ដោយៈ ប,ជ័យ/ បន្ទាយមានជ័យៈ បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយសាររថយន្ត និងម៉ូតូ បុកគ្នា និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសារតែគាត់ បើករថយន្ត ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយរេចង្កូតទៅបុកប៉ះ រថយន្តធំ កាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកន្លែងទីតាំង ពីរផ្សេងពីគ្នា។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីទី១ នៃគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី២៣ វិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រវាងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ផ្លាកលេខ ប៉ៃលិន 1C-7618 បើកពីទិសខាងលិច ទៅខាងកើត។ លុះមកដល់ចំណុចកើតហេតុ ភាគីម៉ូតូ បានប្តូរគន្លង បត់ឆ្វេង។ ស្របពេលនោះ មានរថយន្តលុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ប.មានជ័យ .2A-6828 បើកពីទិសខាងកើត ទៅខាងលិច គឺក្នុងទិសដៅផ្ទុយគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូ ពេញទំហឹង បណ្តាលអ្នកបើកម៉ូតូ ឈ្មោះ ផង់ លាង ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បណ្តាលឱ្យរបួសក្បាល ដោយសារដួលបោកទៅនឹងថ្នល់ និងរបួសជើងខាងស្តាំ ហើយក្រោយមក ជនរងគ្រោះ បានស្លាប់នៅមន្ទីរពេទ្យ។
លោកបានបញ្ជាក់ថាៈ មូលហេតុ អ្នកបើកម៉ូតូ ប្តូរគន្លងបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព រីឯរថយន្ត បើកក្នុងល្បឿនលឿន ។ អ្នកបើករថយន្ត បានត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ។
លោកបានបន្តទៀតថា ករណីទី២ នៅថ្ងៃទី២៣ វិច្ឆិកា វេលាម៉ោង ៥ ល្ងាច លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ពានទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក៏មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដែរ រវាងរថយន្តលុចស៊ីស GS300 ពាក់ស្លាក់លេខ ភ្នំពេញ .2AW-6070 បើកពីទិសខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន ហើយបានជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្ដាលឱ្យរេចង្កូត ទៅបុកប៉ះ រថយន្តធំ ពាក់ផ្លាកលេខ ក្រចេះ.3A-0301 ដឹកស្រូវចំពីចំហៀង ត្រង់កង់ខាងឆ្វេង ផ្នែកខាងក្រោយ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យបុរស ជាអ្នកបើករថយន្ត លុចស៊ីស GS300 រងរបួសធ្ងន់ (មិនទាន់ស្គាល់ឈ្មោះ) បានត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ បានប្រាប់បន្តទៀតថាៈ វត្ថុតាងទាំងអស់ សមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន និងការិយាល័យ នគរបាលចរាចរណ៍ រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V