Home ព័ត៌មានជាតិ នយោបាយ មន្រ្តីចូលនិវ...

មន្រ្តីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃផ្ញើ​លិខិត​ចំហ​ជូន​លោក​ទូត​អា​ម៉េ​រិក​ប្រចាំ​កម្ពុជា​

យើងខ្ញុំ​ទាំងអស់គ្នា ចាប់តាំងពី​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​មន្ត្រីរាជការ​រហូត​ដល់​ចូលនិវត្តន៍ ពុំដែល​បាន សរសេរ​អត្ថបទ ឬ​លិខិតផ្លូវការ​ណាមួយ សម្តែង​ពី​អារម្មណ៍​ឬ​ការយល់ឃើញ​របស់ខ្លួន​លើ​ទិដ្ឋភាព​ន​យោ​បា​របស់​ប្រទេស​ដែល​ខ្លួន​បានរស់នៅ​ស្ទើរ តែមួយ​ជីវិត​មកហើយ​នោះទេ​។​ប៉ុន្តែ​ដោយបាន​ឃើញ​ចំ​ដែលៗ​នូវ​ការផ្សព្វផ្សាយ​មួយចំនួន​អំពី​ការប៉ុនប៉ង​ប​ន្ទុ​ច​បង្អាក់​ដល់​ដំណើរការ​អភិវឌ្ឍ ក៏ដូចជា​សុខសន្តិភាព​ដែល​កម្ពុជា កំពុងមាន​សព្វថ្ងៃ ទើប​យើងខ្ញុំ​សម្រេចចិត្ត​សរសេរ​លិខិត​ចំហរ​នេះ​ជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត​រួមទាំង​ប្រជាពល​រដ្ឋ​អាម៉េរិក​បាន​ជ្រាប​និង​ពិចារណា​ព្រមទាំង​ជូន​ដល់​សារព័ត៌មាន​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ដើម្បី​ជួយ​ផ្សព្វផ្សាយ​ជូន​បងប្អូន​ជនរួមជាតិ​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ជ្រាប ។​

​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​កសាង ស្តារ និង​អភិវឌ្ឍ​ខ្លួន​ក្រោយ​ងើប​ពី​គំនរ​ផេះផង់​នៃ​របប ប្រល័យ​ពូជសាសន៍ និង​សង្គ្រាមស៊ីវិល ដែល​បាន​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​ដល់​ចំណុចសូន្យ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន កម្ពុជា​កំពុង​រស់នៅក្នុង​សុខសន្តិភាព មាន​បុគ្គល​អ្នកនយោបាយ​ជ្រុលនិយម​មួយ ចំនួន​តូច​នៅ​សហរដ្ឋអាមេរិក ដែល​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ​ស្រលាញ់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​បាននិងកំពុង​ញុះញង់​មិនចេះចប់​មិនចេះហើយ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ឬ​ចាត់វិធានការ​រឹតបន្ដឹង​ផ្សេងៗ​មកលើ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ទន់ខ្សោយ​តូច​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយក៏​ធ្លាប់ជា​ជន​រង គ្រោះ​ដោយសារ​ឥទ្ធិពល​របស់​មហាអំណាច ។​

​សច្ចធម៌​ប្រវត្តិសាស្ត្រ ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ដែល​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​រហូតមកដល់ បច្ចុប្បន្ន​ស្តែង​ឲ្យ​ឃើញថា​ក្រោយពី​ការបញ្ចប់​នូវ​របប​អាណានិគម​ប្រជាជន​កម្ពុ​ជាមាន​ពេលវេលា​តិចតួច​បំផុត​ដែល​បានរស់នៅ​ក្នុង​សុខសន្តិភាព​ពេញលេញ ។ ប្រសិនបើ​យើង​ពិនិត្យមើល ប្រវត្តិសាស្ត្រ ដ៏​ជូរចត់​ខ្លោចផ្សា​របស់​កម្ពុជា យើង​នឹង​ឃើញថា រដ្ឋ​ដ៏​តូច និង​ទន់ខ្សោយ​មួយ​នេះ បាន​រងគ្រោះ ឥតឈប់ឈរ​ក្រោយ រួច​ផុតពី​នឹម​អាណានិគមនិយម​បារាំង ហើយ​មិនយូរប៉ុន្មាន​ក៏បាន​បន្ត​ធ្លាក់​ទៅក្នុង​វិបត្តិ​សង្គ្រាម​ជា​បន្តបន្ទាប់​ដោយបាន​ក្លាយជា​ទីតាំង​នៃ​រណ្តៅ​គ្រាប់បែក​រាប់លាន​គ្រាប់​របស់​សហរដ្ឋ​អាម៉េរិក មុននឹង​បន្ត​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​នៃ​របប​ប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង ។​

​ប្រជាពលរដ្ឋ​ទូទៅ​សុទ្ធតែ​បានដឹង​យ៉ាងច្បាស់​ថា ខណៈដែល​ប្រទេស​កម្ពុជា កំពុង​ទទួលរង​ទុក្ខវេទនា យ៉ាង​ខ្លោចផ្សា បែរជា​របប​ប្រល័យពូជសាសន៍​មួយ​នេះ​ត្រូវ​បានទទួល​ការគាំទ្រ​យ៉ាង​ងងើល​ពី​ប្រទេសមួយ ចំនួន​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​រួមទាំង​សហរដ្ឋ​អាម៉េរិក​ឲ្យ​អង្គុយ​ក្នុង​អ​សនៈ​នៃ​អង្គការ​សហ​ប្រជា​​ជាតិ​ធ្វើជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​របប​របស់ខ្លួន​កាប់សម្លាប់​ទៅវិញ​។​មិន​ត្រឹមតែ​មិនបាន​មើលឃើញ​នូវ​តថភាព​ប្រវត្តិសាស្ត្រ​ទាំងនេះ​អ្នកនយោបាយ​មួយ​ក្តាប់​តូច​នៅ​សហរដ្ឋ​អាម៉េរិក បែរជាយក​លេស​ក្រោម​ហេតុផល​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មក​ធ្វើការ​គាបសង្កត់​ក្នុង​មហិច្ឆតា​បំផ្លិចបំផ្លាញ​
​សមិទ្ធផល​​ផ្លែផ្កា​​នៃ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​ប្រទេស​ដ៏​កម្សត់​មួយ​នេះ​ចេញពី​គំនរ​ផេះផង់​ទាំង​ពួកគេ​ដឹង​យ៉ាង ច្បាស់​ថា​គ្មាន​ប្រទេស​ណាមួយ​នៅលើ​សកលលោក រួមទាំង​នៅ​សហរដ្ឋ​អា​ម៉េ​រិ​ផងដែរ​អនុវត្តបាន​ល្អឥតខ្ចោះ​លើ​វិស័យ សិទ្ធិមនុស្ស​នោះទេ​។
​តាមពិត រដ្ឋាភិបាល​កម្ពុជា​ទៅវិញ​ទេ ដែលជា អ្នក​បានធ្វើ​ពលិកម្ម ក្នុង​បុព្វហេតុ​ស្តារឡើងវិញ​នូវ​សិទ្ធិ និង​សេរីភាព ឲ្យ​ងើប​ចេញពី​រណ្តៅ​ប្រល័យពូជសាសន៍ រហូត​ទាមទារ​បានមក​វិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំងស្រុង​របស់​មនុស្ស រួមមាន សិទ្ធិ​រស់រានមានជីវិត​សិទ្ធិ​ទទួលបាន​ការអប់រំ​និង​សិទ្ធិ​ជា​មូលដ្ឋាន​ដទៃទៀត​។​ផ្ទុយទៅវិញ​អន្តរជាតិ​រួមទាំង​បុគ្គល​មួយ​ក្តាប់​តូច​នៅ​សហរដ្ឋអាមេរិក​នោះ​គួរតែ​សាទរ​ចំពោះ​ការខិតខំ​ស្តារឡើងវិញ​នូវ​ប្រទេស​ដ៏​អភ័ព្វ​មួយ​នេះ និង​ការខិតខំ​ត្រដររស់ ទាំង​លំបាក រហូត​បង្កើតបាន​សមិទ្ធ​ផល​សង្គម​ដូច​សព្វថ្ងៃ​។ យើង​អាច​ចោទសួរ​វិញ​ថា តើ​ការព្យាយាម​លើក យក​ហេតុផល​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​គឺជា​ចេតនា​ចង់​បង្កើត​របប​ប្រល័យពូជសាសន៍​ដែល​ពួក​បុគ្គល​មួយចំនួន​នៅ​សហរដ្ឋ​អាម៉េរិក​ធ្លាប់​គាំទ្រ​នោះ​ឬ​យ៉ាងណា ។​

​ជាការ​ពិតណាស់ កម្ពុជា និង​សហរដ្ឋ​អាម៉េរិក គឺជា​រដ្ឋ​អធិបតេយ្យ​ដូចគ្នា ហើយ​ការសម្រេច​ធ្វើ​អ្វីមួយ​គឺ​សិទ្ធិ​អធិបតេយ្យ​ផ្តាច់ មុខ​របស់ខ្លួន​។ ក៏ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី គប្បី​ធ្វើការ​ថ្លឹងថ្លែង​ពិចារណា​ឲ្យ​បាន ដិតដល់​ថា កម្ពុជា​ពុំដែល​បង្ក​ឲ្យ​មាន​អរិភាព ឬ​ភាពល្អក់​កករ​ណាមួយ​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​និង​សហរដ្ឋ​អាម៉េរិក​នោះទេ​ហើយ​កម្ពុជា​ទៅវិញ​ទេ​ដែល​បាន​ក្លាយជា​ជនរងគ្រោះ​ម្តង​ហើយ​ម្តងទៀត​ពី​ទង្វើ​របស់​អ្នក​នយោបាយ​សហរដ្ឋ​អាម៉េរិក​មួយចំនួន​និង​ការ​លូកដៃ​កកូរកកាយ​ដល់​ស្ថិរភាព​ផ្ទៃក្នុង និង​សន្តិភាព របស់​កម្ពុជា​។ បច្ចុប្បន្ននេះ ខណៈដែល​ពលរដ្ឋ​អាម៉េរិក​កំពុងដំណើរការ​រៀបចំ​ការបោះឆ្នោត និង​កំពុង​កើត មាន​បញ្ហា​ចំរូងចំរាស់​ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត កម្ពុជា​តែង​បាន​រក្សា​ជំហរ​អ​ព្យា​ក្រិ​ត្យ​របស់ខ្លួន ដោយ​មិន ចូលរួម​ញុះញង់​កកូរកកាយ​ដល់​បញ្ហា​ផ្ទៃក្នុង​របស់​សហរដ្ឋ​អាម៉េរិក​ឡើយ និង​ទុក​លទ្ធភាព​ជូន​ពលរដ្ឋ​អាម៉េរិក​ដោះស្រាយ បញ្ហា​ផ្ទៃក្នុង​របស់ខ្លួន​ដោយ​សន្តិវិធី និង​ដោយ​សេចក្តីថ្លៃថ្នូរ ផ្ទុយ​ពី​សហរដ្ឋ​អាម៉េរិក​ដែល​បាន​ធ្លាប់ ធ្វើ​មកលើ​កម្ពុជា ក្នុង​រយៈពេល​កន្លងមក ។ កម្ពុជា​អបអរសាទរ​ចំពោះ​ពលរដ្ឋ​អាម៉េរិក ក្នុងការ​អនុវត្ត​សិទ្ធិ ស្វ័យ​សម្រេច​លើ​អនាគត និង​ជោគវាសនា​ប្រទេសជាតិ​របស់ខ្លួន​ដោយ​ខ្លួនឯង ហើយ​ប្រជាជន​កម្ពុជា​ក៏​ចង់ បាន​ត្រឡប់មកវិញ​ពី​សហរដ្ឋ​អាម៉េរិក ដូចដែល​កម្ពុជា​កំពុង​អនុវត្ត​ចំពោះ​សហរដ្ឋអាមេរិក​ដូចគ្នា​ដែរ ។​

​កម្ពុជា​តែងមាន​បំណងល្អ និង​ខិតខំ​ពូន​ជ្រ​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ សហរដ្ឋ​អាម៉េរិក រួមទាំង​បណ្តា​ប្រទេសជិតខាង និង​ប្រទេស​ជា​មិត្ត​ទាំងឡាយ​។ ការវិវត្តន៍​ក្នុង​រយៈពេល​ចុង ក្រោយនេះ ឃើញថា កម្ពុជា និង​សហរដ្ឋអាមេរិក​តាមរ​យៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាននិងកំពុង​ខិតខំ​ស្តារ​និង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរឡើង ទោះបីជា​ជួបប្រទះ​នូវ​បញ្ហា​រអាក់រអួល​មួយចំនួន នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ។​

​ក្នុងនាម​មន្ត្រីរាជការ​ចូលនិវត្តន៍ និង​ផ្អែក​តាម​តថភាព​នៃ​ប្រវត្តិសាស្ត្រ យើងខ្ញុំ​មាន​ក្តីសង្ឃឹម​យ៉ាង មុតមាំ​ថា ឯកឧត្តម ឯកអគ្គរដ្ឋទូត និង​អ្នកនយោបាយ​គ្រប់រូប​នៅ​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ចូលរួមចំណែក​លើកស្ទួយ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិ ការ​ទ្វេភាគី​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​បម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​រួម​របស់​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ហើយ​សូមកុំ​ទាញ​កម្ពុជា​ឲ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ខ្លួនឯង​ដូច​សហរដ្ឋ​អាម៉េរិក​ធ្លាប់​បានធ្វើ​មកលើ​កម្ពុជា​នៅក្នុង​ទសវត្សរ៍​៦០ រហូតដល់​ទសវត្សរ៍​៩០ ៕

ដោយ​សេចក្តី​គោរព​រាប់អាន​! ពី​យើងខ្ញុំ​ដែលជា​មន្ត្រី​ចូលនិវត្តន៍​នៃ​ក្រសួងមហាផ្ទៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular