Home ព័ត៌មានជាតិ នយោបាយ ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ពី​ភាពជោគជ័យ​នៅក្នុង​ការគ្រប់គ្រង​ស្ថានភាព នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដល់​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​គូសបញ្ជាក់​អំពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​នៅក្នុង​ការគ្រប់គ្រង​ស្ថានភាព នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី​២១ (21st ACAMM) តាមរយៈ​ប្រព័ន្ធ Virtual Conference នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ថ្មីៗ​នេះ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្គា​ល់ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​លេខ ៣ ក្នុងចំណោម ១៦៦ ប្រទេស​​ក្នុង​ពិភពលោក និង​ជា​ប្រទេស​លេខ ១ នៅក្នុង​ទ្វីបអាស៊ី ចំពោះ​ប្រសិទ្ធភាព​នៃ​ការគ្រប់​គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់ និង​បាន​សង្កត់ធ្ងន់ថា ភាពជោគជ័យ​នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ​។

​ជាក់ស្តែង​ណាស់ គឺជា​ជោគជ័យ​ដែល​កើតឡើង​ដោយ​សមត្ថភាព​នៃ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ស្ថានភាព​នៃ​វិបត្តិ​នេះ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ឆ្លើយតប​ជាច្រើន​ប្រកបដោយ​ភាពម៉ឺងម៉ាត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត រួមជាមួយ​នឹង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង ០៩ ផ្សេងទៀត បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ព​ជើងគោក​អាស៊ាន​លើក​ទី​២១ (21st ACAMM) តាមរយៈ​ប្រព័ន្ធ Virtual Conference ដែល​រៀបចំឡើង​ក្រោម​ការសម្របសម្រួល​រប​ស់​កងទ័ពជើងគោក​ប្រ៊ុយណេ ជា​ប្រធាន​នៃ​កិច្ចប្រជុំ និង​ក្រោម​ប្រធានបទ “​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​របស់​កង​ទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន នៅ​ចំពោះមុខ​ការប្រែប្រួល​បញ្ហា​សន្តិសុខ​តំបន់ ស្របតាម​គន្លង​បែបបទ​ថ្មី​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩”​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បានកត់សម្គាល់​អំពី​បញ្ហា​ប្រឈម​រួម​របស់​កងទ័ព​នៅ​ចំពោះមុខ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​កង​ទ័ព​នៃ​ប្រទេស​នីមួយៗ​ត្រូវ​រ៉ាប់រង​ទទួលខុសត្រូវ​លើ​ការងារ​ច្រើន​ក្នុងពេល​តែមួយ​។ ក្នុងនោះ ក្រៅ​ពី​​ការខិតខំ​បំពេញភារកិច្ច​ស្នូល​ជាប្រចាំ ដោយ​ត្រូវធ្វើ​យ៉ាងណា​រក្សា​ឱ្យ​ការបំពេញ​ការងារ​ប្រព្រឹត្​តទៅ​ជាធម្មតា​ទាំង​ការងារ​ប្រតិបត្តិការ​, ការងារ​ហ្វឹកហ្វឺន និង​កិច្ចសហការ​ផ្សេងៗ ស្របតាម​គន្លង​​បែបបទ​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ កងទ័ព​ក៏​ត្រូវមាន​ភារកិច្ច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាជន​ផងដែរ​។​

​ឆ្លងតាម​បទ​បង្ហាញ​របស់​កងទ័ពជើងគោក នៃ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ លើ​បទពិសោធ​ន៍​​នៃ​ការឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​អំពី​ជោគជ័យ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា នៃ​ការចូលរួម​របស់​កង​ទ័ព​ក្នុង​ការគាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​រៀងៗ​ខ្លួន​លើ​ការបង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សាកល​នេះ ក្នុងនោះ​កងទ័ព​បាន​ដើរតួនាទី​យ៉ាងសំខាន់​ទាំង​នៅក្នុង​ការចូលរួម​រៀបចំ​ផែនការ​, ការផ្តល់​នូវ​សម្ភារៈ និង​ការដឹកជញ្ជូន​, ការប្រើប្រាស់​កម្លាំង​សុខា​ភិបាល​, ការសហការ​ជាមួយ​ស្ថាប័ន​នគរបាល​នៅក្នុង​ការត្រួតពិនិត្យ​នៅ​តាម​ច្រកព្រំដែន និង​ការអនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​រាល់​វិធានការ​សុខាភិបាល​ទប់ស្កាត់បាន​នូវ​ការចម្លង​នៅក្នុង​អង្គភាព​ជាដើម​។ ជាពិសេស ទោះ​នៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​នេះ កងទ័ព​ក៏​នៅតែ​ខិតខំ​ព្យាយាម​រក្សាបាន​នូវ​សមត្ថភាព​ពេញលេញ និង​ការត្រៀម​លក្ខណៈ​គ្រប់ពេលវេលា អាចបំពេញ​ភារកិច្ច និង​ប្រតិបត្តិការ​ស្ទើរ​ដូច​ធម្មតា​។ ជាក់ស្តែង ខណៈដែល​បណ្តា​ប្រទេស​អាស៊ាន​ភាគច្រើន​ទទួលរង​នូវ​វិបត្តិ​គ្រោះទឹកជំនន់ និង​ខ្យល់ព្យុះ​ដែល​កន្លងទៅ​ថ្មីៗ​នេះ កងទ័ព​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ជារួម​នៅ​ចំពោះមុខ​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់​លុបបំបាត់បាន​នៅឡើយ កិច្ចប្រជុំ​បានកត់សម្គាល់​អំពី​តម្រូវការ​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ទាំង​ប្រពៃណី និង​មិនមែន​ប្រពៃណី រួមទាំង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​កំពុង​ប្រឈម​ថ្មី​នេះ តាមរយៈ​ការពិចារណា​រៀបចំ​សកម្មភាព​សហប្រតិបត្តិ​ការ​មួយចំនួន​ដូចជា ការជួបប្រជុំ​, ការផ្លាស់ប្តូរ​បទពិសោធ​ន៍​របស់​នាយទាហាន​គ្រប់​ជាន់ថ្នាក់ និង​ការធ្វើ​លំ​ហាត់​លើ​តុ​តាម​ប្រព័ន្ធ ICT ទន្ទឹមនឹង​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​សមត្ថភាព​នៅ​ក្នុង​វិស័យ​សន្តិសុខ​ព័ត៌មានវិទ្យា ដើម្បីឱ្យ​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនេះ​រក្សាបាន​នូវ​សុវត្ថិភាព​ខ្ពស់​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ គឺជា​ការជួបប្រជុំ​លើក​ទី​២ តាមរយៈ​ប្រព័ន្ធ Virtual Conference រវាង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បន្ទាប់ពី​ជំនួប​ពិសេស​កាលពី​ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular