អ្នកភូមិ​នៃ​ភាគ​ខាងជើង​ខេត្តបន្ទាយមានជ័យ​នៅ​រក្សា​ទំនៀមទម្លាប់​កាច់​ផ្កា​កកោះ​ថ្វាយ​និង​ស្រង់​ព្រះ

2448
ចែករម្លែក

ដោយ : ប​.​ជ័យ​/ បន្ទាយមានជ័យ : អ្នកភូមិរ​ស្រុកស្រែ​ចម្ការ​នៅ​ភាគ​ខាងជើង​ខេត្តបន្ទាយមានជ័យ​នៅតែ​រក្សា​ទំនៀមទម្លាប់​កាច់​ផ្កាឈើ​កកោះ​ថ្វាយ​ព្រះ​និង​ស្រង់​ព្រះ ហើយ​នាំគ្នា​រេ​រាំ​បែក​អាចម៍​ក្លៀក​សប្បាយរីករាយ​នៅ​ជុំវិញ​ដើមឈើ​នោះ នា​កណ្តាល​វាលស្រែ​នៅ​អំឡុង​១-៣​ថ្ងៃ​រៀងរាល់​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រាល់ៗ​ឆ្នាំ​។​

​អ្នកភូមិ​ស្រុកស្រែ​នៅ​ភាគ​ខាងជើង​ខេត្តបន្ទាយមានជ័យ​នៅ​រក្សា​ទំនៀមទម្លាប់​កាច់​ផ្កា​កកោះ​ថ្វាយ​និង​ស្រង់​ព្រះ

ប្រាប់​កាសែត​រស្មី​កម្ពុជាកាលពី​ថ្ងៃទី​១៩​ខែមេសា បងប្អូន​អ្នកស្រុក​នៅ​ស្រុក​ស្វាយចេក​,​ថ្មពួក​និង​ភ្នំស្រុក រស់នៅ​តំបន់​ខាងជើង​ខេត្តបន្ទាយមានជ័យ​បាន​រក្សា​ទំនៀមទម្លាប់​នេះ​តាំងពី​ដូនតា​យូរ​មកហើយៗ​ចាត់ទុក​ពិ​អី​នេះ​មាន​ន័យ​ឬ​មានបំណង :​ទី​១- ដើម្បី​រំលឹក​នូវ​ព្រះពុទ្ធ​ប្រវត្តិ​ក្នុងសម័យ​ពុទ្ធកាល​មួយ ដែល​ទ្រង់​បាន​និមន្ត​កាត់​ព្រៃ​នា​ខែ​ពិសាខ​ដើមរដូវ​វស្សា ហើយ​ដាច់ទឹក​និង​ចង្ហាន់ តែ​ត្រូវបាន​ជួបនឹង​អ្នកស្រុក​ថ្វាយ​ឃ្មុំ​,​ថ្វាយ​ទឹក​បំពង់​ឬ​ស្សី​,​ថ្វាយ​ការ​ស្រង់ទឹក​ដោយ​យក​ផ្កា​កកោះ​ធ្វើជា​គ្រឿង​សក្ការ​:​បូជា​។​ទី​២- ដើម្បី​រឹតចំណង​រាប់អាន​គ្នា​ឲ្យ​ភាព​ស្និទ​ស្នាល​ចេះ​ជួយ​យក​អធ្យាស្រ័យ​គ្នា ចែករំលែក​គ្នា​រស់ រួមសុខ​រួមទុក្ខ​និង​សប្បាយរីករាយ​ជាមួយគ្នា​នៅ​រដូវ​បើក​ការ​បង្ក​បង្កើនផល​។​ទី​៣- ដើម្បី​បន់ស្រន់​អោយមាន​ភ្លៀង​ធ្លាក់​បរិបូរណ៍ មាន​អាកាសធាតុ​ល្អ​សម្រាប់​ការដាំដុះ​ដំណាំ ការចិញ្ចឹម​សត្វ​និង​ការរស់នៅ​របស់​អ្នកស្រុក​និង​ទី​៤- ក៏​ឆ្លៀត​ប្រមូល​បច្ច័យ​មក​កសាង​គរុ​ភ័​ណ្ឌ​នានា​នៅក្នុង​វត្ត​អារាម​។​

ប៉ុន្តែ​ក្នុងចំណោម​ស្រុក​ទាំង​៣​ខាងលើ គេ​ឃើញតែ​នៅតាម​ភូមិ​-​ឃុំ​ភាគច្រើន​ក្នុងស្រុក​ស្វាយចេក​ដែល​រក្សា​ខ្ជាប់​ខ្ជួន​និង​រៀបចំ​ពិធី​នោះ​ជា​ទៀងទាត់​ជាងគេ​រហូតមក​។​

ជា​រៀងរាល់ឆ្នាំ​នៅតាម​បណ្តា​ភូមិ​និង​វត្ត ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំ​រួច​និង​ត្រាស​ឬ​ហៅថា​ឆ្លងបុណ្យ​រួច អ្នកស្រុក​តែ​ធ្វើ​ប្រារព្ធ​ពិធី​មួយ​នេះ ដែល​គេ​ហៅថា​”​រាំ​បេះ​ផ្កា​កកោះ “​។

ដូច​នៅ​នៅ​វត្ត​ពុទ្ធ​រាម​បន្ទាយ​ទូក​ហៅ​វត្ត​ទ្រាស ស្ថិតក្នុង​ភូមិ​ទ្រាស ឃុំ​ទ្រាស ស្រុក​ស្វាយចេក នៅ​ថ្ងៃ​៤​កើត​ខែ​ពិសាខ ឆ្នាំច ឬ​ចំ​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៨​កន្លងមក ប្រជា​ពលរដ្ឋ​ជា​ពុទ្ធប​រិស៍ទ​និង​ជា​កសិករ​បាន​បេះ ហើយ​រាំ​ចាក់​ក្បាច់​ជុំវិញ​ដើម​កកោះ​ដែល​កំពុង​ចេញ​ផ្កា​ក្លិនប្រហើរ​សាយភាយ ហើយ​នាំគ្នា​ដង្ហែ​ររ​ផ្កា​កកោះ​នោះ ដែល​មាន​ចង​លុយ ចេញពី​ដើម​មក​វត្ត​និង​ចេញពី​វត្ត​ទៅ​ដើម​កកោះ​ឯ​វាល​ស្រែ​វិញ ។​ដោយមាន​ការ​រាំច្រៀង​កងរំពង​ឱ​ឡា​រឹក​ផង​ក្នុងចំណោម​មនុស្ស​ចម្រុះ​ភេទ​និង​វ័យ​ផង​។​

អំពី​ប្រវត្តិ​នៃ​ពិធី​រាំ​បេះ​ផ្កា​កកោះ​នេះ គឺ​ការលេង​ខុសគ្នា​បន្តិចបន្តួច នៅតាម​វត្ត​និង​ភូមិ​នីមួយៗ ទៅតាម​អ្នករៀបចំ​។ ក្រោយពី​ការ​រាំ​ដង្ហែ​ផ្កា​កកោះ​ដែលមាន​ចង​លុយ​ឬ​ផ្កាប្រាក់ គេ​បាននាំគ្នា​ទៅ​រាំ​ជុំវិញ​នៅក្រោម​ដើម​កកោះ និង​តម​ក​គេ​នាំគ្នា​ដង្ហែរ​ផ្កា​កកោះ​មក​វេរ​ប្រគេន​ព្រះ​ស​ង្ឈ រួច​ក៏​នាំគ្នា​ធ្វើ​ពិធី​ស្រង់​ព្រះ​។ ពោលគឺ គេ​មិន​ស្រង់​ព្រះ​នៅ​ថ្ងៃ​វេរ​:​ឡើងស័ក​ឬ​ថ្ងៃ​បញ្ជ​ប់​បុណ្យចូលឆ្នាំ​ទេ គេ​មក​ស្រង់​ព្រះ​ពេលនេះ​។​

អំពី​ប្រវត្តិ​ទំនៀមទម្លាប់​នេះ ព្រះ​គូ​ចៅអធិការ​វត្ត​ពុទ្ធ​រាម​បន្ទាយ​ទូក​ហៅ​វត្ត​ទ្រាស​ព្រះនាម​ជុំ ណាក់មានសង្ឃដីកា​​ថា​: ប្រវត្តិ​ពិធី​បេះ​ផ្កា​កកោះ​នេះ គ្មាន​ឯកសារ​ចងក្រង​ទេ គឺ​មានតែ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ​។​ហេតុនេះ​សូម​ញោម​ខាង​សារ​ព៍​ត័​មាន​ឬ​មន្ត្រី​ជំនាញ​ជួយ​សិក្សា ស្រាវជ្រាវ សង្ខេប​ចងក្រង​ប្រវត្តិ​ទំនៀម​បេះ​ផ្កា​កកោះ​នេះ​ទុកជា​ឯកសារ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បានដឹង​និង​ថែរក្សា​ផង​ចុះ​។​

ចំណែក​លោក​សួន សុ​វ័​ន្ត​ដា សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) ខេត្តបន្ទាយមានជ័យ ដែល​បាន​ចូលរួម​នាឱកាស​នោះ ក៏​ចាត់ទុក​ពិធី​រាំ​បេះ​ផ្កា​កកោះ​នេះ ថា​គួរតែ​ថែរក្សា អភិរក្ស​ទុក​នៅតាម​វត្ត​និង​ភូមិ​នានា​ដូ​ច​ខាង​លើ​ឲ្យបាន​គង់​វង់​ផង​ចុះ​៕មន

ពិធី​បេះ​ផ្កា​កកោះ នៅ​ភូមិ​និង​វត្ត​ទ្រាស​ឃុំ​ទ្រាស​ស្រុក​ថ្មពួក (​រូប​:​ប​.​ជ័យ​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ