ដោយៈ ពៅនិមល / ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ ក្រសួងកិច្ចការនារី បានលើកឡើងថា បច្ចុប្បន្ននេះ ស្រី្តនៅក្នុងវិស័យសេដ្ឋកិច្ច កំពុងជួបបញ្ហាប្រឈម នៃការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការចូលរួម បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ, ការផ្តល់លទ្ធភាព ឲ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក អាចផ្សារភ្ជាប់ទៅនឹងខ្សែសង្វាក់ ផលិតកម្មក្នុងតំបន់ និងសកលជាដើម។
នៅក្នុងជំនួបការងារ កាលពីថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ រវាងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប អំពីកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថាៈ ពេលនេះ កម្ពុជា បានត្រៀមជាស្រេច នៅក្នុងរបៀបវារៈ មិនត្រឹមលើកឡើង អំពីស្ត្រីសន្តិភាព និងសន្តិសុខ របស់ស្ត្រីប៉ុណ្ណោះទេ គឺកម្ពុជា នឹងគ្រោងលើកឡើង អំពីសកម្មភាពផ្សេងៗ ជាពិសេសស្រី្ត នៅក្នុងវិស័យសេដ្ឋកិច្ច គឺផ្តោតពីការចូលរួមរបស់ស្ត្រី លើសហគ្រាសខ្នាតតូច និងមធ្យម (SME) ដើម្បីជំរុញឲ្យស្ត្រី ផ្សារភ្ជាប់ទៅនឹងបរិបទថ្មី ក្នុងយុគសម័យ បច្ចេកវិទ្យាឌីជីថលនេះ។
លោកស្រី បានលើកឡើងបន្តថាៈ ដោយសារការរីកចម្រើនយ៉ាងលឿននៅលើបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលបានកំពុងវិវត្តន៍ ទៅរកបដិវត្តន៍ឧស្សាហកម្ម ៤.០ ស្ថិតក្នុងបរិកាណ៍នេះ គឺទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច ខណៈដែលបញ្ហានេះ កំពុងប្រឈមច្រើន ចំពោះស្រី្ត ក្នុងវិស័យសេដ្ឋកិច្ច អំពីការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល។
ជាការឆ្លើយតបរបស់លោកស្រី ឯកអគ្គរដ្ឋទូត សហគមន៍អឺរ៉ុប បានសម្តែងការអបអរសាទរ ចំពោះកម្ពុជា ជាពិសេសក្រសួងកិច្ចការនារី ដែលបានរៀបចំជា របៀបវារៈស្ត្រីសន្តិភាព និងសន្តិសុខ ដែលរបៀបវារៈនេះ ត្រូវបានអង្គការសហប្រជាតិ អនុម័ត ឯកភាព ដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប រួចហើយ ដូច្នេះលោកស្រី ដែលតំណាងឲ្យ សហគមន៍អឺរ៉ុបទាំងមូល សូមស្វាគមន៍ រាល់កិច្ចការទាំងអស់ រវាងក្រសួងកិច្ចការនារី និងសហភាពអឺរ៉ុប (EU) ដើម្បីជំរុញកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ៕/V