ប្រែសម្រួល : កញ្ញាដាលីស ៖ ជាលើកទី៣ ក្នុងឆ្នាំនេះ ហ្វូងសត្វកណ្តូបកំពុងលុកលុយចូលទ្វីបអាហ្វ្រិកភាគខាងកើត ដោយបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងតំបន់ កន្លែងដែលគ្រោះទុរភិក្សតែងតែប៊ិះកើតឡើងនិងសង្គ្រាមស៊ីវិលថ្មីកំពុងតែចាប់ផ្តើមកើតឡើង។
នៅថ្ងៃសុក្រទី២០វិច្ឆិកា អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានប្រកាសអាសន្នថា ហ្វូងកណ្តូបបានកើតឡើងម្តងទៀតនៅទូទាំងតំបន់ដោយគំរាមកំហែងដល់ដំណាំនៅប្រទេសស៊ូដង់ខាងត្បូង ស៊ូដង់ អេត្យូពី អេរីទ្រី ជីប៊ូទី យេម៉ែន សូម៉ាលី កេនយ៉ា និងតង់ហ្សានី។
អង្គការ FAO បានសរសេរថា “ការបង្កាត់ពូជកណ្តូបនៅតែបន្តកើតមាននៅភាគកណ្តាលប្រទេសសូម៉ាលីនិងភាគខាងកើតប្រទេសអេត្យូពី កន្លែងដែលហ្វូងកណ្តូបចាស់កំពុងមានវត្តមាន និងហ្វូងកណ្តូបជំនាន់ថ្មីនឹងចាប់ផ្តើមកើតឡើងនៅចុងខែនេះ”។
អង្គការនេះបានកត់សម្គាល់ថា ខ្យល់បក់ខ្លាំងក្លាឆ្ពោះមកភាគឦសានកំពុងបញ្ជូនសត្វល្អិតនេះមកលឿនខុសពីធម្មតា។
FAO បានបន្ថែមថា “ចាប់ពីសប្តាហ៍ទី២នៃខែធ្នូតទៅ រលកនៃហ្វូងកណ្តូបជាច្រើនរំពឹងហោះទៅដល់ភាគខាងត្បូងនៅក្នុងប្រទេសសូម៉ាលីនិងអេត្យូពីរួចឈានដល់ភាគខាងជើងប្រទេសកេនយ៉ា”៕
ហ្វូងកណ្តូបថ្មីៗនឹងមកដល់ចុងខែវិច្ឆិកានេះនៅទ្វីបអាហ្វ្រិកភាគខាងកើត