Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រោយ​ដាក់​លប...

ក្រោយ​ដាក់​លប និង​មង ជាប់​កូន​ក្រពើៈ អ្នកស្រុក រស់នៅ​ជាប់មាត់​បឹង​ភេ ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំៈ ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ កសិករ ជា​អ្នកនេសាទ បាន​ដាក់មង​ជាប់​កូន​ក្រពើ ជា​បន្តបន្ទាប់ នៅ​ចំណុច​បឹង​ភេ ដែលជា​បឹង​ធម្មជាតិ​មួយ មាន​ទំហំ​ប្រមាណ​ជា ២៩ ហិកតា មាន​ទីតាំង​ស្របតាម បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានអោយដឹង នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថាៈ បឹង​នេះ បានផ្តល់​ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ មានការ​ដាក់មង ចង សន្ទូច បេះ​ផ្កា ផ្លែ និង​ស្លឹក​ឈូក ដក​ក្រអៅឈូក និង​ដក​ព្រលឹត យកទៅលក់​ជាដើម​។ បឹង​នេះ ក៏​ផ្តល់​ស្មៅ និង​ទឹក​ដល់​គោក្របី​ផងដែរ​។​

​ប៉ុន្តែ​ក្នុង​បឹង​ទឹក​ជ្រៅ ធំ និង​កន្លែង​ខ្លះ នៅ​ជាទី​កំបាំង​មួយ​នេះ ក៏​លេច​នូវ​បាតុភូត​ហេតុ ដូចជា​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា អ្នកនេសាទ លក្ខណៈ​គ្រួសារ បានដាក់ លប​បានកូន​ក្រពើ ចំនួន ២ ក្បាល (​ទម្ងន់ ០,៥ គ​.​ក្រ / ក្បាល​) ហើយ​កាលពី​ថ្ងៃទី​៥ និង​ទី​៧ ខែតុលា ឆ្នាំ​២០២០ កន្លងទៅនេះ អ្នកស្រុក បានដាក់​លប និង​មង នៅ​មាត់បឹង​នេះ បានកូន​ក្រពើ ពីរ​ក្បាល ( ១​ទម្ងន់ ១ គ​.​ក្រ និង ១​ទៀត ទម្ងន់ ៣ គ​.​ក្រ ) ។ រឿងនេះ កើតឡើង ក្រោយ​ទឹកសម្រក ។​

​ពលរដ្ឋ បាន​ស្នើថា បើ​បាន​ជាមាន​ករណី​កូន​ក្រពើ ជាប់​លប ជាប់​មង ចឹ​ង​ហើយ បើ​មិន​ជឿ ក៏​ហី​ទៅ​ចុះ តែ​សូម​ប្រយ័ត្នប្រយែង​ខ្លះទៅ ក៏​ម្យ៉ាងដែរ ។ ប្រយ័ត្ន​ក្រែង មាន​មេ​វា​ធំ​ដែរ តែបើ​មិនមាន ក៏​ជួយ​អរ​ទៅ​ចុះ​។​

​នៅពេល​មាន​ករណីបែបនេះ កើតឡើង អាជ្ញាធរ​ដែនដី ជាពិសេស​មន្ត្រី​ផ្នែក​ជលផល ឬក៏​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត ហាក់ដូចជា​ពុំទាន់​ ​មានប្រតិកម្ម​ ចំពោះ​បញ្ហា​នេះ នៅឡើយ​ទេ​។ ទោះបីជា​យ៉ាងណា ក៏​គប្បី​តាមដាន​អំពី​ហេតុការណ៍​នេះ ឱ្យ​បានដឹង​ជាក់ច្បាស់ ថា​បឹង​នេះ ពិតជា​មាន​សត្វ​ក្រពើ មែនឬ​?៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular