ដោយៈដេប៉ូ/ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយន្ដការប្រឡងតាមគោលការណ៍៤គឺច្បាប់ យុត្តិធម៌ តម្លាភាពនិងលទ្ធផលទទួលយកបានដើម្បីឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបខាងមុខនេះប្រព្រឹត្តិទៅរលូនល្អនិងទទួលយកបាន។ការដាក់ចេញនូវគោលការណ៍ទាំងនេះត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលានៅថ្ងៃទី២៤ខែវិច្ឆិកានេះដើម្បីឱ្យមន្ត្រីក្រសួងអប់រំដែលពាក់ព័ន្ធក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបនាខាងមុខបានទទួលការបណ្តុះបណ្តាលនិងអនុវត្តការងារបានកាន់តែប្រសើរឡើងថែមទៀត។
រូបថតៈបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ក្នុងពិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។គោលបំណងសំខាន់នៃសិក្ខាសាលដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ច្បាស់នូវយន្ដការប្រឡងតាមគោលការណ៍បួនគឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងៈ២១ ធ្នូ ២០២០ ប្រព្រឹត្តទៅដោយរលូន និងបានជោគជ័យ។
សិក្ខសាលា ក៏មានការធ្វើកិច្ចពិភាក្សាទៅលើប្រធានបទចំនួនបួន។ ១. ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ, ២. តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ,៣. តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង ៤.បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សូមបញ្ជាក់ថាដើម្បីរក្សាបាននូវគម្លាតតាមស្ដង់ដារសុវត្ថិភាពក្នុងបរិបទកូវី១៩នេះក្រសួងបានរៀបចំសិក្ខាសាលាជាពីរក្រុមគឺក្រុមពេលព្រឹកមាន១៦អង្គភាពក្រោមឱវាទក្រសួងសរុប១១០នាក់និងក្រុមពេលរសៀលមាន១២អង្គភាពក្រោមឱវាទក្រសួងសរុប១០៩នាក់។
ក្នុងពិធីនេះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនក៏បានវាយតម្លៃខ្ពស់ទៅលើកំណែទម្រង់អប់រំគឺផ្ដើមចេញពីកំណែទម្រង់ ការប្រឡងដែលធ្វើឲ្យសិស្សត្រូវតែខិតខំរៀន។ដូច្នេះកំណែទម្រង់ប្រឡងគឺមានន័យធំធេងណាស់ក្នុងការកែលម្អគុណភាពអប់រំនៅកម្ពុជា៕
រូបថតៈបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
រូបថតៈបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
រូបថតៈបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា