ដោយៈ ម៉េងឆៃ
គេនៅចាំមិនទាន់ភ្លេចទេ នោះគឺកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាសជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដឹកតាមយន្តហោះពិសេស ប្រគល់ជូនលោកនាយករដ្ឋមន្ត្រីឡាវ នៅទីក្រុងវៀងចន្ទន៍ សម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
នៅពេលនេះ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកានេះសម្តេចតេជោហ៊ុន សែន ក៏បានប្រកាសបរិច្ចាគម៉ាស ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ លើកនេះ សម្តេចតេជោ បានចាត់តាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា តាមយន្តហោះពិសេស។
ក្នុងលិខិតជម្រាបជូនលោកជំទាវ អោងសាន ស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ជាដំបូង បានសំដែងជាថ្មីម្តងទៀតនូវការអបអរសាទរដ៏ស្មោះ ស្ម័គ្រ ជូនលោកជំទាវ ចំពោះជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកល នៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ជ័យជម្នះរបស់លោកជំទាវ អោងសាន ស៊ូជីបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ពោរពេញដោយសមត្ថភាពក្នុងការដឹកនាំមីយ៉ាន់ម៉ា ឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរ ក្នុងកិច្ចផ្សះផ្សារ និងកសាងជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ អោងសាន ស៊ូជី ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេង សម្រាប់សហគមន៍អាស៊ាន។
ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ អោងសាន ស៊ូជី ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបរិច្ចាគនូវម៉ាសចំនួនពីរលាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនតាមលិខិតទៅកាន់លោកជំទាវ អោងសាន ស៊ូជី ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ សម្តេច ហ៊ុន សែន មានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា។
នេះជាទឹកចិត្តរបស់កម្ពុជា ក្នុងការចែករំលែកនូវម៉ាស និងសម្ភារៈពេទ្សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាច សាហាវ។ ទឹកចិត្តកម្ពុជាជាលើកទី២ ក្នុងរយៈពេល ១សប្តាហ៍នេះ ពិតជាបានបង្ហាញពីមុខមាត់របស់កម្ពុជា ក្នុងនយោបាយការបរទេស ពិសេសបង្ហាញកាន់តែច្បាស់ពីតួនាទី និងមុខមាត់របស់កម្ពុជា ក្នុងអាស៊ាន និងក្នុងពិភពលោក ព្រោះថា កន្លងមក មានតែប្រទេសមហាអំណាចទេ ដែលផ្តល់ជំនួយដូច្នេះបាន។
ជាការពិត ជំនួយរបស់កម្ពុជា ទៅកាន់ប្រទេសភូមា ឬមីយ៉ាន់ម៉ា នៅពេលនេះ ចំពេល ដែលមីយ៉ាន់ម៉ា កំពុងប្រឈមខ្លាំងនឹងជំងឺកូវីដ១៩។ តួលេខនៅក្នុងវេបសាយ www.worldometers.info បង្ហាញថា មកដល់ថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ទាំង ១០ គឺមីយ៉ាន់ ស្ថិតនៅលំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨០.៥០៥ ស្លាប់ ១.៧៦៥នាក់ និងជាសះស្បើយ ចំនួន ៥៩.៨៨៨នាក់។
រីឯកម្ពុជាយើង ស្ថិតនៅលំដាប់ទី៨ ក្នុងចំណោម ១០ប្រទេសសមាជិកអាស៊ាន ដែលកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៦នាក់ គិតមកដល់ថ្ងៃទី២៤វិច្ឆិកា។ ក្នុងនោះ ២៩៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយកម្ពុជា មិនមានអ្នកស្លាប់ ដោយជំងឺកូវីដ ដូចគ្នានឹងប្រទេសឡាវដែរ ដែលគ្មានអ្នកស្លាប់ដោយកូវីដ។
កន្លងមក កម្ពុជា បានទទួលជំនួយជាច្រើនពីប្រទេសជាមិត្ត ពិសេសប្រទេសចិន។ ជំនួយទាំងនោះ រួមមាន ម៉ាស និងសម្ភារៈបរិក្ខារពេទ្យ ជាដើម។ កម្ពុជា ក៏បានត្រៀមម៉ាសរាប់លាន និងសម្ភារពេទ្យជាច្រើនទៀត នៅក្នុងឃ្លាំងយុទ្ធសាស្ត្រ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បានត្រៀមទុកពីរកន្លែងធំៗ នៅក្រសួង សុខាភិបាលផង និងឃ្លាំងរបស់រាជរដ្ឋាភិបាលផង។
មុនពេលកម្ពុជាផ្តល់ម៉ាសជាង ២លាន និងបរិក្ខារពេទ្យជាច្រើនដល់ឡាវ និងដល់ប្រទេសភូមា នាពេលនេះទៀត គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់ចំនួន ២លានម៉ាស ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាត ក្នុងសហគមន៍ក្រីក្រ នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ដូច្នេះមិនត្រឹមតែស្តុកទុកសម្រាប់ប្រើប្រាស់ទេ តែរាជរដ្ឋាភិបាល ក៏បានបញ្ចេញម៉ាសចែកដល់ប្រជាជនខ្លួនឯងប្រើរួចហើយ ទើបកម្ពុជា បន្តចែករំលែក ជួយដល់ប្រទេសជាមិត្តថែមទៀត។ ពោលគឺ «កម្ពុជាជួយគ្នា ក្នុងគ្រាក្រលំបាក»៕