ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែតាមបណ្តោយតានមាត់ទន្លេដែលមានប្រវែង៣៨០០ម៉ែត្រ ដែលបានរងផលប៉ះពាល់គ្រាដែលទឹកជំនន់កន្លងទៅ បណ្តាលអោយប្រេះស្រុតតាមកន្លែងអន្លើៗ ត្រូវបានអាជ្ញាធរស្រុក.ឃុំសហការជាមួយខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បាននិងកំពង់ធ្វើការជួសជុលកែលម្អអោយធ្វើការដំណើយជាបណ្តោះអាសន្នឡើងវិញហើយ គ្រាដែលផ្លូវមួយនេះក៏មមាញឹកខ្លាំងនៅក្នុងការដឹកជញ្ជូនទៅមករបស់ប្រជាពលរដ្ឋផងដែរ។
ផ្លូវមួយខ្សែនេះ តាមបណ្ដោយមាត់ទន្លេចេញពីភូមិកំពង់ត្រឡាចក្រោមស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង និងបានតភ្ជាប់ទៅស្រុកពញាឮ ខេត្តកណ្តាល ដែលអាជ្ញាធរឃុំកំពង់ត្រឡាចធ្វើការស្ថាបនាឡើងនៅក្នុងឆ្នាំ២០១៨ ដោយមានការចូលរួមពីសហគមន៍ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការស្ថាបនាផ្លូវមួយនេះ សម្រាប់ធ្វើការចរាចរទៅមកបានស្រួលនិងឆាប់រហ័សផងដែរ។
លោក អាំ សុគន្ធ ភិបាលរងស្រុកកំពង់ត្រឡាច បានឲ្យដឹងថ្ងៃទី២៤វិច្ឆិកា២០២០នេះថា ដោយមានការយកចិត្តទុកដាក់ពីអភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានប្រញាប់ចុះមកសហការគ្នាជាមួយនឹងអាជ្ញាធរស្រុកឃុំ ចុះមកធ្វើការជួសជុលកែលម្អកំណាត់ផ្លូវដែលរងការប្រេះហើយស្រុតចុះ ដោយធ្វើយ៉ាងណាឱ្យបានដំណើរការឡើងវិញ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ដែលបងប្អូនឆ្លងកាត់ទៅមកតាមផ្លូវផងដែរ។ ការជួសជុលកំណាត់ផ្លូវនេះឡើងវិញ ជាថវិការបស់មន្ទីសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង៕