Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រី​ជំនាញ...

មន្ត្រី​ជំនាញ បញ្ឈប់​ការជីក​យក​អាចម៍ដី​លក់ ក្រោយ​រកឃើញ គ្មាន​ច្បាប់​ត្រឹមត្រូវ​

ដោយៈ គ្រញូង /​បាត់ដំបងៈ នៅ​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបាត់ដំបង បាន​ចុះ​ត្រួតពិនិត្យ និង បាន​បញ្ឈប់​ភ្លាមៗ នូវ​សកម្មភាព​របស់​ឈ្មួញ ដែល​ធ្វើ​អាជីវកម្ម ជីក​យក​អាចម៍ដី​លក់ ក្រោយ​រកឃើញថា គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។ ទីតាំង​រណ្តៅ​ដី ដែល​គ្មាន​ច្បាប់​នោះ ស្ថិតក្នុង​ភូមិ​អូរ​មុន្នី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

កន្លែង​ជីក​យក​អា​មិ៍​ដី​លក់​គ្មាន​ច្បាប​ត​ករូវ​ជំនាញ​ផ្អាក​និង​ធ្វើការ​ផាកពិន័យ​ថវិកា​បង់​ចូលរដ្ឋ

​លោក ស៊ុន ស៊ី​ធួន ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹងថាៈ ក្រោយពី​ការចុះផ្សាយ​រិះគន់ ក្នុង​បណ្តាញសារព័ត៌មាន និង​បណ្តាញ​សង្គម​រួចមក លោក​បាន​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ​ជាក់ស្តែង ឃើញថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម កាយ​រណ្តៅ យក​អាចម៍ដី​លក់ នៅ​ចំណុច​ទីតាំង​ខាងលើ ម្ចាស់​ឈ្មោះ ជុំ ណូ រស់នៅ​ភូមិ​អូរ​មុន្នី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​រណ្តៅ​ចាស់ មាន​និយាម​កា x; 0311228 / y; 1447555 មាន​ទំហំ បណ្ដោយ​១៤០ ម៉ែត្រ X ទទឹង ៧០ ម៉ែត្រ X ជម្រៅ ៥ ម៉ែត្រ ស្មើនឹង ៤៩.០០០ ម៉ែត្រគូប​។ រណ្តៅ​ថ្មី​មាន​និយាម​កា x; 0311242 /y; 1447531 មាន​ទំហំ បណ្ដោយ ៦០ ម៉ែត្រ X ទទឹង ៣០ ម៉ែត្រ X ជម្រៅ ៥ ម៉ែត្រ ស្មើនឹង ៩.000 ម៉ែត្រគូប​។ ដូច្នេះ​ម្ចាស់​ធ្វើ​អាជីវកម្ម ប្រតិបត្តិ​ការកាយ​អាចម៍ដី លើស​ចំនួន ៩.000 ម៉ែត្រគូប ។​

​លោក​ប្រធានការិយាល័យ បានបញ្ជាក់​ថាៈ ក្រោយពី​ពិនិត្យឃើញថា ក្រុមហ៊ុន បាន​ប្រព្រឹត្ត​លើសពី​ច្បាប់​អនុញ្ញាត ម្ចាស់​អាជីវកម្ម ខាងលើ ក៏​ទទួលស្គាល់ និង​សុខចិត្ត​ចូលខ្លួន ទៅ​បំពេញបែបបទ នៅ​មន្ទីរ​រ៉ែ និង​ថាមពល នា​ព្រឹកស្អែក ដើម្បី​បង់​ថវិកា​បន្ថែម នូវ​បរិមាណ​ដី ដែល​លើស​ចូល​ថវិការដ្ឋ ចំនួន ៩.000 ម៉ែត្រ​គីប​។​

​លោក​ប្រធានការិយាល័យ បាន​ប្រាប់ថាៈ ប្រសិនបើ​ម្ចាស់​អាជីវកម្ម មិន​បង្ហាញខ្លួន​ទេ នឹងត្រូវ​រង​ការផាកពិន័យ ២% នៃ​ច្បាប់​ជា​ធរមាន ហើយ​ក្នុងករណី ម្ចាស់​ទីតាំង ឬ​ការដ្ឋាន​ធ្វើ​អាជីវកម្ម ពុំ​អនុវត្តតាម​ខ្លឹមសារ នៃ​ការណែនាំ ខាងលើនេះ​ទេ នោះ​មន្ទីរ នឹង​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ ដោយ​ពុំ​ទទួលខុសត្រូវ នូវ​រាល់​ការខូចខាត ឬ​បាត់បង់​នូវ​សម្ភារ​អ្វីៗ​ឡើយ​។​

​បើ​យោងតាម​ច្បាប់ ស្តីពី​វិសោធនកម្ម នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម ធនធាន​រ៉ែ ត្រង់​មាត្រា ៣៥ ថ្មី ត្រូវ​ផាកពិន័យ គុណ​នឹង​ពីរដង នៃ​តម្លៃ​ប៉ាន់ស្មាន លើ​ផលិតផល​រ៉ែ ដែល​បាន​ជីក​កន្លងមក តាម​តម្លៃ​ទីផ្សារ ឬ​ផាកពិន័យ ចំនួន ១.៥០០.០០០ រៀល ក្នុង​មួយថ្ងៃ គិត​ចាប់​ពីថ្ងៃ ដែល​ប្រតិបត្តិការ ជីក​យក​រ៉ែ​នោះ ត្រូវបាន​បញ្ចប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular