ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មនុស្សមួយក្រុម ដែលអះអាងថា ជាប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវជាតិលេខ៥ ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកគ្នាតវ៉ាជំទាស់នឹងគម្រោងរដ្ឋ ដោយបដិសេធថា មិនឲ្យខាងក្រុមហ៊ុន ដែលជាដៃគូវិនិយោគពីរដ្ឋ មកធ្វើស្ថានីយថ្មីថ្លឹងរថយន្ត នៅមុខផ្ទះរបស់ពួកគេ ដាច់ខាត ។
ប្រតិកម្មតវ៉ារបស់ប្រជាពលរដ្ឋ ចំនួន ៦៥ គ្រួសារនោះ បានកើតឡើង បន្ទាប់ពីមានក្រុមមន្ត្រីអន្តរក្រសួង និងដៃគូឯកជន បានចុះមកប្រជុំដោះស្រាយ ជាមួយពួកគាត់ ដោយបញ្ជាក់ពីគម្រោងការ ដាក់ទីតាំងជញ្ជីងថ្លឹងរថយន្តថ្មី នៅមុខផ្ទះ ឬដីរបស់ពួកខ្លួន ពោលគឺដោយទិញដីមុខផ្ទះ ដើម្បីធ្វើជាផ្លូវ មានទទឹង ៦ ម៉ែត្រ និងឲ្យពួកគាត់ចរាចរណ៍ ពីក្រោយស្ថានីយ៍ថ្លឹងរថយន្តវិញ។
បាតុករអហិង្សា បានបញ្ចេញមតិប្រតិកម្ម តវ៉ាប្រឆាំងពេញមុខ ហើយខឹងសម្បារ ហើយមិនយល់ព្រមសោះឡើយ ឲ្យមន្ត្រីជំនាញ នៃអន្តរក្រសួង មានការវាស់វែង និងរឹងរឹតតែមិនព្រមឲ្យមាន ការធ្វើជញ្ជីងថ្មី អីនៅកណ្ដាលទីប្រជុំជន ហើយជាងនេះទៅទៀត គឺបាំងផ្ទះសម្បែង ឬ បិទមុខ បិទខ្ទប់ដង្ហើម ឬរបររកស៊ី ការធ្វើការងារ របស់ពួកគាត់ ដែលកំពុងបើកអាជីវកម្ម រកស៊ីរាល់ថ្ងៃនោះ ដាច់ខាត ។
ប្រជាពលរដ្ឋទាំងនោះ បានស្នើសុំដ៏ទទូច ដោយសុំអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលោកអភិបាលខេត្តថាៈ មន្ត្រីជំនាញ មេត្តាពិនិត្យ អាជ្ញាធរ និងកុំឲ្យមានការសាងសង់ ស្ថានីយ៍ថ្មីថ្លឹងរថយន្ត ប៉ះពាល់ប្រយោជន៍ពលរដ្ឋ ឬក៍សូមឲ្យប្រើប្រាស់ទីតាំងដដែល មានចម្ងាយប្រមាណ ១ គីឡូម៉ែត្រ ពីទីប្រជុំជននេះ ឬរកទីតាំងកន្លែងផ្សេង ដែលមិនទាន់មានលំនៅដ្ឋាន របស់ប្រជាពរដ្ឋ រស់នៅ ។
ពាក់ព័ន្ធករណីនេះ លោក ហ៊ុល សំអូន ចៅសង្កាត់និមិត្ត បានឲ្យដឹងថាៈ ដែនសមត្ថកិច្ចមូលដ្ឋាន មានប៉ុណ្ណឹង ក្នុងរឿងនេះទេ ។ វាគឺជាដែនសមត្ថកិច្ចរបស់ អន្តរក្រសួង ដោយអាជ្ញាធរខេត្ត បានចាត់ឲ្យស្រុក ក្រុង និង សង្កាត់ ចូលរួមក្នុងការចុះសិក្សា លើទីតាំង ដែលរដ្ឋាភិបាល គ្រោងបង្កើតស្ថានីយថ្លឹងរថយន្ត តែដោយពលរដ្ឋ មិនយល់ព្រម លោកក៏សូមឲ្យរដ្ឋាភិបាល មេត្តាពិចារណា តាមការស្នើរបស់ពលរដ្ឋផង។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ ប្រការដែរក្រុមអន្តរក្រសួង ចុះមកនេះ គឺមិនទាន់កំណត់ថា ត្រូវធ្វើអ្វីនៅឡើយទេ គឺក្រុមអន្តរក្រសួង គ្រាន់តែចុះសិក្សា ស្វែងយល់ពីទីតាំង និងផលប៉ះពាល់សិនតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ដែនសមត្ថកិច្ចមន្ទីរ ក៏មិនមានភារកិច្ច សម្រេចអ្វីដែរ ពោលគឺនេះ ជាការងាររបស់អន្តរក្រសួង ៕/V