹងគួរឱ្យរីករាយមួយទៀតដែលអ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូង នៃដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្មីៗកន្លងមក។
បើយោងតាមការឱ្យដឹងពីអង្គការអភិរក្សសត្វព្រៃ WCS នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អ្នកភូមិបានប្រទះឃើញហ្វូងដំរីទាំងនេះ កាលពីអំឡុងចុងខែតុលា។ ការប្រទះឃើញនេះ ខណៈពេលដែលពួកគាត់ជាប្រជាពលរដ្ឋរស់នៅតំបន់នោះដើរចូលព្រៃ។ ភ្លាមៗនោះដែរ ពួកគាត់បាននាំគ្នាប្រញាប់ប្រញាល់រត់ឡើងលើដើមឈើ ដើម្បីរកទីសុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភពខាងលើនេះ បានបញ្ជាក់ថា អ្នកស្រុកម្នាក់ឈ្មោះ លោក ពឿន កឿន ជាអ្នកភូមិពូចារស្ថិតក្នុងក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់គាត់ថតសកម្មភាពសត្វដំរីទាំងនោះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើ ដែលពួកគាត់កំពុងលាក់ខ្លួន។
ប្រភពដដែលនេះបញ្ជាក់ថា ក្នុងចំណោមហ្វូងនោះ មានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតាហ្វូងដំរីនីមួយៗ ដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។
មន្ត្រីជំនាញរបស់អង្គការ WCS បានឱ្យដឹងថា ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី មានការប៉ាន់ប្រមាណថា មានដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយការដែលបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។
តាមការបញ្ជាក់របស់អង្គការ WCS បានឱ្យដឹងដែរថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែង ដោយសារការបាត់បង់ទីជម្រករបស់ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។ ក៏ប៉ុន្តែប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនោះ មិនសប្បាយចិត្ត និងរអ៊ូរទាំថា សត្វដំរីទាំងនោះ តែងតែមកស៊ីបំផ្លាញដំណាំរបស់ពួកគាត់ជារឿយៗ៕