តានតឹង​នៅពេល​រដ្ឋធានី​ថៃ​ប្រឈម​បាតុកម្ម​ធំៗ​បន្ថែម​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ភាព​តានតឹង​កំពុង​កើនឡើង​ជុំវិញ​ការតវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី​មនុស្ស​ជាង​៥០​នាក់​រងរបួស​ដោយ​ការប្រឈមមុខ​រវាង​ប៉ូលិស​និង​អ្នកប្រឆាំង​តវ៉ា​កាលពី​​សប្តាហ៍​មុន​នៅ​តាម​ដង​វិថី​នៃ​ក្រុង​បាងកក​។​

​ក្រោយ​ការជួបជុំ​តវ៉ា​រាប់​ខែ ដែល​ជួនកាល​ទាក់ទាញ​អ្នកចូលរួម​រាប់​ម៉ឺន​នាក់ ការតាំង​ចិត្ត​របស់​បាតុករ​កាន់តែ​រឹងមាំ ដោយ​ពួក​មេដឹកនាំ​បាតុកម្ម​ព្រមាន​ថា​ពួកគេ​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​ការស្រុះស្រួល​ទេ​។​

​ពាក្យស្លោក​និង​សម្តី​ប្រមាថ​របបរាជានិយម​កំពុង​មាន​ចំនួន​កើន​ឡើង​នៅ​ពេល​ប៉ូលិស​បង្ក្រាប​បាតុកម្ម​បានបង្ហាញ​កាលពី​សប្តាហ៍​មុន​ថា​ពួកគេ​ត្រៀម​ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​ពួក​ប្រឆាំង​តវ៉ា​។​

​សូមបញ្ជាក់​ថា ចលនា​ដឹកនាំ​ដោយ​និស្សិត​នេះ បាន​កើន​មូលដ្ឋាន​គាំទ្រ​នៅ​តាម​ដង​វិថី​ក្នុង​ក្រុង​បាងកក និង​ក្នុង​បណ្តាញ​សង្គម ហើយ​ពួក​អ្នកជំនាញការ​និយាយថា «​ពួក​អាវ​ក្រហម​» ដែល​ធ្លាប់​ជា​ក្រុម​​ដឹកនាំ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ដ៏​អ៊ូរ​អែរ​កាល​ពី​មួយ​ទសវត្សរ៍​មុន អាច​ចូលរួម​កម្លាំំង​។​

​ចលនា​នេះ​កំពុង​ទាមទារ​អោយ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ចុះចេញ​ពី​តំណែង សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​កែ​ទំរង់​របបរាជានិយម​។​

​ស៊ី​រី​ផាន ណូក​សួន សាវ៉ា​ស​ឌី សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកល​វិទ្យាល័យ ជូឡា​ឡុងកន​នៅ​ក្រុង​បាងកក​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា ចលនា​នេះ​ចាំបាច់​ត្រូវ​អោយ​អាទិភាព​លើ​ការទាមទារ​​របស់ខ្លួន និង​ផ្តោត​លើ​ភាពជា​អ្នក​ដឹកនាំ​របស់​វា​ទៅ​លើ​មេដឹកនាំ​លេចធ្លោ​មួយចំនួន បើសិនជា​ចង់​អោយ​វា​រីកចំរើន​ទៅមុខ​។​តែ​ជាមួយ​នឹង​ការទាមទារ​កែ​ទំរង់​របបរាជានិយម​ដែល​ពី​មុន​គ្មាន​នរណា​​ហ៊ាន​ប៉ះពាល់ លោក​ស៊ី​រី​ផាន បាន​និយាយថា ពួក​អ្នក​ប្រឆាំង​តវ៉ា បានអនុញ្ញាត​អោយ​កើតឡើង​នូវ​វប្បធម៌​នយោបាយ​ថ្មី​មួយ ដោយ​ជំរុញ​សេរីភាព​បញ្ចេញមតិ​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះ​​រាជាណាចក្រ​នេះ​។​

​អាជ្ញាធរ​បាន​ឆ្លើយតប​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ចលនា​នេះ​ចាប់​តាំងពី​ពេល​វា​ចាប់ផ្តើម​នៅ​ខែកក្កដា ដោយ​ដំបូង​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន បន្ទាប់​មក​ដក​ចេញ​វិញ ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង​​តវ៉ា និង​ក្រោយមក​ក៏​ដោះលែង​វិញ​។​

​ផល ឈែ​ម​ប៊ឺ នៅ​សកល​វិទ្យាល័យ​ណា​រ៉េ​សួន បាន​និយាយថា​« ចាប់​តាំងពី​ការចាប់ផ្តើម​ចលនា​នេះ​មក រដ្ឋាភិបាល​ចាត់ការ​ទៅតាម​សភាពការណ៍​ជាក់ស្តែង​»​។​

​មិន​ដូច​បាតុកម្ម​មុនៗ​ទេ ភាគច្រើនៃ​អ្នកចូលរួម​នាពេល​នេះ​ជា​អ្នករស់នៅ​ក្នុង​ក្រុង​វ័យក្មេងៗ​មក​ពី​វណ្ណៈ​កណ្តាល​។​

​អាជ្ញាធរ​មាន​ការប្រយ័ត្នប្រយែង​ខ្លាចក្រែង​ខូច​ឈ្មោះ​ថៃ​លើ​ឆាក​អន្តរជាតិ បើ​ធ្វើ​ការបង្ក្រាប​ការតវ៉ា​ប្រឆាំង​ដូច​ដែល​ខ្លួន​បាន​ធ្វើ​លើ​ពួក​អាវ​ក្រហម​នៅ​ឆ្នាំ​២០១០ ដែល​បណ្តាលអោយ​ស្លាប់​ម​នុស្ស​៩០​នាក់​នៅ​ចំ​កណ្តាល​បេះដូង​ក្រុង​បាងកក​។​

​ទោះជា​យ៉ាងណា អាជ្ញាធរ​បាន​ដំឡើង​សម្លេង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​គំរាម​ប្រើ​ច្បាប់​ទាំងអស់ រួម​ទាំង​ច្បាប់​ប្រឆាំង​ការប្រមាថ​ស្តេច​ផង ដើម្បី​ចាត់កា​រលើ​អ្នក​ប្រឆាំង​តវ៉ា​រំលោភច្បាប់​៕

​ពួក​អ្នក​ប្រឆាំង​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ​លើក​ម្រាមដៃ​៣​នៅ​ជា​និម្មិត​រូប​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការជួបជុំ​តវ៉ា​នៅ​បាងកក​នា​ពេលកន្លងមក​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular