ប្រែសម្រួល : កញ្ញាដាលីស/សៀងហៃ ៖ ជើងហោះហើររាប់រយនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ចិនត្រូវបានលុបចោលនៅថ្ងៃអង្គារទី២៤វិច្ឆិកានេះខណៈទីក្រុងសៀងហៃកំពុងប្រឹងប្រែងគ្រប់គ្រងឱ្យបានលើការផ្ទុះឡើងនៃវីរុសកូរ៉ូណា។
មន្ត្រីសុខាភិបាលបានធ្វើតេស្តិ៍បុគ្គលិករាប់ពាន់នាក់នៅអាកាសយានដ្ឋានអន្តរជាតិពូទុងចាប់តាំងពីចង្កោមតូចនៃករណីកូវីដ១៩នៅក្នុងទីក្រុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្នកលើកដាក់អីវ៉ាន់ជាច្រើននាក់។
ចិន កន្លែងដែលវីរុសកូរ៉ូណាលេចឡើងដំបូងគេនៅចុងឆ្នាំមុន បានគ្រប់គ្រងបានសម្រេចភាគច្រើនលើវីរុសនេះតាមរយៈការរឹតត្បិតការធ្វើដំណើរនិងការបិទខេត្តក្រុងប៉ុន្តែឥឡូវនេះចិនកំពុងតែប្រយុទ្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងស្រុកម្តងទៀតនៅតាមទីក្រុងផ្សេងៗគ្នាមួយចំនួន។
ទីក្រុងសៀងហៃបានរាយការណ៍អំពីការឆ្លងវីរុសកូរ៉ូណាក្នុងស្រុកចំនួន ៧ ជាប់ទាក់ទងនឹងអាកាសយានដ្ឋានក្នុងខែនេះ ដោយករណីភាគច្រើនត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ។
ការផ្ទុះឡើងបែបនេះបានបង្កឱ្យមានផែនការផ្តល់ឱ្យកម្មករនិយោជិតដែលមានហានិភ័យខ្ពស់នៅឯមជ្ឈមណ្ឌលធ្វើដំណើរនេះនូវវ៉ាក់សាំងពិសោធន៍មួយដែលចិនបានផ្តល់រួចហើយដល់បុគ្គលិករដ្ឋ និស្សិតអន្តរជាតិ និងកម្មករនិយោជិតចាំបាច់ ដែលធ្វើដំណើរទៅបរទេសចាប់តាំងពីខែកក្កដា។
នៅថ្ងៃអង្គារនេះ តួលេខពីក្រុមហ៊ុនសេវាកម្មទិន្នន័យ VariFlight បានបង្ហាញថា ជើងហោះហើរជាង៥០០ ចេញពីអាកាសយានដ្ឋានពូទុង ត្រូវបានលុបចោល ដែលស្មើនឹងជិតពាក់កណ្តាលនៃជើងហោះហើរ ដែលបានគ្រោងទុកក្នុងមួយថ្ងៃ។
ជើងហោះហើរចូលមកសៀងហៃដែលបានគ្រោងទុកស្ទើរតែពាក់កណ្តាលក៏ត្រូវបានលុបចោលផងដែរ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា មនុស្សជាង ១៧.៧០០នាក់ត្រូវបានប្រមូលយកសំណាកទៅពិនិត្យកាលពីព្រឹកថ្ងៃចន្ទនៅឯផ្នែកមួយនៃការធ្វើតេស្តិ៍បុគ្គលិកដឹកជញ្ជូនអីវ៉ាន់នៅអាកាសយានដ្ឋានពូទុង ហើយអ្នកដែលបានឆ្លងកូវីដ១៩ក៏រួមមានបុគ្គលិកនៅក្រុមហ៊ុនភស្តុភារ FedEx និង UPS ផងដែរ៕
មនុស្សជាង ១៧.៧០០ នាក់ត្រូវបានប្រមូលយកសំណាកទៅពិនិត្យកាលពីព្រឹកថ្ងៃចន្ទនៅសៀងហៃ