Home ព័ត៌មានជាតិ សង្គម ព្រមាន​ចាត់វិ...

ព្រមាន​ចាត់វិធានការ​ច្បាប់ ចំពោះ​បុគ្គល ដែល​មិន​បញ្ឈប់ សកម្មភាព​លក់ដូរ​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​ដោយៈ ទេព មង្គល / សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្រមាន ថា​នឹង​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ ជា​ធរមាន ចំពោះ​បុគ្គល ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក Vinea Su Su និង​បុគ្គល​ផ្សេងទៀត ដែល​កំពុងតែ​ប្រកាស​លក់​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក្នុងករណី​មិន​ព្រម​បញ្ឈប់ សកម្មភាព​របស់ខ្លួន ។​

​បើតាម​ប្រភពព័ត៌មាន ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៤ វិច្ឆិកា​នេះ​ថាៈ ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់ ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើការ​អំពាវនាវ ដល់​បុគ្គល ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក Vinea Su Su និង​បុគ្គល​ផ្សេងទៀត ដែល​កំពុងតែ​ប្រកាស លក់​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ឲ្យ​បញ្ឈប់​នូវ​សកម្មភាព របស់ខ្លួន​ជាបន្ទាន់​។ ក្នុងករណី​មិន​ព្រម​បញ្ឈប់ សកម្មភាព​នេះ​ទេ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់ ជា​ធរមាន​។

​ម្យ៉ាងទៀត ដើម្បី​បង្ការ​ការខូចខាត ផលប្រយោជន៍​របស់ សាធារណជន ដែល​កើតឡើង​ពី​ការទិញ​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​អំពាវនាវ​ផងដែរ ដល់​សាធារណជន ដែលមាន​បំណង​ទិញ​ដីធ្លី ក្នុង​តំបន់​នេះ សូមកុំ​ទិញ​ឱ្យសោះ និង​សូម​ធ្វើការ​ទំនាក់ទំនង មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា ប់​មាន​ចម្ងល់​ទាំងឡាយណា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ តាម​លេខ​ទូរស័ព្ទ ០៩២ ៨៩ ៩៩ ៦៦​។​

​សូមបញ្ជាក់ថា ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ ដែល​ត្រូវការ​កិច្ចការពារ កម្រិត​ខ្ពស់បំផុត (​តំបន់​១) និង​ជា​តំបន់​សម្បូរ សំណល់​បុរាណវត្ថុ ដែល​ត្រូវការពារ ទប់ទល់​នឹង​នឹង​ការប្រើប្រាស់​ដីធ្លី ផ្តេសផ្តាស និង​ការអភិវឌ្ឍ មិន​សមស្រប (​តំបន់​២)​។ ការលក់​ទិញ​ដីធ្លី ក្នុង​តំបន់​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់ ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ លេខ​០០១ ន​.​ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular