ដោយៈ ទេព មង្គល / សៀមរាបៈ ប្រភពព័ត៌មានពី អាជ្ញាធរជាតិអប្សរា តាមរយៈការផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន -អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង គ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាព អនុលោមជាប្រចាំ នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ តាមតម្រូវការ នៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេល នៃការអនុវត្តបន្ត ពីសវនកម្មឆ្នាំមុន។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ ក្នុងកម្មវិធីបើកសវនកម្មផ្ទៃក្នុងថាៈ បរិស្ថាននៅទីនេះ ផ្តោតលើធាតុ ២ សំខាន់ គឺធម្មជាតិ និងវប្បធម៌ ជាអ្វីៗ ដែលស្ថិតនៅជុំវិញខ្លួនយើង ហើយកត្តាទាំង២នេះ គឺមានការចូលរួមរបស់មនុស្ស ជាអ្នកជំរុញការងារ ឱ្យមានភាពប្រទាក់ក្រឡា និងសុខដុមរមនាជាមួយគ្នា ដោយមិនអាចខ្វះ មួយណាបានឡើយ។
លោកបានរំឭកថាៈ តាំងពីឆ្នាំ២០០៦ មក អាជ្ញាធរជាតិអប្សរា បានទទួលវិញ្ញាបនបត្រ ៥ ដង រួចមកហើយ ដែលឆ្លងកាត់ការវាយតម្លៃ យ៉ាងហ្មត់ចត់ ពីស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)។ ភាពជោគជ័យទាំងអស់ បានមកពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសហការគ្នា រវាងនាយកដ្ឋាននីមួយៗ ក្នុងការជំរុញកិច្ចការងារបរិស្ថាននេះ។
លោក សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាព ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបញ្ជាក់ថាៈ គោលបំណងសំខាន់ នៃការធ្វើសវនកម្ម គឺដើម្បីកំណត់ថា ប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា អនុលោមទៅតាមកម្មវត្ថុ ការព្រមព្រៀង ទៅតាមគ្រោងទុកដែរ ឬទេ? តើគ្រប់នាយកដ្ឋានទាំងអស់ បានអនុវត្តតាមផែនការ សកម្មភាពរបស់ខ្លួន អនុលោមតាមចំណុចទាមទារទាំងឡាយ របស់ស្តង់ដារ ISO-14001:2015 ដែរទេ?។
លោកបានបន្តថាៈ ការបើកសវនកម្មផ្ទៃក្នុង នៅពេលនេះ ក្នុងគោលបំណង ដើម្បីត្រៀមលក្ខណៈជាមុន និងពិនិត្យឱ្យឃើញ នូវភាពអនុលោម និងភាពមិនអនុលោម ទាំងឡាយ សំដៅកែលម្អ ត្រៀមលក្ខណៈទទួល ធ្វើសវនកម្មផ្ទៃក្រៅ ៕/V