Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​វិស័យ​ម្ហូបអ...

​វិស័យ​ម្ហូបអាហារ នៅ​កម្ពុជា ឆ្នាំ​២០២០ នេះ ធ្លាក់ចុះ​យ៉ាងគំហុក ក្នុងសម័យ​កូ​វីដ​១៩

ដោយៈ ពៅ​និមល / ភ្នំពេញៈ ក្រុម​អ្នកជំនាញ​ផ្នែក​ចំណី​ម្ហូបអាហារ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​ជួប​ពិភាក្សាគ្នា នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បី​បង្កើន​គុណភាព ចំណីអាហារ ក្នុង​ស្ថាន​កូ​វីដ ១៩ ខណៈដែល​ក្នុងស្ថានភាព​នេះ ធ្វើឱ្យ​អាជីវកម្ម ភោជនីយដ្ឋាន មានការ​ធ្លាក់ចុះ ប្រមាណ ៧០ ភាគរយ នៅ​ខេត្តសៀមរាប និង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បាន​ធ្លាក់ចុះ​ដូចគ្នា ចំនួន ៥០ ភាគរយ​។​

​នៅក្រោយ​វេទិកា​ពិភាក្សា ពី​សុវត្ថិភាព​ចំណីអាហារ បញ្ហា​ប្រឈម និង​ឱកាស នៅក្នុង​វិស័យ​សេវាកម្ម ម្ហូបអាហារ​កម្ពុជា ក្នុងស្ថានភាព​កូ​វីដ ១៩ ឱសថការី អាំង ហុក​ស្រ៊ុន ប្រធានការិយាល័យ សុវត្ថិភាព​ចំណីអាហារ នៃ​ក្រសួងសុខាភិបាល បាន​ប្រាប់​ឱ្យដឹងថាៈ ដោយសារ​ការព្រួយបារម្ភ របស់​រដ្ឋាភិបាល វិស័យ​ឯកជន សហគ្រិន ក៏ដូចជា អ្នកមាន​បំណង​ចង់យក យុទ្ធសាស្ត្រ ក្នុងការ​ការពារ​អាជីវ​កម្ម ឱ្យមាន​សុវត្ថិភាព និង​រកប្រាក់​ចំណេញ ក្រសួងសុខាភិបាល សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង​វិទ្យាស្ថាន​មេគង្គ បាន​សហការគ្នា រៀបចំ​វេទិកា​នេះ​ឡើង ដោយមាន​ការ​អ​ញ្ញើញ ចូលរួម​ពី​វិស័យ​ឯកជន និង​ដៃគូ​ពាក់ព័ន្ធ សរុប​ប្រមាណ ៥០ នាក់ ក្នុង​គោលបំណង ចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង និង​គោលនយោបាយ របស់​ក្រសួងសុខាភិបាល ដែល​អនុវត្តន៍​ក្នុង​បរិបទ​កូ​វីដ ១៩ ដើម្បី​លើកកម្ពស់ និង​អនាម័យ ក្នុង​ការផលិត​ចំណីអាហារ និង​ក្នុងការ​ដឹកជញ្ជូន ចំណីអាហារ សព្វថ្ងៃនេះ ធ្វើយ៉ាងណា ឱ្យមាន​អនាម័យ និង​សុវត្ថិភាព និង​ចៀស​ផុតពី ការឆ្លង​មេរោគ​ផ្សេងៗ ទៅដល់​អ្នក​បរិភោគ​។​

​ទាក់ទិន​វេទិកា​នេះ លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បានចាត់ទុក​ថាៈ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងនាម​ជា​សមាជិក នៃ​សមាគម​ភោជនីយដ្ឋាន នៅ​កម្ពុជា ដែល​នេះ​ជា​ការងារ​សំខាន់ ធ្វើ​ម៉េច​ត្រូវការពារ ឱ្យ​អាហារ​មាន​សុខ​ភាពល្អ ហើយ​លោក​នឹង​នាំយក​ឱកាស​នេះ ទៅ​ចែករំលែក​បន្ត ទៅដល់​សមាជិក​ផ្សេងទៀត អំពី​ការថែរក្សារ​សុខភាព អាហារ​ដែល​គួរ​បរិភោគ និង​ថែរក្សា​អនាម័យ ជាពិសេស​បន្ថែម ទៅលើ​ការវាយតម្លៃ និង​លិខិតបញ្ជាក់ ទៅលើ​ចំណីអាហារ​ជាដើម​។​

​ជាមួយគ្នានេះ លោកស្រី Maria Theresa S. Medialdia ប្រធាន​នាយកដ្ឋាន អភិវឌ្ឍ​កសិកម្ម និង​ពាណិជ្ជកម្ម នៃ​វិទ្យាស្ថាន​មេគង្គ បានលើកឡើង​ថាៈ ដើម្បី​ធានាបាន​នូវ សុខ​សុវត្ថិភាព ចំណី​ម្ហូបអាហារ និង​ធានាបាន ក្នុងការ​ចូលរួម ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ វិស័យ​ឯកជន ដែល​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់​ចំណីអាហារ​… គួរតែ​បង្កើន​ការយកចិត្តទុកដាក់​ជានិច្ច លើ​ការងារ​នេះ ដើម្បី​ធ្វើយ៉ាងណា ឱ្យ​ចំណី​ម្ហូបអាហារ ដែល​ធ្វើ​ចេញ មាន​សុវត្ថិភាព ដល់​អ្នក​ទទួលទាន ចៀសវាង​ហានិភ័យ និង​កើត​នូវ​មេរោគ​ទាំងឡាយ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular